កូរ៉េខាងជើង ដែនដីអាថ៌កំបាំង ដែលអ្នកទេសចរគួរទៅលេងឱ្យបានម្ដង

បើនិយាយអំពីប្រទេសកូរ៉េខាងជើង តើមិត្តអ្នកអាននឹងនឹកដល់រឿងអ្វីខ្លះ? ប្រទេសកុម្មុយនីស្ត? សង្គមផ្ដាច់ការ? ការគ្រប់គ្រងដ៏កាចសាហាវ? ឬផ្ទៃមុខរបស់លោកគីម ជុង អ៊ុន? ជាមួយនឹងប្រទេសដែលមិនអនុញ្ញាតឱ្យនរណាចូលចេញងាយៗ ដែលអ្នកទេសចរត្រូវប្រតិបត្តិតាមរបៀបវិន័យដ៏តឹងរឹងនោះពិតជាមានប្រភពទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍ និងនៅស្រស់ស្អាតបរិសុទ្ធច្រើនមិនខាន។ ថ្ងៃនេះ យើងសូមនាំមិត្តអ្នកអានទៅពិនិត្យមើលកន្លែងទេសចរណ៍ 7ទីតាំងក្នុងប្រទេសកូរ៉េខាងជើងថា តើដែនដីអាថ៌កំបាំងមួយនេះ មានអ្វីល្អៗឱ្យលោកអ្នកចង់ទៅកម្សាន្តខ្លះ?

1. ក្លោងទ្វារជ័យព្យុងយ៉ាង (Arch of Triumph)
ក្លោងទ្វារជ័យព្យុងយ៉ាង ឬហៅជាភាសាកូរ៉េថា គែ សន់ ម៊ុន សាងឡើងក្នុងអំឡុងឆ្លងថ្ងៃខួបកំណើតគម្រប់70ឆ្នាំរបស់មហាបុរស គីម អីុល ស៊ុង និងជានិមិត្តសញ្ញានៃការតតាំងប្រឆាំងជប៉ុនក្នុងអំឡុងឆ្នាំ1925-1945។ ក្លោងទ្វារជ័យនេះមានកម្ពស់60ម៉ែត្រ ជាកម្ពស់ជាលំដាប់លេខ2 ក្នុងពិភពលោក បន្ទាប់ពីប្រទេសម៉ិកស៊ិក និងធំទូលាយខ្លាំងល្មមអាចឱ្យរថយន្តបើកចូល-ចេញបាន2លេនធំៗ។

2. វាំង សុរិយា គុម ស៊ូ សាន់ (Kum su san Palace of the Sun)
វាំង សុរិយា គុម ស៊ូ សាន់ ស្ថិតនៅទិសខាង កើតឆៀងខាងជើងនៃក្រុងព្យុងយ៉ាង រដ្ឋធានីរបស់ប្រទេសកូរ៉េខាងជើង ធ្លាប់ជាទីកន្លែងប្រជុំសភា និងវិមានរបស់ប្រធានាធិបតី គីម អីុល ស៊ុង ស្ថាបនិកប្រទេសកូរ៉េខាងជើងដ៏អមតៈ។ រហូតដល់ពេលអនិច្ចកម្ម ទើបទីកន្លែងនេះត្រូវបានប្ដូរមកជាកន្លែងតម្កល់សពរបស់លោក និងសពរបស់ គីម ជុង អីុល ដែលជាកូនប្រុសផងដែរ។ បច្ចុប្បន្ន វាំង សុរិយា គុម ស៊ូ សាន់ គឺជាកន្លែងតម្កល់សពដ៏ធំបំផុតដែលឧទ្ទិសដល់មេដឹកនាំកុម្មុយនីស្តដែលអ្នកទេសចរទាំងឡាយមិនគួរខកខានឡើយ។

3. ទីលាន គីម អីុល ស៊ុង (Kim IL-sung Square)
ទីលាន គីម អីុល ស៊ុង ស្ថិតនៅប៉ែកខាងលិចនៃទន្លេ ធែដុង ជាទីលានខ្នាតធំបំផុតរបស់ទីក្រុងព្យុងយ៉ាង មានផ្ទៃដីទាំងអស់ 75,000ម៉ែត្រក្រឡាដែលអាចផ្ទុយមនុស្សបានច្រើនជាង100,000នាក់។ ជាទីកន្លែងជួបជុំ និងមានភាពសំខាន់ខ្លាំងបំផុតនៅក្នុងពិធីព្យុហយាត្រាបង្ហាញពីសក្ដានុពលខាងយោធា ដែលតែងបង្ហាញឱ្យពិភពលោកបានឃើញតាមសារព័ត៌មានជាញឹកញាប់។

4. រថភ្លើងក្រោមដី ព្យុងយ៉ាង
ស្អាតជាប់ក្នុងលំដាប់ Top 10 របស់ពិភពលោក និងមានជម្រៅទៅក្រោមដីជ្រៅបំផុតក្នុងពិភពលោកដល់ទៅ110ម៉ែត្រ។ គោលបំណងដែលត្រូវសាងស្ថានីយរថភ្លើងក្រោមដីឱ្យជ្រៅខ្លាំងដល់ថ្នាក់នេះ គឺដោយសារតែត្រូវប្រើប្រាស់ធ្វើជាកន្លែងសុវត្ថិភាព គេចពីគ្រោះភ័យ បើសិនជានាពេលអនាគតកើតមានសង្គ្រាមនុយក្លេអ៊ែរឡើង និងមានខ្សែរថភ្លើងបម្រើសេវាកម្ម2ខ្សែ 17ស្ថានីយ និងក្នុងចម្ងាយផ្លូវសរុបជាង28គីឡូម៉ែត្រ។

5. ស្ដូបអនុស្សាវរីយ៍ ជូឆេ (Juche Tower)
ស្ដូបអនុស្សាវរីយ៍ ជូឆេ និមិត្តសញ្ញានៃលទ្ធិជូឆេក្នុងប្រទេសកូរ៉េខាងជើង កសាងឡើងដើម្បីទុកជាអនុស្សាវរីយ៍គម្រប់ខួប 70ឆ្នាំរបស់លោកប្រធានាធិបតី គីម អីុល ស៊ុង។ ស្ដូបនេះមានកម្ពស់ជាង170ម៉ែត្រ នៅគ្រឹះខាងក្រោមមានរូបចម្លាក់កម្មករ កសិករ និងបញ្ញជន ឈរកាន់ញញួរ កណ្ដៀវ និងជក់ បង្ហាញពីបក្សពលករនៅក្នុងកូរ៉េខាងជើង។ ពេលឡើងទៅដល់ជាន់លើ​បំផុតរបស់ស្ដូប ភ្ញៀវទេសចរ​អាចមើលឃើញ​ទេសភាព ផាណូរ៉ាម៉ា បានទូទាំងទីក្រុង លុះដល់ពេលយប់ នឹងមានភ្លើងហ្វាបាញ់បញ្ចាំងចំតួស្ដូបធ្វើឱ្យភ្លឺចិញ្ចាញលេចធ្លោក្នុងពេលរាត្រី។

6. សារមន្ទីរសន្តិភាពរបស់កូរ៉េខាងជើង (North Korea Peace Museum)
សារមន្ទីរសន្តិភាពរបស់កូរ៉េខាងជើងស្ថិតនៅជិតនឹង Joint Security Area ក្នុងតំបន់គ្មានកងទ័ពរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ កសាងឡើងដើម្បីចុះហត្ថលេខាក្នុងសន្ធិសញ្ញាបញ្ចប់សង្គ្រាមនៅថ្ងៃទី27 កក្កដា ឆ្នាំ1957 បច្ចុប្បន្នបានដាក់តាំងបង្ហាញពីសព្វាវុធដែលប្រើសម្រាប់សម្លាប់ទាហានអាមេរិកគ្រប់ប្រភេទ។

7. សារមន្ទីរផ្ទះកំណើតរបស់មហាបុរស គីម អីុល​ ស៊ុង ភូមិ ម៉ាន់ យ៉ង់ ដេ
ភូមិ ម៉ាន់ យ៉ង់ ដេ គឺជាទីកំណើតរបស់អតីតប្រធានាធិបតី គីម អីុល ស៊ុង បច្ចុប្បន្នក្លាយជាសារមន្ទីរខ្នាតតូចមួយ ហ៊ុមព័ទ្ធទៅដោយសួនច្បារដ៏ម្លប់ត្រឈៃ និងដងអូរតូចមួយ ដោយមានផ្ទះជាប់នឹងដីដាក់តាំងបង្ហាញចំនួន 3ខ្នង មានដូចជា ផ្ទះស្នាក់នៅ ផ្ទះទុកដាក់របស់របរ និងផ្ទះបាយ។ ផ្ទះមួយខ្នងៗសុទ្ធតែមានដាក់បង្ហាញរបស់របរយ៉ាងគ្រប់សព្វ រួមទាំងរូបថតក្រុមគ្រួសាររបស់លោកប្រធានព្យួរនៅតាមជញ្ជាំងទៀតផង។

មិនគួរឱ្យជឿឡើយថា ប្រទេសដែលមើលទៅហាក់ដូចជាគ្មានអ្វីដែលគួរឱ្យទៅទស្សនាកម្សាន្ត ប្រទេសដែលបិទជិត បែរខ្នងដាក់ប្រ-ជាជនទូទាំងពិភពលោកមួយនេះ បែរជាមានកន្លែងទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍ច្រើនដល់ថ្នាក់នេះសោះ។ អ្នកណាចង់ធ្វើដំណើរទៅស្វែងរកបទពិសោធថ្មីៗ ក៏សូមសាកល្បងឱ្យបានម្ដង តែត្រូវប្រតិបត្តិតាមច្បាប់ដែលគេកំណត់ ជាពិសេស ហាមថតរូបក្នុងកន្លែងដែលគេហាម តែប៉ុណ្ណឹងបានដើរលេងកម្សាន្តយ៉ាងសប្បាយចិត្ត និងត្រឡប់មកវិញយ៉ាងមានសុវត្ថិភាពហើយ៕

Advertisement