តើ​អ្នក​ចាំបាច់​ត្រូវ “បន្ទោបង់” រាល់ថ្ងៃ​ឬ?

រឿង​បន្ទោបង់(បត់​ដៃ បត់ជើង)នឹង​គិត​វា​ជា​រឿង​តូចតាច​ក៏​ថា​បាន តែបើ​សិន​ជាការ​បន្ទោបង់​ដំណើរ​ការមិន​ប្រក្រតី​វិញ​នោះ វា​អាចធ្វើឱ្យ​យើង​មិន​ស្រួល​សប្បាយខ្លួន មិន​ស្រួល​ពោះ និង​អាច​រំខាន​ទៅដល់​ការទទួល​ទាន​អាហារ ការរំលាយ​អាហារ​​ និង​មាន​ក្ដី​ទុក្ខវេទនា​ពី​អាការ “ទល់លាមក” ឬ​កើតរោគ “ឫសដូងបាត” ទៀតផង។ តែ​ការណ៍​នឹង​ធ្វើឱ្យ​រាងកាយ​មាន​ប្រព័ន្ធ​បន្ទោបង់​ដែល​ល្អក៏​អាចជា​រឿង​លំបាក​ដែរ​សម្រាប់​មនុស្ស​ជាច្រើន។

អ្នកជំនាញ​ខាង​ផ្នែក​ប្រព័ន្ធ​រំលាយ​អាហារ​បាន​បញ្ជាក់ថា “រាងកាយ​របស់​មនុស្ស​យើង​មាន​ភាពស្មុគស្មាញ ការធ្វើការងារ​របស់​អវយវៈផ្សេងៗរបស់​មនុស្សម្នាក់ៗអាច​នឹងមាន​ភាពខុស​ប្លែក​គ្នា​បន្តិចបន្តួច មិនថាតែ​រឿង​ការ​គេង​សម្រាក​លង់លក់ ការ​បន្ទោបង់​ទាំង​ធំ និង​តូច ជា​រឿង​ដែល​មើលទៅ​ហាក់ដូច​ជាធម្មតា​សម្រាប់​មនុស្ស​ជាច្រើន​នោះ អាច​នឹង​ក្លាយជា​រឿង​លំបាក​សម្រាប់​មនុស្ស​មួយចំនួន​បាន ជាពិសេស​រឿង “បន្ទោបង់”។ អ្នកខ្លះ​អាចមាន​អារម្មណ៍​ថា ក្នុង 1ថ្ងៃ​ត្រូវ​បន្ទោបង់​យ៉ាងតិច 1ដង ព្រោះ​បើសិនជា​ពេញ​មួយថ្ងៃ មិន​បន្ទោបង់​សោះ​នោះ នឹងមាន​អារម្មណ៍​ទើសទាល់ណែនៗពោះ និង​អាច​ហុច​ផល​ឱ្យនៅ​ថ្ងៃ​បន្ទាប់មក​ធ្វើឱ្យ​ពិបាក​បន្ទោបង់ ឬ​បន្ទោបង់​ពិបាក​ខ្លាំង រហូត​អាច​កើត​អាការ​ទល់លាមក​ទៀតផង តែ​អ្នកខ្លះ​កន្លងមក 2 – 3ថ្ងៃ​ទើប​បត់ជើង​ម្ដង តែ​ក៏​បន្ទោបង់​បាន​យ៉ាង​ងាយស្រួល​ដោយ​មិនមាន​អារម្មណ៍​ថា​ពិបាក​អ្វី​ឡើយ ដូច្នេះហើយ​ទើប​រឿង​របស់​ការ​បន្ទោបង់​សម្រាប់​មនុស្សម្នាក់ៗហាក់ដូចជា​ខុសប្លែក​ពីគ្នា និង​ច្រើនបែប​ច្រើនយ៉ាង​តាម​ការធ្វើការ​របស់​ប្រព័ន្ធ​បន្ទោបង់ រួមទាំង​ដំណើរ​ជីវិត អាហារ​ការហូបចុកផ្សេងៗជាដើម​ផងដែរ”។

ចំនួន​ដង​នៃ​ការ​បន្ទោបង់​ដែល​ស័ក្តិសម​របស់​មនុស្សម្នាក់ៗក៏​ហាក់ដូចជា​ខុសប្លែក​ពីគ្នា​ខ្លាំងដែរ។ តាមរយៈ​របាយការណ៍​ពី​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បាន​រកឃើញថា ការ​បន្ទោបង់​ដែល​ល្អ​ដល់​សុខភាព​រាងកាយ​ខ្លាំង​បំផុត នឹង​ស្ថិតក្នុង​ចំនួន​តាំងពី3ដង​ក្នុង​មួយថ្ងៃ រហូត​ទៅដល់3ដង​ក្នុង​មួយ​សប្ដាហ៍ និង​តិចជាង 40%ដែល​បាន​រកឃើញថា មាន​អ្នក​បន្ទោបង់​មួយថ្ងៃ 1ដង។

យ៉ាងណាក៏ដោយ ចំនួន​ដង​របស់​ការ​បន្ទោបង់​អាចពាក់ព័ន្ធ​នឹង​អាការ​របស់​រោគ​ឆ្លង​ប្រភេទ​ខ្លះ​ដែរ ដូចជា រោគ​រាករូស(ដែល​ធ្វើឱ្យ​មានការ​បន្ទោបង់​ច្រើនដង) មហារីក(បន្ទោបង់​ចេញមក​ជា​ឈាម) ឬ​បើសិនជា​គ្មាន​ការ​បន្ទោបង់​សោះ ក៏​អាចជា​សញ្ញា​ដាស់តឿន​របស់​រោគ​ដែល​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​បន្ទោបង់​ដូចគ្នា។

តើចាំបាច់​ត្រូវតែ​បន្ទោបង់​ឱ្យបាន​ក្នុង​មួយថ្ងៃ 1ដង​ឬទេ?
អ្នកស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ​មកពី​ស្ថាប័ន​វិទ្យាសាស្ត្រ​របស់​ប្រទេស​អូស្ត្រាលី​បាន​បញ្ជាក់ថា “ការ​បន្ទោបង់​ឱ្យបាន​មួយថ្ងៃ 1ដង​មិនមែនជា​រឿង​ចាំបាច់​ទេ តែបើ​បន្ទោបង់​តិចជាង3ដង​ក្នុង​មួយ​សប្ដាហ៍ អាច​នឹង​បង្ក​ឱ្យ​កើត​គ្រោះថ្នាក់​ឡើង​បាន ដូចជា​កើតរោគ​ឫសដូងបាត ឬ​រន្ធ​គូទ​កើតមាន​របួស​ដោយសារ​លាមក​មាន​ទំហំ​ធំ និង​រឹង​រហូត​ធ្វើឱ្យមាន​ឈាម​ចេញមក​ជាដើម”។

“អាការ​ទល់លាមក​អាច​កើតឡើង​បាន​ពី​ច្រើន​មូលហេតុ តាំងពី​បណ្ដាលមកពី​ការព្យាបាល​របស់​ជំងឺ​មួយចំនួន(ដោយសារ​ផលប៉ះពាល់​ពី​ថ្នាំ​ប្រភេទ​ខ្លះ ) និង​មូល​ហេតុដែល​ច្បាស់លាស់​បំផុត​នោះ​គឺ ការ​ញ៉ាំ​អាហារ​ដែលមាន​ជាតិ​កាក​សរសៃ​តិច​ជ្រុល​ពេក។

គន្លឹះល្អៗក្នុងការ​ធ្វើឱ្យ​ការ​បន្ទោបង់​ល្អ​ប្រក្រតី
ងាយៗបំផុត​គឺ បន្ថែម​អាហារ​ដែលមាន​ជាតិកាក​សរសៃ​ឱ្យបាន​ច្រើនឡើង​នៅក្នុង​ពេលបាយម្ដងៗ ដូចជា​​ ​បន្លែ ផ្លែឈើ ធញ្ញជាតិ សណ្ដែក និង​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើនឡើង។ ការហាត់​ប្រាណ​ជាប្រចាំ​ក៏​ធ្វើឱ្យ​ប្រព័ន្ធ​បន្ទោបង់​ធ្វើការ​យ៉ាង​មាន​ប្រសិទ្ធ​ភាពខ្លាំង​ឡើង​ដូចគ្នា​ដែរ។ បើ​ចាប់ផ្ដើម​មាន​អាការ​ទល់លាមក តឹង​ណែន​ពោះ ចង់​បត់ជើង លោកអ្នក​អាច​ញ៉ាំ​ទឹក​ឱ្យ​ច្រើនឡើង ឬ​ញ៉ាំ​អាហារ​ដែលមាន​ប្រូ​បៃ​អូ​ទិ​កស៍ ដូចជា​ ទឹកដោះគោ​ជូរ យ៉ា​អួរ និង​ គីម​ឈី ក៏​អាចជួយ​បាន​ដូចគ្នា​ដែរ៕

Advertisement