ខ​គោ​នំប៉័ង ដ៏​ឆ្ងាញ់​ពិសា ពី​ភោជនីយដ្ឋាន សេ​វេន ប្រាយ សាខា​ទួលគោក

សូម​ងាក​មក​ស្វែងយល់​ និង​រៀន​ធ្វើមុខ​ម្ហូប​ដ៏​ពេញនិយម​របស់​ប្រជាជន​អាស៊ី​យើង​ម្តង​នោះ​គឺ​ ខគោ​ ដែល​ត្រូវ​ម៉ាច់​ជាមួយនឹង​នំ​ប៉័ង​ស្រួយ​ៗ បើ​បាន​ទទួលទាន​ពេល​នៅ​ក្តៅ​ៗ ទើប​នឹង​ដួស​ចេញពី​ឆ្នាំង​មក​ទៀត​នោះ​គឺ​កាន់តែ​ឈ្ងុយឆ្ងាញ់​ និង​ពិសេស​តែម្តង​។ តោះ​សូម​មក​ពិនិត្យមើល​គ្រឿងផ្សំ​ និង​រៀន​ធ្វើ​ខគោ​នំប៉័ង​ ក្រោម​ការណែនាំ​ពីសំណាក់​ លោក​ ឈូក​ សាមិ​ត្ត​ មេ​ចុងភៅ​ប្រចាំ​ភោជនីយដ្ឋាន​ សេ​វេន​ ប្រាយ​ សាខា​ទួលគោក​ ដែល​មាន​អាសយដ្ឋាន​ស្ថិតនៅ​ផ្ទះលេខ102​ ផ្លូវ315​ សង្កាត់​បឹងកក់​ទី2​ ខណ្ឌទួលគោក​ ដូច​ខាងក្រោម​នេះ​ ៖

គ្រឿងផ្សំ​
– សាច់​សរសៃ​ក្រចក​គោ​ 150g​
– គុល​ស្លឹកគ្រៃ
– ស្លឹក​ក្រូចសើច​
– រំដេង​
– ម្ទេសប្លោក​
– ខ្ទឹមបារាំង​
– ខ្ទឹមស​
– ខ្ទឹមក្រហម​
– នំប៉័ង​
– ជី​ក្រហម​
– សាលាដ​
– ក្រូចឆ្មារ
– ​ទឹកដោះគោខាប់​
– គ្រឿង​សម្រាប់​ខ
– គ្រឿងផ្សំ​រសជាតិ​ មាន​ដូចជា​ ប៊ីចេង​ អំបិល​ ស្ករស​
– ទឹកត្រី​ទឹក​ស្អាត​ 1លីត្រ​

របៀប​ធ្វើ​
ដំបូង​ត្រូវ​យក​សាច់​សរសៃ​ក្រចកជើង​គោ​ទៅ​កាប់​ជាដុំ​តូចល្មម​ រួច​យក​ទៅ​លាង​សម្អាត​ជាមួយ​ទឹក​ឱ្យ​បាន​ស្អាត​រៀបរយ​។ ហើយ​សឹម​យក​សាច់​សរសៃ​ក្រចកជើង​គោ​នោះ​ទៅ​ស្រុះ​ ទុក​មួយអន្លើ​សិន​។ រួច​ឆា​គ្រឿង​ខជាមួយ​ម្ទេសប្លោក​ ខ្ទឹមបារាំង​ ខ្ទឹមស​ និង​ខ្ទឹមក្រហម​ឆា​ជាមួយគ្នា​ឱ្យ​ឡើង​ឈ្ងុយ​ ហើយ​សឹម​ដាក់​ស្លឹក​ក្រូចសើច​ គុល​ស្លឹកគ្រៃ​ និង​រំដេង​ ឱ្យ​ឈ្ងុយ​ល្អ​ សឹម​ដាក់​សាច់​សរសៃ​ក្រចកជើង​គោ​ ដែល​ស្រុះ​រួច​នោះ​ចូល​ ឆា​ចូលគ្នា​ឱ្យ​សព្វ​ល្អ​ រួច​ទើប​ដាក់​ទឹក​ចំណុះ1លីត្រ​ ដើម្បី​រំងាស់​សាច់​សរសៃ​ក្រចក​គោ​ឱ្យ​ផុយ​ល្អ​។ ជាចុងក្រោយ​ទើប​ថែម​គ្រឿងផ្សំ​រសជាតិ​ ដូចជា​ ប៊ីចេង​ អំបិល​ ស្ករស​ ទឹកត្រី​ និង​ទឹកដោះគោខាប់​ចូល​ កូរ​ឱ្យ​សព្វ​ រួច​ភ្លក្ស​រសជាតិ​ឱ្យ​ត្រូវជា​មួយ​នឹង​ចំណង់​ចំណូលចិត្ត​របស់​អ្នក​ និង​សមាជិក​ក្នុង​គ្រួសារ​អ្នក​ជាការស្រេច​។ នៅពេល​ដួស​ខគោ​ទទួលទាន​ អ្នក​អាច​បន្ថែម​ជី​ក្រហម​ហាន់​ សាលាដ​ និង​ចំណិត​ខ្ទឹម​បារាំង​ពីលើ​ខគោ​ និង​បន្ថែម​ដោយ​នំប៉័ង​ ដែល​យក​ទៅ​កម្តៅ​ឱ្យ​ស្រួយ​ល្អ​គឺ​កាន់តែ​មានឱជារស​ថែមទៀត​។

ចំណាំ​ ៖ ចំពោះ​សាច់​សរសៃ​ក្រចក​គោ​ ចំនួន3គីឡូ​ក្រោម​ ត្រូវ​ប្រើ​រយៈពេល2ម៉ោង​ ដើម្បី​រំងាស់​សាច់​ឱ្យ​ផុយ​ល្អ​៕

Advertisement