ទៅលេងទីក្រុងជាប់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត Gold Coast ប្រទេសអូស្ត្រាលី

Gold Cost គឺជាទីក្រុងជាប់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតដែលមានទីតាំងនៅក្នុងរដ្ឋ Queensland ប្រទេសអូស្ត្រាលី ហើយភ្ញៀវទេសចរ៍ប្រមាណ១០លាននាក់បានមកកម្សាន្តនៅក្នុងទីក្រុងដ៏ទំនើបមួយនេះជារៀងរាល់ឆ្នាំ។ Gold Coast ត្រូវបានគេទទួលស្គាល់ថាជាទីក្រុងមួយដែលសម្បូរទៅដោយឆ្នេរដ៏ស្រស់ស្អាតជាច្រើនស្ទើរចាំមិនអស់។

ប្រសិនបើអ្នកអញ្ជើញទៅកម្សាន្តនៅទីក្រុង Gold Coast អ្នកនឹងទទួលបាននូវទិដ្ឋភាពថ្មីសន្លាង ស្រលះភ្នែក ស្រស់ស្រាយក្នុងអារម្មណ៍ ដោយសារតែទេសភាពដ៏ស្រស់ត្រកាលនៃឆ្នេរសមុទ្រពណ៌ខៀវស្រងាត់ដាច់កន្ទុយភ្នែក និងឆ្នេរខ្សាច់ពណ៌មាសដ៏ស្រស់ស្អាតខ្នាតអន្តរជាតិ។

នៅក្នុងទីក្រុងជាប់ឆ្នេរសមុទ្រនេះ អ្នកក៏អាចទៅកម្សាន្តនៅកន្លែងដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនកន្លែងទៀតដូចជាៈ កោះ Stradbroke ខាងត្បូង, កំពង់ផែ The Spit, ឆ្នេរខ្សាច់ Main, ឆ្នេរស្ថានសួគ៌ Surfers, ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត Broad beach, ឆ្នេរ Mermaid, ឆ្នេរ Nobby, ឆ្នេរ Miami, ឆ្នេរ Burleigh, ឧទ្យានជាតិ Burleigh Heads, ឆ្នេរ Tallebudgera, ឆ្នេរ Palm, ឆ្នេរ Currumbin, សាល Tugun, ឆ្នេរ Billnga, ឆ្នេរ Kirra, ទីក្រុងឆ្នេរ Coolangatta, ឆ្នេរ Greenmount, ឆ្នេរ ្Rainbow Bay, តំបន់ថ្មដុះ Snapper Rocks និងឆ្នេរ Froggies ជាដើម។ នៅទីក្រុង Gold Coast ក៏មានឆ្នេរមួយឈ្មោះថា Duranbah ជាឆ្នេរខ្សាច់ដ៏ល្បីល្បាញ ដែលភ្ញៀវទេសចរភាគច្រើនតែងនិយមទៅសម្រាកកាយ និងកម្សាន្តជាមួយ នឹងការជិះទូកក្តោងលេងយ៉ាងសប្បាយរីករាយ ដោយសារនៅទីនោះទាំងទីកន្លែងទាំងផ្ទៃទឹក និងទាំងអាកាសធាតុគឺមានអំណោយផលដល់ការជិះទូកក្តោងលេងជាខ្លាំង។

មិនថាការកម្សាន្តបែបណានោះទេ នៅក្នុងទីក្រុងជាប់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនេះ ពិតជាអាចផ្តល់ឱ្យអ្នកនូវអារម្មណ៍ដ៏ស្រស់ថ្លា និងសប្បាយ រីករាយគ្រប់ពេលវេលា ជាមួយនឹងទីកន្លែងកម្សាន្តដ៏សម្បូរបែប និងកន្លែងសម្រាកកាយដ៏ស្រស់សោភាដូចអ្នកបានទៅដល់ស្ថានសួគ៌ាដ៏ស្រសស្អាតលើសពីការពិពណ៌នាទៅទៀត។ នៅទីនោះអ្នកក៏អាចជ្រើសរើសរបៀបនៃការកម្សាន្តប្រកបដោយភាពសប្បាយរីករាយ ទៅតាមចំណង់ចំណូលចិត្តរបស់អ្នកថែមទៀតផង។ អ្នកក៏អាចទៅទស្សនាការសម្តែងបែបប្រពៃណីរបស់ជនជាតិដើមនៅលើឆ្នេរខ្សាច់ដ៏ស្រស់ស្អាត នៅពេលរាត្រីដ៏សែនមនោរម្យជាមួយគូស្នេហ៍របស់អ្នក ឬជាមួយក្រុមគ្រួសារប្រកបដោយភាពរ៉ូមែនទិកក្រៃលែង ហើយអ្នកអាចដើរលេងតាមឆ្នេរខ្សាច់នាពេលថ្ងៃរៀបលិច ឬថ្ងៃរៀបរះ, ញ៉ាំអាហារប្លែកៗនៅលើកោះ និងអាហារនៅក្នុងតំបន់នីមួយៗនៅក្នុងទីក្រុង Gold Coast, ដើរមើលពីជីវិត និងការរស់នៅរបស់សត្វព្រៃ, ស្ប៉ាខ្លួនបែបធម្មជាតិ ដើម្បីថែរក្សាសម្រស់ និងជួយអ្នកបន្ធូរអារម្មណ៍ពីការនឿយហត់ផ្សេងៗ, ជួលម៉ូតូ ឬរថយន្តជិះលេងជុំវិញទីក្រុង និងការចូលលេងកម្សាន្តជាមួយល្បែងប្លែកៗរបស់ប្រជាជននៅក្នុងតំបន់-ល-។

ការទៅកម្សាន្តនៅក្នុងទីក្រុង Gold Coast ប្រទេសអូស្ត្រាលីគឺពិតជាមិនធ្វើឱ្យអ្នកខកបំណងនោះទេ ដោយសារតែភាពល្អឥតខ្ចោះនៃទេសភាព និងទីកន្លែងកម្សាន្តបែបធម្មជាតិដ៏សម្បូរបែប ផ្តល់នូវជម្រើសជាច្រើនទៅដល់ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ ដែលទៅកម្សាន្តនៅលើទីដីជាប់ឆ្នេរសមុទ្រដ៏ល្បីល្បាញមួយនេះ៕

Advertisement