ត្រជាក់​ចុងដៃ​ចុងជើង​មិន​ប្រក្រតី ប្រយ័ត្ន​ប្រឈមមុខ​នឹង​ជំងឺ​គាំងបេះដូង

អ្នកវិទ្យាសាស្ត្រ​បានធ្វើ​បទ​បង្ហាញថា ទារក កុមារ និង​មនុ​ស្សមាន​វ័យ​ចំណាស់ ងាយ​នឹងមាន​ជំងឺ​ដែលបណ្ដាលមកពី​អាកាសធាតុ​ត្រជាក់ ហើយ​ទារក​នឹង​បាត់បង់​កម្ដៅ​រាងកាយ​រហ័ស​ជាង​មនុស្ស​ធំ។ ទន្ទឹមនឹងនោះ បើ​អាកាសធាតុ​កាន់តែ​ចុះ​ត្រជាក់ ប្រហែលជា​កាន់តែ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​កាន់តែខ្លាំង​ដែរ។ អ្នកស្រាវជ្រាវ​ក៏បាន​រកឃើញថា នៅក្នុង​រដូវ​ចុះ​ត្រជាក់ អត្រា​នៃ​ការកើត​ជំងឺ​គាំងបេះដូង​មានការ​ឡើងចុះៗមិន​ទៀង​ទៀតឡើយ ហើយ​នៅពេល​សីតុណ្ហភាព​ចុះមក​ទាប​ជាង15អង្សារ ជំងឺ​គាំងបេះដូង​បាន​កើនឡើង​យ៉ាង​គួរឱ្យកត់សម្គាល់​ផងដែរ។ ប្រសិនបើ​អ្នកមាន​អាការ​ត្រជាក់​ចុងដៃចុងជើង នៅពេលដែល​អាកាសធាតុ​ចុះ​ត្រជាក់ នោះ​មិនមែនជា​រឿង​ធម្មតា​ទេ វា​គឺជា​រឿង​សំខាន់​ដែល​អ្នក​ត្រូវ​គិត​គួរ​ពី​បញ្ហា​សុខភាព​របស់​អ្នក។ ហើយ​បើ​មាន​អាការ​មិន​ប្រក្រតី​នៅក្នុង​ខ្លួន ដូចជា ត្រជាក់​ដៃជើង​ ឡើង​ស្លេកស្លាំង សម្ពាធ​ឈាម​ទាប បេះដូង​ធ្វើ​ទុក​បណ្ដាលឱ្យ​ពិបាក​ដកដង្ហើម សូម​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់។ តែ​យ៉ាងណាមិញ ទស្សនាវដ្ដី ឡា​រ៉ែ​ន សូម​ណែនាំ​ពី​ការសង្កេត​ទាំង5ចំណុច ដែល​ធ្វើឱ្យ​អ្នក​ត្រជាក់​ចុងដៃចុងជើង​មិន​ប្រក្រតីឱ្យបាន​ជ្រាប​ជា​ព័ត៌មាន​បន្ថែម​ដូចខាងក្រោម​នេះ៖

1. ពិនិត្យ​លើ​ស្បែក ៖ កាលបើ​ស្បែក​មាន​បញ្ហាក៏​អាច​បណ្តាលឱ្យ​អ្នកមាន​អាការ​ត្រជាក់​ចុងដៃចុងជើង ព្រោះ​សរសៃឈាមតូចៗ ដែល​នៅក្រោម​ស្បែក​បាន​ឆ្លង​មេរោគ ហើយ​ធ្វើឱ្យ​ឈាម​មិនអាច​រត់​ទៅដល់​ចុងដៃចុងជើង​របស់​អ្នក ទើប​បណ្តាលឱ្យ​អ្នកមាន​អាការ​ត្រជាក់​ចុងដៃចុងជើង។

2. បញ្ហា​បេះដូង ៖ នៅពេលដែល​អ្នកមាន​ប​ញ្ហាបេះដូង ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​អាច​នឹង​កំពុងវាយលុក​ប្រព័ន្ធ​ឈាម​ក្នុង​ខ្លួន​របស់​អ្នក ហើយ​អាចបណ្តាលឱ្យ​អ្នកមាន​អាការ​ត្រជាក់​ចុងដៃចុងជើង និង​ប្រឈម​ជាមួយ​អាការ​គាំងបេះដូង។

3. សម្ពាធ​ឈាម​ទាប ៖ បញ្ហា​សម្ពាធ​ឈាម​ទាបក៏​ជា​កត្តា​មួយ​ដែល​ធ្វើឱ្យ​អ្នកជំងឺ មាន​អាការ​ត្រជាក់​ចុងដៃចុងជើង​ផងដែរ ហើយ​ប្រឈមមុខ​នឹង​ជំងឺ​គាំងបេះដូង។ បញ្ហា​នេះ​កើតឡើង​ព្រោះ​អ្នកជំងឺ​ខ្វះ​ជាតិ​ទឹក បាត់បង់​គ្រាប់់​ឈាម និង​ក្រពេញ​មួយចំនួន​មានដំណើរ​ការមិន​ប្រក្រតី។

4. អ្នកជំងឺ​សេ្ល​ក​ស្លាំង ៖ ការ​កង្វះ​គ្រាប់​ឈាម និង​អុកស៊ីហ៊ែ្សនក្នុង​ខ្លួន​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​អ្នកជំងឺ​មាន​អាការ​សេ្ល​ក​ស្លាំង។ អ្នកជំងឺ​ប្រភេទ​នេះ ភាគច្រើន​មាន​រោគសញ្ញា ពិបាក​ដកដង្ហើមសន្លប់ ឈឺក្បាល អស់កម្លាំង និង​ជាពិសេស​មានគ្រោះថ្នាក់​សុខភាព​នា​អំឡុងពេល​រដូវ​ចុះ​ត្រជាក់។

5. ភាព​តានតឹង​ក្នុង​ខួរក្បាល ៖ អាកាសធាតុ​ចុះ​ត្រជាក់​អាច​បណ្ដាលឱ្យ​ខួរក្បាល​ដំណើរ​ការ​មិនសូវ​ពេញកម្លាំង និង​បណ្ដាល​ចរន្ដឈាម​រត់​មិនសូវ​បាន​ប្រសើ​រក្នុង​សរសៃឈាម ជាហេតុ​នាំឱ្យ​រាងកាយមាន​សភាព​ស្លេកស្លាំង។ ខណៈដែល​ខួរក្បាល​មាន​បញ្ហា​គិត​ច្រើន នោះ​អាការ​ត្រជាក់​ចុងដៃចុងជើង​ស្លេកស្លាំង ​បាន​ស្ដែង​ឱ្យឃើញភ្លាមៗ ព្រោះថា ប្រព័ន្ធ​ឈាមមាន​ទំនាក់ទំនង​ទៅកាន់​ខួរក្បាល។ ដូច្នេះ​ហើយ ប្រសិនបើ​អ្នកមាន​អា​ការមិន​ប្រក្រតី​នៅក្នុង​រាងកាយ​នា​អំឡុងពេល​រដូវ​ចុះ​ត្រជាក់ សូម​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ពិនិត្យ​សុខភាព ចៀសវាង​ការប្រើប្រាស់​ថ្នាំ​ដោយ​ខ្លួនឯង៕

Advertisement