រឿង​ពិត និង​ចម្លែក «ចង់​សម្លាប់​មនុស្ស ដើម្បីឱ្យ​ម្ដាយ​មាន​មោទនភាព?!»

រឿងរ៉ាវ​ដ៏​ចម្លែក​មួយ​នេះ​បាន​កើតឡើង​នៅក្នុង​ប្រទេស​ថៃ​កាល​ខែ​កន្លងទៅ ដោយ​ជនល្មើស​ជា​យុវជន​ម្នាក់(សូម​លាក់​អត្តសញ្ញាណ​ទាំងអស់​នៅក្នុង​បទ​យកការណ៍​នេះ ដើម្បី​ចៀសវាង​ប៉ះពាល់​ដល់​តួ​បុគ្គល និង​ទីកន្លែង) មាន​វ័យ​ទើបតែ 18ឆ្នាំ ដែលមាន​អតីតកាល​ពោរពេញ​ដោយ​វិបត្តិ និង​សម្ពាធ​ផ្នែក​ផ្លូវចិត្ត​ដោយសារ​ការ​មើលងាយមើលថោក និង​ត្រូវ​ជេរ​ស្ដីបន្ទោស​រហូត​ចាំ​ជាប់​នៅក្នុង​ចិត្ត ទើប​ធំ​ឡើង​ចង់​សម្លាប់​មនុស្ស ព្រោះ​រំពឹង​ឱ្យ​ម្ដាយ​មាន​ក្ដី​មោទនភាព​ចំពោះ​ខ្លួន។

គេ​មិនដែល​ស្គាល់មុខ​ឪពុក​តាំងពី​ពេល​កើតមក មិនដែល​ដឹងថា តើ​ឪពុក​ជា​នរណា​ឡើយ។ រឿង​តែមួយគត់​ដែល​ធ្វើ​ឱ្យគេ​ស្គាល់​ពាក្យ​ថា ឪពុក​នោះ​គឺ ពាក្យសម្ដី​របស់​ម្ដាយ​គេ​ដែល​ស្រែកជេរ​បញ្ចោរ​ឡើង​ថា “មុខ..ហ្អ៉.. ដូច​អា..ច.ម្រ៉.. ហ្នុ៎​ង​អ៊ីចឹង!!” ហ្នឹងឯង​គឺជា​រឿង​តែមួយគត់​ដែល​ភ្ជាប់​រូបគេ​ទៅនឹង​ឪពុក…។

ម៉ែ គឺជា​មនុស្ស​តែ​ម្នាក់​គត់​នៅក្នុង​ជីវិត​របស់គេ ជា​មនុស្ស​ដែល​គេ​ស្រឡាញ់ ខឹង ខ្លាច និង​ស្អប់​បំផុត​នៅក្នុង​ចិត្ត។ រឿង​តែមួយគត់​ដែល​ធ្វើ​ឱ្យគេ​មាន​អារម្មណ៍​ធូរស្រាល គឺ​ការ​បាន​យក​សត្វ​ជីងចក់​មក​ធ្វើបាប​លេង។ គេ​តែង​ចាប់​សត្វ​ជីងចក់​មក​ចង​ឆ្កាង ហើយ​យក​ចុង​ខ្មៅ​ដៃ​ចាក់​វះ កាត់​ជាបំណែក។ គេ​សម្លឹងមើល​សត្វ​ជីងចក់​ដែល​ព្យាយាម​រើបម្រះ​ដើម្បីឱ្យ​រស់​ជីវិត តែ​ក៏​មិនអាច​គេច​រួច​បានឡើយ។ វា​ធ្វើ​ឱ្យគេ​មាន​សេចក្ដីសុខ​បាន​បន្តិច​ដែរ ក្រោយពី​ត្រូវ​ម្ដាយ​ស្រែកជេរ​បញ្ចោរ និង​វាយ​ទះតប់​រួចមក។

ព្រឹក​ថ្ងៃមួយ ម៉ែ​ស្រែក​គំហក និង​ធាក់​រូបគេ​ធ្លាក់​ពីលើ​គ្រែ។ គេ​ភ្ញាក់​ចេញពី​ក្ដី​សុបិន​ដែល​កំពុងមាន​អារម្មណ៍​ថា កំពុង​ស្ថិតនៅលើ​ទូក​នៅក្នុង​សមុទ្រ​ដែលមាន​រលកធំៗដូច​នៅក្នុង​ខ្សែភាពយន្ត។ “នោម​ដាក់​កន្លែងដេក​ទៀ​ត​ហើយ​ហ្អេ៎ អា..ច.ម្រ៉..! អាយុ 10ឆ្នាំ​ហើយ នៅតែ​ដេក​នោម​ដូច​ក្មេង​អាយុ 3ឆ្នាំ​ទៀត!” រួចហើយ​ម៉ែ​ទះកំភ្លៀង​គេ​មួយ​ដៃ​យ៉ាងខ្លាំង គេ​ភ្ញាក់ និង​ភ័យ​ខ្លាំងណាស់។ កន្លងមក គេ​ទ្រាំ​ទប់​នោម​មិនសូវ​បានឡើយ រៀងរាល់​យប់​គេ​តែង​យល់សប្តិ និង​រាក​នោម​ជានិច្ច ទើប​ធ្វើឱ្យ​នៅលើ​កន្លែង​គេង​ប្រឡាក់​ពេញ​ទៅដោយ​ទឹកនោម។ គេ​ដេក​នោម​ញឹកញាប់​រហូតដល់​ម៉ែ​ដេញ​គេ​ឱ្យទៅ​ដេក​នៅក្នុង​ចង្ក្រាន​បាយ។ “វា​ថី​ហ្អែ​ង?!…អត់​ចេះ​ទ្រាំ​នោម​ទេ​ហ្អី​យ៉ាងម៉េច?!”

ម៉ែ​មាន​ប្ដី​ថ្មី​ញឹកញាប់។ ម៉ែ​ជា​អ្នកលក់​នំគ្រក់​នៅក្នុង​ផ្សារណាត់ មាន​មនុស្ស​ប្រុស​មក​ទាក់ទង ហើយ​នៅ​ជាមួយគ្នា​មួយរយៈ រួច​ក៏​ទៅ​បាត់ អ្វីដែល​នៅសល់ គឺ​ការ​ពពោះ​ជាថ្មី។ មិនយូរប៉ុន្មាន គេ​ក៏បាន​ប្អូនស្រី​ម្នាក់ និង​ប្អូនប្រុស​ម្នាក់ ដែល​គេ​ក៏​មិនសូវ​ជា​ស្និទ្ធស្នាល​ជាមួយ​ប៉ុន្មាន​ឡើយ​ទោះជា​ខំព្យាយាម​យ៉ាងណាក៏ដោយ។ ម៉ែ​លក់​នំគ្រក់​បាន​ប្រា​ក់មក​ចិញ្ចឹមកូនៗ នៅសល់​ប៉ុន្មាន​ក៏​យកទៅ​ផឹកស្រា​សប្បាយ “ជីវិត​វា​ចោលម្សៀត​មែនទែន”

គេ​តាម​ម៉ែ​ទៅ​លក់​នំគ្រក់​នៅឯ​ផ្សារណាត់ ធ្វើ​គ្រប់សព្វ​តាម​ម៉ែ​បញ្ជា តែ​មិនដែល​លឿន​ជាង​ដៃ​ម៉ែ​ដែល​វាត់​ផាច់ៗមកលើ​ខ្លួនគេ​ម្ដង​ហើយ​ម្ដងទៀត​គ្រប់​ពេលដែល​គេ​ធ្វើ​ខុស​ឡើយ “អា..ច.ម្រ៉..!! ធ្វើ​អី​ឱ្យ​អញ​សប្បាយចិត្ត​ខ្លះ​ផង​បានទេ!?” ប្រយោគ​នេះ​បន្លឺ​ចេញ​មកជា​ញឹកញាប់​រហូតដល់​គេ​កើតមាន​គំនិត​បង្កប់​នៅក្នុង​ចិត្ត​ថា ត្រូវតែ​ធ្វើឱ្យ​ម៉ែ​សប្បាយចិត្ត និង​មាន​មោទនភាព​នៅ​ថ្ងៃ​ណាមួយ​ឱ្យបាន ត្រូវតែ​ធ្វើឱ្យបាន…។

នាពេល​រាត្រី​មួយ​ដែល​រូបគេ​ធំធាត់​ឡើង​ល្មម​នឹង​រត់គេច​ចេញពីផ្ទះ​បាន​ហើយ។ ខណៈពេលដែល​ម៉ែ​កំពុង​លង់លក់​ដោយ​ឥទ្ធិពល​សុរា គេ​តែងតែ​យក​ដែកកេះ​មក​ដុត​ស្មៅស្ងួតៗលេង។ គេ​មាន​សេចក្ដីសុខ​ខ្លាំងណាស់​ដែល​បានឃើញ​អណ្ដាតភ្លើង​ដែល​ឆាបឆេះ វា​ធ្វើឱ្យ​បេះដូង​របស់គេ​លោត​រណ្ដំ ញាប់​ញ័រ​ហាក់ដូចជា​មានអំណាច​យ៉ាង​មហាសាល។

អំឡុង​ពេលនោះ ផ្សារណាត់​បាន​លេចឮ​ដំណឹង​ចចាមអារ៉ាម​ពី​ការបាត់​សត្វ​ឆ្មា​ពនេចរ​ជាច្រើន​ក្បាល។ ស្ត្រី​អ្នកលក់ដូរ​ជាច្រើន​នាក់​នឹក​សង្ស័យថា តើ​អា​ពួក​សត្វ​ឆ្មា​ដែល​តែងតែ​មក​ដើររក​ចំណី​ស៊ី​ជាប្រចាំ​នោះ វា​បាត់​ទៅណា​អស់?។ គេ​ក៏​មិនដែល​និយាយ​អំពី​រឿង​អាថ៌កំបាំង​នេះដែរ ព្រោះ​កន្លងមក គេ​តែង​ជន្ល​សត្វ​ឆ្មា​ពនេចរ​នោះ​ដោយ​ចំណី ហើយ​ចាប់​វា​សម្លាប់​ដោយ​ផ្លែ​ឡា​ម​តូច​មួយ។ សេចក្ដីសុខ​ដែល​បានឃើញ​ពួកវា​កំពុងតែ​ដាច់ខ្យល់​ងាប់ និង​ឈាម​ក្រហមច្រាល​ធ្វើ​ឱ្យគេ​ញញឹម​យ៉ាង​មាន​សេចក្ដីសុខ រួចហើយ​ទើប​នាំយក​សាកសព​ឆ្មា​នោះ​ទៅ​បោះចោល​នៅក្នុង​ធុងសំរាម ដាក់​ក្នុង​ថង់​ខ្មៅ និង​ចង​មាត់​យ៉ាង​ជិត។ បើ​ម៉ែ​ដឹង ម៉ែ​អាច​នឹង​សប្បាយចិត្ត…។

ក្នុង​រាត្រី​នៃ​ក្ដី​រសាប់រសល់​មួយ គេ​សាកល្បង​កេះ​ដែកកេះ ហើយ​បណ្ដោយឱ្យ​អណ្ដាតភ្លើង​ឆេះ​រាល​ទៅលើ​សំណង់​ឈើ​ដែលជា​ប៉ម​យាម​តូច​មួយ។ ភ្លើង​ឆេះ​ថ្គោល​ឡើង​យ៉ាង​ឆាប់រហ័ស គេរ​ត់ទៅ​ពួន​លបមើល​ពី​ចម្ងាយ។ មាន​អ្នកស្រុក​ម្នាក់​ធុំក្លិន​ផ្សែងភ្លើង ក៏​ប្រញាប់​ស្រែក​ប្រកាស​ដាស់​មនុស្ស​គ្រប់គ្នា​ឱ្យមក​ជួយ​ពន្លត់ភ្លើង។ គេ​លប​មើលឃើញ​ហើយ​មាន​អារម្មណ៍​ថា ដូច​បាន​គ្រប់គ្រង​លើ​អ្វី​ម្យ៉ាង ដូច​បាន​សម្ដែង​ជា​តួ​អ្វីមួយ​ដែល​ក្នុង​ជីវិត​របស់គេ​មិន​ធ្លាប់មាន​អារម្មណ៍​បែបនេះ​ពីមុនមក​ឡើយ។ ខ្លួនគេ​នេះ​មាន​អានុភាព​ខ្លាំង​លើស​ពាក្យ​ថា “អាចង្រៃ” ដែល​ម៉ែ​តែងតែ​ហៅ​ជាប្រចាំ​ទៅទៀត។ បើ​ម៉ែ​ដឹងថា គេ​ចេះ​ជប់​អណ្ដាតភ្លើង​ដោយ​ចុង​ម្រាមដៃ​បាន​បែបនេះ ម៉ែ​ប្រហែល​ជាមាន​មោទនភាព​លើ​រូបគេ​ខ្លាំងណាស់​មើលទៅ។ ម៉ែ​ត្រូវតែមាន​មោទនភាព​ដែល​កូនប្រុស​ម្នាក់នេះ​ធ្វើឱ្យ​មនុស្ស​ទូទាំង​ទីប្រជុំជន​ភិតភ័យ​ញាប់​ញ័រ។ ខណៈដែល​មនុស្ស​គ្រប់គ្នា​កំពុងតែ​កោលាហល គេ​បែរជា​ឈរ​ស្ងៀម​គ្មាន​នរណាម្នាក់​សង្ស័យ ម៉ែ​ច្បាស់​ជាមាន​មោទនភាព​ប្រាកដ​ណាស់…។

នៅ​ទីបំផុត គេ​ក៏​បានដឹង​ពី​ខ្លួនឯង​ហើយ​ថា រូបគេ​មាន​ប្រសិទ្ធភាព​ខ្លាំងណាស់ និង​ទីបំផុត​គេ​ក៏​បានដឹង​ទៀត​ដែរ​ថា តើ​រឿង​អ្វីដែល​នឹងធ្វើ​ឱ្យ​ម៉ែ​សប្បាយចិត្ត និង​មាន​មោទនភាព ព្រោះ​តាំងពី​យប់​កើតរឿង​នោះមក ម៉ែ​មិនដែល​ជេរ​បញ្ចោរ វាយ​ទះតប់​គេ​ទៀតឡើយ។ ចាប់តាំងពី​គេ​សម្លាប់សត្វ​ឆ្មា លួច​ដុត​ប៉ម​យាម​មក ម៉ែ​គ្រាន់តែ​សម្លឹង​មើលមុខ​គេ​ដោយ​ក្ដី​សង្ស័យ តែ​មិនបាន​និយាយ​អ្វី​ឡើយ។ មិនយូរប៉ុន្មាន និង​មិនយូរប៉ុន្មាន​តម​កទៀត ជីវិត​របស់​យុវជន​វ័យ 18ឆ្នាំ​ម្នាក់នេះ​ក៏ត្រូវ​ចេញ-ចូល​ប៉ុស្តិ៍​ប៉ូលិស​ជា​ញឹកញាប់។ លួច ឆក់ លូក-វះ​កាបូបស្រីៗនៅក្នុង​រថយន្តក្រុង​ជាប្រចាំ និង​ត្រូវគេ​រោម​វាយ​ទាត់​ធាក់ មុននឹង​ចាប់​បញ្ជូនទៅ​ប៉ុស្តិ៍​ប៉ូលិស ជា​កន្លែង​ដែល​គេ​តែងតែ​ត្រូវបាន​ធានា​ចេញមក​វិញ ដោយសារតែ​ម៉ែ​របស់គេ​ជា “ប្រពន្ធចុង​លួចលាក់” របស់​អធិការរង​ម្នាក់​នៅ​ទីនោះ។

គេ​សន្សំ​គំនុំ​ចំពោះ​អា​ព្រូ​ឡានក្រុង ដែល​តែងតែ​វាយ​ធ្វើបាប​រូបគេ​នៅពេល​ត្រូវ​ចាប់ខ្លួនបានម្ដងៗ ដូចជា​លើកចុងក្រោយ​បំផុត​នេះ វា​បាន​ដាល់​មុខ​គេ​រហូត​ភ្នែក​ស្ដាំ​ឡើង​ហើម​ជាំ និង​បិទ​ជិត មើល​អ្វី​មិនឃើញ​ជិត​មួយអាទិត្យ។ គេ​សម្រេចចិត្តថា ត្រូវតែ​សងសឹក…។

ក្នុង​យប់​មួយ​ដែល​គេ​តាម​សង្កេត គេ​ឃើញ​អា​ព្រូឡាន​នោះ​កំពុង​អង្គុយ​ផឹក​ស្រាស​ជាមួយ​មិត្ត​ភ័ក្តិ គេ​ក៏​ទន្ទឹងរង់ចាំ។ លុះ​វង់​ស្រា​បំបែក​គ្នា គេ​ក៏​លប​តាម​ពីក្រោយ ព្រោះ​ជាម​នុស្ស​ដែល​រស់នៅក្នុង​សំណង់​អនាធិបតេយ្យ​ជាមួយគ្នា និង​ធ្លាប់​ឮ​វា​អួតថា ធ្លាប់បានអីៗជាមួយ​ម៉ែ​ទៀតផង។ គេ​លប​ដើរ​តាម​ពីក្រោយ​វា​ដែល​ដើរទ្រេតទ្រោតៗជិត​ទៅដល់​ផ្ទះ​ហើយ។ តែ ហ្អា៎? គឺជា​ផ្ទះ​របស់គេ ហើយ​អា​ព្រូឡាន​នោះ​ថែមទាំង​ប្រុង​វាយ​ធ្វើបាប​ម៉ែ​ទៀតផង។ វិនាទី​នោះឯង គេ​សម្រេចចិត្ត​យ៉ាង​រហ័ស កាំបិតកៃ​ក្ដាប់ជាប់​នៅក្នុង​ដៃ រួច​ហើយក៏​ហក់​ចូលទៅ​ភ្ជង់​ខ្នង​អា​ព្រូឡាន​នោះ តែដោយសារ​តែ​កំហឹង និង​ក្ដី​គុំកួន​ដែល​នៅតែ​ក្ដៅ​ពុះ​គគុក​នៅក្នុង​ចិត្ត​នោះ គេ​ក៏​បុក​មួយ​កាំបិត​យ៉ាងខ្លាំង​ចំ​កណ្ដាល​ខ្នង​អា​ព្រូឡាន​នោះ​ពេញ​មួយ​ទំហឹង។ កាំបិត​ដោត​ជាប់​កណ្ដាល​ខ្នង តែ​ដោយ​ក្ដី​ភ្ញាក់ផ្អើល ក៏​ប្រញាប់​ដក​កាំបិត​ចេញមក​វិញ ព្រមជាមួយ​សម្រែក​រប​ស់អា​ព្រូឡាន​នោះ។ គេ​ព្យាយាម​ធ្វើឱ្យ​អា​ព្រូឡាន​នោះ​ឈប់​ស្រែក​ដែល​អាច​នឹង​ដាស់​អ្នក​ទៀត​ឱ្យ​ភ្ញាក់​បាន​នោះ ដោយ​ការ​ចាក់ទៅលើ​ខ្លួន​វា ចាក់-ដក ចាក់-ដក​ជាច្រើន​កាំបិត។ មាន​អារម្មណ៍​ថា​បាន​ទម្លាយ​កំហឹង​យ៉ាងច្រើន…។ មិនយូរប៉ុន្មាន ឈាម​ហូរ​ក្រាល​ពេញ​កម្រាល​ឥដ្ឋ អា​ព្រូឡាន​នោះ​ដាច់ខ្យល់​ស្លាប់​នៅ​ទីបំផុត។

គេ​ភ្ញាក់ផ្អើល បោះ​កាំបិត​ចោល ព្យាយាម​ប្រុង​រត់គេច តែ​ត្រូវ​អ្នកភូមិ​ដែល​ភ្ញាក់​ឡើងមក​រោម​ព័ទ្ធ​ចាប់បាន ត្រូវ​ទាត់​ធាក់ និង​ត្រូវ​ចាប់ខ្លួន​យកទៅ​ប៉ុស្តិ៍​ប៉ូលិស។ អ្នកសារព័ត៌មាន​ដែល​នៅក្នុង​បន្ទប់​ស៊ើបសួរ សួរនាំ​គេ​ដោយ​ពាក្យសំដី​គំរោះគំរើយ​ដូចគ្នា​នឹង​ប៉ូលិស​ដែរ។ គេ​ឆ្លើយ​រៀបរាប់​ទៅតាម​ការពិត។ មិនយូរប៉ុន្មាន​គេ​ក៏ត្រូវ​នាំខ្លួន​ទៅ​តុលាការ ហើយ​ឆ្ពោះទៅ​ពន្ធនាគារ​ជា​លើកដំបូង ដែល​នៅពេលនោះ​ម៉ែ​បាន​ប្រាប់ថា “អត់ធន់​ណា៎​កូន ម៉ែ​រង់ចាំ​កូន​ជានិច្ច”។ គេ​សង្កេតឃើញ​ទឹកមុខ​ម៉ែ មាន​មោទនភាពតិចៗដែរ។ ទីបំផុត គេ​ក៏​ធ្វើឱ្យ​ម៉ែ​មាន​មោទនភាព​ចំពោះ​កូនប្រុស​ម្នាក់នេះ​បាន​ហើយ។

ថ្ងៃ​ដំបូង​នៅក្នុង​ពន្ធនាគារ គេ​ភ័យ ហើយ​ខ្លាច​ជាទីបំផុត តែ​ក្ដី​រីករាយ​សប្បាយចិត្ត​ពី​ការ​បានសម្លាប់​មនុស្ស ធ្វើ​ឱ្យគេ​សឹងតែ​គេង​ញញឹម រឹតតែ​នឹកឃើញ រឹតតែ​ពេញចិត្ត​ខ្លួនឯង។ បងធំ​នៅក្នុង​គុក​សម្លឹង​ឃើញ​ហើយ ក៏​ចាប់ផ្ដើម​ដឹងថា គេ​គឺ​ពិតជា​មហា​ឃាតករ​យ៉ាងពិត​ប្រាកដ គេ​អាច​សម្លាប់​មនុស្ស​បាន​យ៉ាង​ងាយ ឱ្យតែ​គេច​ង់​ធ្វើ។ បងធំ​ចាប់ផ្ដើម​បង្រៀន​គេ​ឱ្យដឹងថា ការបោកប្រាស់ ក្លែងបន្លំ​ទឹកមុខ​ត្រូវធ្វើ​យ៉ាងណា។ គេ​ធ្វើតាម​ទាំងអស់។

ហើយ​នៅ​ទីបំផុត ទោស​ជាប់ពន្ធនាគារ​ដែល​មិនយូរប៉ុន្មាន​នោះ ក៏ត្រូវ​បានបញ្ចប់…។

គុក​បាន​បង្ហាត់បង្រៀន​គេ​ជាច្រើន​យ៉ាង…បើសិនជា​ចង់​សម្លាប់​ន​ណា​ម្នាក់…ត្រូវឱ្យ​វា​ល្អិតល្អន់​ជាង​នេះ​បន្តិច។ គេ​យល់ និង​ចងចាំ​យ៉ាងច្បាស់។

រាត្រី​ដំបូង​ដែល​ចេញពី​គុក គេ​ឃើញ​ស្រី​ក្រមុំ​ម្នាក់​ស្លៀក​ឈុត​ជា​និស្សិត​ដើរចូល​ទៅក្នុង​ផ្លូវឌឿងហែម​មួយ​តែម្នាក់ឯង។ គេ​ចង់​សាកល្បង​មុខវិជ្ជា​ដែល​បាន​រៀន​ពី​ក្នុង​គុក​មកជា​លើកដំបូង។ លើក​នេះ គេ​ប្រើ​កាំបិត​វែង និង​មុត​ជាង​មុន ទុក​សម្លុត​ដើម្បី​ធ្វើឱ្យ​ជនរងគ្រោះ​ភ័យ​ភាន់ភាំង ហើយ​បើ​ជនរងគ្រោះ​ស្រែក ការ​ត្រូវ​បញ្ឈប់ និង​គ្រប់គ្រង​ជនរងគ្រោះ​នោះ មិនមែនជា​រឿង​ពិបាក​ឡើយ ព្រោះ​ធ្លាប់​ឆ្លងកាត់​សាកសព​មួយ​រួចមកហើយ ដូច្នេះ​សាកសព​បន្តទៅទៀត​ប្រហែលជា​មិន​ពិបាក​អ្វី​ឡើយ។ គេ​បិទ​ភ្នែក ហើយ​នឹក​នៅក្នុង​ចិត្ត មុននឹង​ចាប់ផ្ដើម​សកម្មភាព​រំលោភ​សម្លាប់​ថា…”ម៉ែ…កូន​នឹង​ធ្វើឱ្យ​ម៉ែ​មាន​មោទនភាព​ចំពោះ​រូប​កូន​ម្ដងទៀត”

ប្រែ​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

Advertisement