ចេះតែ​អស់កម្លាំង​ល្ហិតល្ហៃ​តើ​អ្នក​បាន​បណ្ដេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​ហើយ​ឬនៅ​?

ធាតុ​ពិត​អ្នក​ចង់ឱ្យ​រាងកាយ​គ្មាន​ជាតិពុល​ ប៉ុន្តែ​ភ័យខ្លាច​មិនដឹង​ថា​ ត្រូវ​កម្ចាត់​ជាតិពុល​ពី​ក្នុង​រាងកាយ​បាន​ដោយ​វិធី​ណា​ ទាំង​បានដឹង​ខ្លួន​ហើយ​ថា​ រវល់​ជាមួយ​ការងារ​ច្រើន​សឹងតែ​រក​ពេលទំនេរ​គ្មានសោះ​។ ក្រៅពី​ការហាត់ប្រាណ​ មាន​អ្នកខ្លះ​ព្យាយាម​ក្នុង​ការ​ទទួលទានទឹក​ភេសជ្ជៈ​ ឬទឹក​ផ្លែឈើ​ ដែល​ខ្លួន​គិតថា​ វា​អាច​ជួយ​បណ្ដេញ​ជាតិពុល​ចេញពី​ក្នុង​ខ្លួន​ តែ​អ្នក​ភ្លេច​គិតថា​ វា​អាច​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ ជាពិសេស​គឺ​ ក្រពះ​ និង​ពោះវៀន​។

មនុស្ស​ស្ទើរគ្រប់​រូប​ សុទ្ធតែ​មាន​ផ្ទុក​នូវ​ជាតិពុល​ក្នុង​ខ្លួន​ ជាតិពុល​ដែល​មាននៅ​ក្នុង​អាហារ​ និង​គ្រឿងស្រវឹង​ទាំងនោះ​ បណ្តាល​មក​ពីក​ត្តា​មួយចំនួន​ ដែល​តែងតែ​មើល​រំលង​ដូចជា​ ទឹក​ ចំណីអាហារ​សម្រេច​ ឬអាហារ​កំប៉ុង​ និង​បរិស្ថាន​នៅ​ជុំវិញ​ខ្លួន​ផង​ដែរ​។ ការប្រើ​ប្រាស់​សារធាតុគីមី​ ដើម្បី​ថែរក្សា​ចំណីអាហារ​ទុក​បាន​យូរ​ ឬឆាប់​ទទួល​បានផល​ ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ និង​បង្ក​ជាតិពុល​នៅក្នុង​រាងកាយ​ផង​ដែរ​។ បញ្ហា​ទាំងនេះ​ គឺជា​កង្វល់​ដ៏​សំខាន់​មួយ​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​លើ​ពិភពលោក​ ដែល​កំពុងតែ​ជួបប្រទះ​ វា​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​រាងកាយ​មនុស្ស​ ធ្វើ​ឱ្យ​សុខភាព​ចុះ​ខ្សោយ​ ឆាប់​ឈឺ​ និង​មាន​សុខភាព​មិនល្អ​។ នៅក្នុង​ថ្ងៃនេះ​ ទស្សនាវដ្ដី​ ឡា​រ៉ែ​ន សូម​ណែនាំ​អ្នក​ឱ្យ​សាកល្បង​វិធី​សា​ស្រ្តងាយ​ៗមួយចំនួន​ ដែល​មានប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ ព្យាបាល​ និង​កម្ចាត់​ជាតិពុល​ចេញពី​ក្នុង​ខ្លួនមនុស្ស​ បាន​យ៉ាង​ឆាប់រហ័ស​។

1. ខ្ពុរមាត់​ជាមួយ​ប្រេង​
ស្ដាប់​មើលទៅដូចជា​រាង​ប្លែក​បន្តិច​ ប៉ុន្តែ​ការពិត​នោះ​គឺថា​ ការ​ខ្ពុរមាត់​ជាមួយនឹង​ប្រេង​ ដូចជា​ ប្រេងល្ង​ ប្រេងដូង​ ឬប្រេង​អូ​លីវ​ជាដើម​ អាច​ជួយ​រុញច្រាន​ ឬបណ្ដេញ​ពពួក​បាក់តេរី​ចេញពី​ក្នុង​ប្រអប់មាត់​របស់​អ្នក​ ដែល​អ្នក​កំពុង​ជួប​បញ្ហា​ក្លិន​មាត់​មិនល្អ​។ ក្នុង​អំ​ទ្បុង​ពេល​អ្នក​ក្រោកពីដំណេក​ សូម​ប្រើ​ប្រេង​ខ្ពុរមាត់​ចំនួន​មួយ​ស្លាបព្រាបាយ​ដាក់​ចូល​ទៅ​ក្នុង​មាត់​ បន្ទាប់​មក​សឹម​ដុស​សម្អាត​ធ្មេញ​តាមធម្មតា​ វា​មិន​ត្រឹម​តែ​ជួយ​សម្អាត​កំណកកំបោរ​ និង​បាក់តេរី​នៅ​លើ​ធ្មេញ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​វា​ថែមទាំង​ជួយ​ឱ្យ​អ្នកមាន​ខ្យល់​ដង្ហើម​ស្រស់ថ្លា​ទៀតផង​។

2. ទម្លាប់​ល្អ​របស់​ជនជាតិ​ចិន​
តាម​ការសិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញថា​ ការ​ទទួលទានទឹក​តែ​ ដែល​ជា​ប្រពៃណី​ដ៏​ពេញនិយម​របស់​ជនជាតិ​ចិន​ ដូចជា​ ប្រភេទ​តែ​បៃតង​ តែ​អ៊ូ​ឡុង​ ឬតែ​ទឹកឃ្មុំ​ក្រូចថ្លុង​ជាដើម​ អាច​ជួយ​កាត់បន្ថយ​ភាព​តានតឹង​ និង​បង្កើន​ផលិតភាព​បាន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ការ​ទទួលទាន​ទឹកតែ​ក្ដៅ​ឧណ្ហ​ៗ ក៏បាន​ជួយ​ជំរុញ​ជាតិពុល​ចេញពី​ក្នុង​ខ្លួន​ផង​ដែរ​ ដោយ​ការ​ជួយ​សម្រួល​ដល់​ដំណើរការ​ប្រព័ន្ធ​បន្ទោរ​បង់​បាន​យ៉ាង​ល្អ​។ ហើយ​មានតែ​ប្រភេទ​ខ្លះទៀត​ ត្រូវ​បាន​ជនជាតិ​ចិន​ឱ្យ​តម្លៃ​ថា​ ជា​ឱសថ​បុរាណ​ចិន​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​លាង​គ្រាប់​ឈាម​ ហើយ​ជំនួយ​ដល់​សុខភាព​បាន​យ៉ាង​ល្អ​។

3. ការ​ងូតទឹក​ក្ដៅ​ ឬត្រាំទឹក​ក្ដៅ
​អ្នក​ប្រហែលជា​គិតថា​ ជាតិពុល​មានតែ​ផ្នែក​ខាងក្នុង​ខ្លួន​តែប៉ុណ្ណោះ​ ប៉ុន្តែ​ធាតុ​ពិត​វិញ​ផ្នែក​ខាងក្រៅ​នៃ​រាងកាយ​ក៏​មាន​ជាតិពុល​ដូចគ្នា​ដែរ​។ ហេតុ​ដូចនេះ​ នៅពេល​ដែល​អ្នក​ងូតទឹក​ អ្នក​គួរ​ប្រើ​ស្បៃ​ដុស​ខ្លួន​ជាមួយនឹង​សាប៊ូ​ក្នុង​ការ​សម្អាត​ និង​ម៉ាស្សា​ជា​ចលនា​រាង​រង្វង់​ 2 ឬ3ដង​ក្នុង​មួយ​សប្តាហ៍​ ដើម្បី​ជួយ​ឱ្យ​ចរន្តឈាម​រត់​បាន​ស្រួល​ និង​ជំរុញ​ជាតិពុល​ឱ្យ​ចេញពី​ក្នុង​ខ្លួន​ និង​ជួយ​កម្ចាត់​បាក់តេរី​ដែល​តោង​ជាប់នឹង​ស្បែក​ផង​ដែរ​។

4. ការ​ទទួលទានទឹក​ក្ដៅ​ជំនួស​ទឹកកក​
អ្នក​គប្បី​ដឹង​ថា​ ទឹកកក​ដែល​ផលិត​ឡើង​ និង​ដាក់​លក់​នៅ​តាម​ទីផ្សារ​ ក៏​មាន​ប្រើប្រាស់​សារធាតុគីមី​ដែល​ជួយ​ឱ្យ​ត្រជាក់​ ហើយ​កក​បាន​យូរ​។ ក៏​ដូចគ្នា​ដែរ​ ការ​ទទួលទានទឹក​កក​ច្រើន​ វា​បណ្ដាល​ឱ្យ​អ្នកមាន​សាច់​ក្បាលពោះ​ធំ​ដោយ​មិនដឹង​ខ្លួន​។ កត្តា​ដែល​ល្អ​សម្រាប់​សុខភាព​ អ្នក​គួរតែ​ទទួលទានទឹក​ក្តៅ​ 1កែវ​ លាយ​ជាមួយ​នឹង​ទឹកក្រូច​ឆ្មារ​ 1ផ្លែ​ រួច​កូរ​ចូលគ្នា​ឱ្យ​សព្វ​ ទទួលទាន​វា​ជា​រៀងរាល់ថ្ងៃ​ រាល់​ព្រឹក​ រហូតដល់​អ្នក​មាន​សុខភាព​ល្អ​ប្រសើរ​ឡើងវិញ​ មិនសូវ​មាន​អារម្មណ៍​នឿយហត់​ខ្លាំង​ ឬកើត​អាការ​ខ្យល់​ក្នុង​ខ្លួន​។

5. អំបិល​លាង​ជាតិពុល​ក្នុង​រាងកាយ​
អ្នក​អាចយ​កអំបិល​ 2កែវ​កាហ្វេ​ លាយ​ទៅ​ក្នុង​ធុង​ ឬអាងទឹក​ រួច​ចាក់ទឹក​ក្តៅ​ឧណ្ហ​ៗចូល​ បន្ទាប់មក​ត្រាំ​ខ្លួន​របស់​អ្នក​នៅក្នុង​អាងទឹក​នោះ​ រយៈពេល15នាទី​ជាការស្រេច​។ អ្នក​គួរតែ​ធ្វើ​បែបនេះ​ឱ្យ​បាន3ដង​ ក្នុង1សប្តាហ៍​។ តែ​អ្នក​ក៏​ត្រូវ​ដឹង​ថា​ វិធី​នេះ​មិនបាន​អនុញ្ញាត​ចំពោះ​មនុស្ស​ដែល​មាន​ជំងឺលើសឈាម​ និង​អ្នក​ជំងឺបេះដូង​ឡើយ​៕

Advertisement