ញ៉ាំថ្នាំយ៉ាងណា​ឱ្យត្រឹមត្រូវ និងមានសុវត្ថិភាព?

ការប្រើ​ថ្នាំ​ឱ្យ​ត្រូវ​នឹង​រោគ​ដែល​លោកអ្នក​កំពុង​ឈឺ​ថ្កាត់​នោះ​គឺជា​រឿង​ត្រឹមត្រូវ តែ​រឿង​សំខាន់បំផុត​គឺ “ការប្រើ​ថ្នាំ​ឱ្យ​ត្រូវ​វិធី” ដោយសារ​ថ្នាំ​ដែល​វេជ្ជបណ្ឌិត​បញ្ជា​ឱ្យប្រើ​នោះ មាន​ទាំង​ថ្នាំ​មុន​ញ៉ាំ​បាយ ក្រោយ​ញ៉ាំ​បាយ និង​មាន​ចំណុច​ហាមឃាត់​ផ្សេងទៀត​ក្នុងការ​ញ៉ាំ​ថ្នាំ​ប្រភេទ​ខ្លះ ហើយ​ត្រូវ​ញ៉ាំ​ថ្នាំ​យ៉ាងណា​ឱ្យ​ត្រឹមត្រូវ​តាម​ស្លាក​បង្ហាញ។ ថ្ងៃនេះ ឡា​រ៉ែ​ន មាន​ចម្លើយ​មក​ជម្រាបជូន…។

វិធី​ការប្រើ​ថ្នាំ​តាម​ស្លាក​ណែនាំ​ឱ្យបាន​ត្រឹមត្រូវ សម្រាប់​ថ្នាំ​ញ៉ាំ​មុន​ពេលបាយ
នៅពេល​ឃើញ​ពាក្យ​ថា “ថ្នាំ​ញ៉ាំ​មុនពេល​បាយ” នៅលើ​ស្លាក​ណែនាំ មនុស្ស​ជាច្រើន​អាច​យល់ថា ចាំ​នៅសល់4-5នាទី មុន​ក្រោក​ទៅ​ញ៉ាំ​បាយ សឹម​យក​ថ្នាំ​នោះមក​លេប​ក៏បាន តែ​នេះ​គឺជា​ការយល់​ខុស​ហើយ ព្រោះថ្នាំ​ញ៉ាំ​មុនពេល​បាយ ការពិតទៅ​គឺជា​ថ្នាំ​ដែល​លោកអ្នក​ត្រូវ​ញ៉ាំ​មុន​ពេលបាយ​ប្រមាណ​ជា30-60នាទី និង​គួរ​ញ៉ាំ​ខណៈដែល​ពោះ​ទំនេរ(មិនមាន​អាហារ​នៅក្នុង​ពោះ)។

ថ្នាំ​ញ៉ាំ​ក្រោយ​ពេលបាយ
ក្រោយពេល​ញ៉ាំ​បាយ​រួច លោកអ្នក​មិនទាន់​ចាំបាច់​ត្រូវយក​កញ្ចប់​ថ្នាំ​មក​បើក​ដើម្បី​លេប​នោះទេ ចូរ​អង្គុយលេង​ឱ្យ​បាយ​ធ្លាក់ចូល​ក្នុង​ក្រពះ​ឱ្យ​រួចរាល់​ប្រមាណ​ជា15-30នាទី​សិន សឹម​ក្រោក​ទៅ​ញ៉ាំ​ថ្នាំ​តាម​វេជ្ជបញ្ជា​ក៏បាន។

ថ្នាំ​ញ៉ាំ​ដំណាល​ពេលបាយ
បើសិនជា​ស្លាក​ណែនាំ​ប្រាប់ថា “ថ្នាំ​ញ៉ាំ​ដំណាល​ពេលបាយ” នោះ​មានន័យថា បន្ទាប់ពី​អ្នក​ញ៉ាំ​បាយ​មួយ​ម៉ាត់​ដំបូង​ហើយ អ្នក​ត្រូវ​ញ៉ាំ​ថ្នាំ​នោះ​ចូលទៅ​ភ្លាម ឬ​អ្នក​អាច​ញ៉ាំ​ថ្នាំ​នោះ​បន្ទាប់ពី​ញ៉ាំ​បាយ​អស់​ពាក់កណ្ដាល​ហើយក៏​បាន។

ថ្នាំ​សម្លាប់​មេរោគ
ពេល​ឈឺ​ថ្កាត់ មនុស្ស​ជាច្រើន​ដើរ​ទ្រេតទ្រោត​ទៅរក​ពេទ្យ ពេល​បាន​ថ្នាំ​មក​ទទួលទាន​ឱ្យ​អាការ​ធូរស្រាល​ហើយ ក៏មាន​អារម្មណ៍​ថា អា​ការឈឺ​ថ្កាត់​របស់​យើង​បានជា​សះស្បើយ​ហើយ មិនចាំបាច់​ត្រូវ​ញ៉ាំ​ថ្នាំ​ទៀត​ទេ… នេះ​គឺជា​រឿង​ដែល​ខុស ព្រោះថ្នាំ​សម្លាប់​មេរោគ ដូចជា​ថ្នាំ​ព្យាបាល​ការ​រលាក​ក្លាយ ជា​ថ្នាំ​ដែល​អ្នកជំងឺ​ត្រូវតែ​ទទួលទាន​បន្តទៀត​តាម​វេជ្ជបញ្ជា ដើម្បី​ការពារ​ការ​ឌឺ​ថ្នាំ​របស់​មេរោគ ព្រោះ​បើ​កើតមាន​អាការ​ឌឺ​ថ្នាំ​ហើយ វា​នឹង​ហុច​ផល​នៅ​លើកក្រោយៗទៀត​ដែល​មិនអាច​ប្រើ​ថ្នាំ​ដដែល កម្រិត​ដដែល​ក្នុងការ​ព្យាបាល​បាន​ទៀត​ទេ។

ថ្នាំ​ញ៉ាំ​មុនពេល​គេង
សម្រាប់​ថ្នាំ​ញ៉ាំ​មុនពេល​ចូល​គេង​វិញ បើ​លោកអ្នក​ដឹងខ្លួន​ថា កំពុង​ប្រុង​បិទ​ទូរទស្សន៍ បិទ​ភ្លើង​គេង​ហើយ​នោះ ក៏​គួរតែ​ក្រោក​ឡើងមក​ទទួលទាន​ថ្នាំ​មុនពេល​ចូល​គេង​ប្រមាណ​ជា 15-30នាទី។

ថ្នាំ​ដែល​ត្រូវ​ញ៉ាំ​មួយ​សប្ដាហ៍ 1ដង
បើ​គ្រូពេទ្យ ឬ​ឱសថការី​មិនបាន​បញ្ជាក់​ថ្ងៃទី​ឱ្យបាន​ច្បាស់​នោះ លោកអ្នក​អាច​ជ្រើសរើស​ដោយ​ខ្លួនឯង​ថា ត្រូវការ​ញ៉ាំ​ថ្នាំ​នោះ​នៅ​ថ្ងៃ​ណា ដូចជា ចាប់ផ្ដើម​ញ៉ាំ​ថ្នាំ​នៅ​ថ្ងៃ​ពុធ ក៏​សុំឱ្យ​ញ៉ាំ​ថ្នាំ​នោះ​រៀងរាល់ថ្ងៃ​ពុធ​ជាដើម។

ថ្នាំ​ព្យាបាល​តាម​អាការ
ដូចជា ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ដែល​ប្រើ​សម្រាប់​បំបាត់​អាការ​គ្រុនក្ដៅ និង​អា​ការឈឺ​ចុកចាប់​ជាដើម ភាគច្រើន​ត្រូវបាន​កំណត់ទុក​ថា មនុស្ស​ធំ បើ​មាន​អា​ការឈឺ​ថ្កាត់ ចូរ​លេប​ម្ដង2គ្រាប់ រៀងរាល់ 4ម៉ោង​ម្ដង ដូច្នេះ​បើ​លេបថ្នាំ​ហើយ កន្លងទៅ​ប្រមាណ​ជា2-3ម៉ោង​នៅតែមាន​អា-​ការឈឺ​ថ្កាត់​ដដែល ក៏​យើង​នៅ​មិនទាន់​អាច​លេបថ្នាំ​បន្ថែមទៀត​បានដែរ ព្រោះ​បើ​លេប​ថែមទៀតភ្លាមៗ អាចធ្វើ​ឱ្យមាន​បញ្ហា​ពុល​ថ្នាំ​ដោយសារ​ការ​លេបថ្នាំ​លើស​កម្រិត​បាន។

បើ​ភ្លេច​លេបថ្នាំ…
ជឿថា មនុស្ស​ជាច្រើន​ប្រហែលជា​ធ្លាប់​ភ្លេច​លេបថ្នាំ​ជា​ញឹកញាប់ លុះ​ពេល​នឹកឃើញ ក៏​ប្រញាប់​ស្ទុះ​ទៅយក​ថ្នាំ​មក​លេប​ភ្លាម​តែម្ដង តែបើ​សិន​អំឡុង​ពេលដែល​អ្នក​ភ្លេច​លេបថ្នាំ​នោះ​ជិត​ដល់​ពេលដែល​ត្រូវ​លេប​ម្ដងទៀត​នោះ ក៏​សុំឱ្យ​លេប​រំលង​ពេលដែល​ភ្លេច​នោះ​ចោល​ទៅ កុំ​គិត​ប្រុង​លេប​ថែម​ជំនួស​ពេលដែល​ភ្លេច​ដោយ​ការបន្ថែម​ចំនួន​ថ្នាំ​ជា 2ដង​នៅពេលដែល​នឹកឃើញ​នោះ​អី៕

Advertisement