វិធីថែរក្សា “អវយវៈដែលដាច់ចេញពីខ្លួន” ដើម្បីទុកឱ្យពេទ្យតភ្ជាប់ឡើងវិញ

វិវឌ្ឍនាការក្នុងយុគសម័យនេះមិនដូចកាលពីសម័យមុនដែលបើមានអវយវៈណាមួយដាច់ចេញពីខ្លួនហើយ គឺដាច់ទៅតែម្ដង មិនអាចបណ្ដុះកោសិកាឱ្យដុះឡើង និងប្រើការបានដូចដើមវិញឡើយ តែការនឹងតភ្ជាប់អវយវៈណាមួយដែលដាច់ទៅហើយឱ្យត្រឡប់មកប្រើការបានដូចដើមវិញ ក៏មិនមែនជារឿងងាយដូចការគិតដែរ ព្រោះនៅមានបច្ច័យច្រើនយ៉ាងដែលជាអ្នកកំណត់ថា ការវះកាត់តភ្ជាប់អវយវៈផ្សេងៗនោះនឹងសម្រេចបានដោយជោគជ័យឬអត់។ ខាងក្រោមនេះជាចំណេះដឹងត្រួសៗចំពោះរឿងនេះដែល ឡារ៉ែន ចង់ឱ្យមិត្តអ្នកអានបានជ្រាបខ្លះៗ…។

ការវះកាត់តភ្ជាប់អវយវៈ
វេជ្ជបណ្ឌិតជំនាញខាងផ្នែកវះកាត់តភ្ជាប់អវយវៈបានអធិប្បាយថា ការវះកាត់តអវយវៈ មានន័យថា ការវះកាត់ភ្ជាប់អវយវៈដូចជា ដៃ ជើង ដៃ ម្រាម និងអវយវៈភេទ ក្រោយពីអវយវៈទាំងនោះត្រូវបានធ្វើឱ្យដាច់ចេញពីគ្នា ឬដាច់ចេញពីគ្នាត្រឹមតែមួយផ្នែកណាដោយពេទ្យនឹងធ្វើការតភ្ជាប់សរសៃឈាម ឬសាងសរសៃឈាមឡើងថ្មី ដើម្បីឱ្យឈាមហូរទៅចិញ្ចឹមសាច់ភ្នាសផ្នែកដែលនៅចុងអវយវៈដែលតនោះឱ្យនៅតែធ្វើការងារបានដូចប្រក្រតី។

អវយវៈដែលអាចវះកាត់តភ្ជាប់មកវិញដូចដើមបាន មានដូចជា ម្រាមដៃ ម្រាមជើង ម្រាមតែមួយ ឬច្រើនម្រាម ប្រអប់ដៃ ដៃទាំងមូល និងជើង។

វិធីជួសង្រេ្គាះអ្នករបួសដាច់អវយវៈ
1. យកក្រណាត់ស្អាត ឬស្បៃរុំរបួសមកសង្កត់បិទមុខរបួសឱ្យណែន ដើម្បីឃាត់ឈាមព្រោះនៅពេលដាច់អវយវៈណាមួយ ឈាមនឹងហូរចេញមកច្រើន ត្រូវប្រញាប់ឃាត់ឈាមមុនពេលអ្នករបួសមានអាការគាំងបាត់ស្មារតីបណ្ដាលមកពីការខ្វះឈាម។

2. សង្កេតមើលថា តើនៅមានផ្នែកណាមួយរបស់អវយវៈនៅជាប់នឹងរាងកាយអ្នករបួសឬទេ? បើនៅមិនទាន់ដាច់ចេញពីរាងកាយទាំងអស់ទេ ត្រូវចាប់ទ្រឱ្យអវយវៈនោះឡើងឱ្យស្ថិតក្នុងលក្ខណៈដើម កុំទាញទៅមកដែលនាំឱ្យសាច់ភ្នាសនៅត្រង់កន្លែងដាច់រយះនោះកាន់តែខូចខាតធ្ងន់ធ្ងរឡើង។

3. អំឡុងពេលដែលអ្នករបួសកំពុងបានទទួលការឃាត់ឈាម គួរប្រញាប់ទាក់ទងទៅមន្ទីរពេទ្យ សួរបញ្ជាក់ឱ្យប្រាកដក្នុងចិត្តថា មានពេទ្យដែលជួយវះកាត់តអវយវៈនៅប្រចាំការក្នុងមន្ទីរពេទ្យនោះ ឬទេ ដើម្បីកុំឱ្យត្រូវដឹកអ្នករបួសទៅមន្ទីរពេទ្យណាផ្សេងទៀតចុះឡើង។

4. រក្សាទុកអវយវៈដែលដាច់នោះឱ្យត្រឹមត្រូវតាមវិធី។

វិធីរក្សាអវយវៈដែលដាច់ ដើម្បីយកទៅឱ្យពេទ្យតភ្ជាប់ឡើងវិញ
យកអវយវៈដែលដាច់នោះដាក់ក្នុងថង់ប្លាស្ទិកដែលស្អាត ចងមាត់ថង់ឱ្យណែន កុំឱ្យវត្ថុរាវ (ទឹក) ចូលទៅក្នុងថង់បាន បន្ទាប់ពីនោះយកទៅដាក់ត្រាំក្នុងប្រអប់ ឬធុង ឬថង់ដែលមានដាក់ទឹកកក និងទឹកនៅខាងក្នុង ដោយឱ្យអវយវៈនោះទាំងមូលស្ថិតនៅក្នុងទឹកត្រជាក់នោះទាំងអស់។ សីតុណ្ហភាពដែលស័ក្តិសមក្នុងការត្រាំអវយវៈដាច់នោះគឺ 4 អង្សា C។

មិនគួរដាក់ត្រាំអវយវៈដែលដាច់នោះនៅក្នុងទឹកត្រជាក់ដោយផ្ទាល់ ដោយមិនច្រកចូលក្នុងថង់ប្លាស្ទិកជាមុនសិននោះទេ។

តើអាចត្រាំអវយវៈដែលដាច់នោះនៅក្នុងទឹកត្រជាក់បានយូរប៉ុនណា?
អវយវៈធំៗ ដូចជា ជើង ដៃ ឬប្រអប់ដៃទាំងមូល អាចធន់នឹងការខ្វះឈាមនៅក្នុងថង់ក្នុងទឹកត្រជាក់ ដែលមានសីតុណ្ហភាព 4 អង្សា C បានយូរដល់ទៅ 6-8ម៉ោង។ ចំណែកអវយវៈតូចៗ ដូចជាម្រាមដៃជាដើមនោះ អាចធន់ទ្រាំនឹងការខ្វះឈាមបានយូរដល់ទៅ24ម៉ោងមុននឹងត្រូវពេទ្យយកមកវះកាត់តភ្ជាប់ឡើងវិញ។

អវយវៈដែលត្រាំទឹកត្រជាក់មកហើយនោះពិតជាអាចតភ្ជាប់ឡើងវិញបានមែនឬ?
ទោះជាការជ្រើសរើសយកការថែរក្សាអវយវៈដែលដាច់ទុកឱ្យពេទ្យយកមកវះកាត់តភ្ជាប់ឡើងវិញ គឺជារឿងដែលល្អគួរធ្វើក៏ពិតមែន តែក៏មិនប្រាកដច្បាស់ជាប់ជានិច្ចថា ពេទ្យនឹងអាចវះកាត់តភ្ជាប់អវយវៈនោះឱ្យត្រឡប់មកប្រើការបានល្អដូចដើមវិញដែរ ព្រោះវាអាស្រ័យលើសភាពរបស់អវយវៈដែលដាច់នោះផងដែរថា តើសាច់ភ្នាស សរសៃឈាម សាច់ដុំផ្សេងៗមានភាពខូចខាតច្រើនតិចប៉ុនណា? (ដូចជា ករណីរបស់ដៃដែលត្រូវម៉ាស៊ីនកិនសាច់ជ្រូកធ្វើឱ្យខូចខាត បើសិនជាខូចខាតខ្លាំងជ្រុលពេល ក៏ពិបាកក្នុងការវះកាត់ដែរ) ការថែរក្សាអវយវៈដែលដាច់នោះធ្វើបានត្រឹមត្រូវតាមវិធីឬទេ? ភាពស្អាតគ្មានមេរោគប្រឡាក់ប្រឡូសរបស់អវយវៈដែលដាច់នោះមុនធ្វើការវះកាត់តភ្ជាប់ (ដូចជា អវយវៈដែលដាច់នោះធ្លាក់ចូលទៅក្នុងទឹកជ្រាំក្រោយពេលជួបគ្រោះថ្នាក់) ជាដើម៕

Advertisement