តិច​និក​ ក្នុងការ​ស្ងោរ​ម្ហូបអាហារ​ សម្រាប់​បងៗស្ត្រី​មេផ្ទះ

ឡា​រ៉ែ​ន ជឿ​ថា​ បងៗ​ស្ត្រី​មេផ្ទះ​ទាំងឡាយ​ច្បាស់ជា​ធ្លាប់​ចម្អិនម្ហូប​អាហារ​បែប​ស្ងោរ​មក​ជាច្រើន​ដង​ហើយ​ ដែល​ជួនកាល​ក៏​ឆ្ងាញ់​ និង​ជួនកាល​ទៀត​ក៏ដូចជា​មិនសូវ​ត្រូវ​មាត់​សមាជិក​ក្នុង​ផ្ទះ​ ជាពិសេស​លោក​ប្ដី​ប៉ុន្មាន​ឡើយ​ ដូច្នេះ​ខាងក្រោម​នេះ​ គឺជា​តិចនិក​ល្អ​ៗក្នុង​ធ្វើម្ហូប​ ឬចម្អិន​អាហារ​បែប​ស្ងោរ​ដែល​ ឡា​រ៉ែ​ន យក​មក​ជម្រាប​ជូន​ដូចតទៅ​ ៖

តិចនិក​ស្ងោរ​បន្លែ​ផ្សេង​ៗឱ្យ​ឆ្ងាញ់​ពិសា​1. ព្យាយាម​ប្រើ​ទឹក​ឱ្យ​តិច​បំផុត​តាមដែល​អាច​ធ្វើ​ទៅ​បាន​ក្នុង​ការ​ស្ងោរ​បន្លែ​។
2. មុននឹង​យក​បន្លែ​មក​ដាក់​ស្ងោរ​ គួរ​រង់ចាំ​ឱ្យ​ទឹកពុះ​ជាមុន​សិន​ សឹម​ដាក់​បន្លែ​ចូល​ទៅ​ មិន​គួរ​ដាក់​ត្រាំ​ស្ងោរ​នៅក្នុង​ឆ្នាំង​តាំងពី​ដំបូង​ទី​ឡើយ​។
3.បន្លែ​ពណ៌បៃតង​គួរ​ធ្វើ​ឱ្យ​ឆ្អិន​ដោយ​វិធី​ស្រុស​ ឬដាក់​ចូល​ទៅ​ក្នុងទឹក​ពុះ​ ហើយ​ពេល​ទឹក​ពុះ​ម្តង​ទៀត​ចូរ​លើក​ចុះ​ភ្លាម​តែម្ដង​។
4. បន្លែ​មើម​ ដូចជា​ មើម​ស្ពៃ​ មើម​ឆៃថាវ​ មើម​ការ៉ុត​ គួរ​ស្ងោរ​នៅក្នុង​ទឹក​ពុះ​តិច​ៗ និង​គួរ​ស្ងោរ​ទាំងមូល​ វា​នឹង​ជួយ​រក្សា​គុណប្រយោជន៍​ខាង​អាហារ​បាន​ច្រើនជាង​ការ​ហាន់​ជា​ដុំ​ៗរួច​ដាក់​ស្ងោរ​។
5. រាល់ពេល​ស្ងោរ​បន្លែ​ គួរ​បិទ​គម្របឆ្នាំង​ ដើម្បី​ឱ្យ​ទឹក​ឆាប់​ពុះ​ និង​បន្លែ​កាន់តែ​ឆាប់​ឆ្អិន​ព្រោះ​បន្លែ​កាន់តែ​នៅក្នុង​ទឹក​ក្តៅ​យូរ​ គុណប្រយោជន៍​ខាង​អាហារ​កាន់តែ​ថយ​ចុះ​។ធ្វើតាម​តិចនិក​ដ៏​ងាយ​ៗខាងលើ​នេះ​ ក្រៅ​ពី​បងៗ​ទទួល​បាន​បន្លែ​ស្ងោរ​ដែល​ឆ្ងាញ់​ជាង​អ្នកដទៃ​ហើយ​ នៅ​បាន​ទទួលគុណ​ប្រយោជន៍​ខាង​អាហារ​យ៉ាង​ពេញ​បរិបូរណ៍​ទៀតផង​។

វិធី​ស្ងោរត្រី​មិន​ឱ្យ​ធំុ​ក្លិនឆ្អាប​វិ​ធី​ងាយ​ៗក្នុង​ការ​ស្ងោរត្រី​មិន​ឱ្យ​មាន​ក្លិនឆ្អាប​ក្នុងទឹក​ស្ងោរ​នោះ​គឺ​ ចូរ​ដាក់​ស្លឹក​តែ​ចិន​ចូល​ទៅ​ក្នុង​ឆ្នាំង​ស្ងោរ​ប្រមាណ6​-7សន្លឹក​ ហើយ​បើ​បាន​ដំ​មើម​ខ្ទឹមក្រហម​ 2-3 មើម​ឱ្យ​បែក​ រួច​ដាក់​ចូល​ទៅ​ផង​នោះ​ នឹង​រឹតតែ​បង្កើន​រសជាតិ​សម្ល​ស្ងោរត្រី​របស់​បងៗ​ឱ្យ​កាន់តែ​ឈ្ងុយឆ្ងាញ់​ បាត់​អស់​ក្លិនឆ្អាប​ និង​ទទួលទាន​កាន់តែ​ស្និទ្ធ​ទៀតផង​។

ទិច​និក​ស្ងោរ​ផ្លែ​ពោត​ឱ្យ​ទន់​ ផ្អែម​ ឆ្ងាញ់​ផ្លែ​ពោត​គឺជា​បន្លែ​ផ្លែឈើ​ដែល​ងាយ​ឆ្អិន​ជាទីបំផុត​ ដូច្នេះ​យើង​មិន​គួរ​ប្រើ​ពេលវេលា​ក្នុង​ការ​ស្ងោរ​យូរ​ពេក​ឡើយ​ ព្រោះ​នឹង​ធ្វើ​ឱ្យ​សាច់​គ្រាប់់​ផ្លែ​ពោត​ឡើង​ស្វិត​ជ្រួញ​ញ៉ាំ​លែង​ឆ្ងាញ់​។តិចនិក​ក្នុង​ការ​ស្ងោរ​ពោត​ឱ្យ​ញ៉ាំ​ឆ្ងាញ់​គឺ​ ៖
– ចូរ​ដាក់​ទឹកដោះគោឆៅ​ 1កូនចាន​ទឹកជ្រលក់​ទៅ​ក្នុងទឹក​ស្ងោរ​ពោត​។
– ដាក់​ស្ករស​ចូល​ទៅ​ 1ស្លាបព្រា​កាហ្វេ​។
– ដាំទឹក​ឱ្យ​ពុះ​ដោយ​ប្រើ​ភ្លើង​ខ្លាំង​។
– រង់ចាំ​ឱ្យ​ទឹក​នៅក្នុង​ឆ្នាំង​ពុះ​ខ្លាំង​ជាមុន​សិន​ សឹម​យក​ផ្លែ​ពោត​ដាក់​ចូល​ទៅ​ដោយ​តម្រៀប​គ្នា​នៅក្នុង​ឆ្នាំង​ស្ងោរ​នោះ​។
– បន្ទាប់មក​ស្ងោរ​បន្ត​ទៀត​រយៈពេល​ 3នាទី​ទៀត​។
– ពេលនោះ​ផ្លែ​ពោត​នឹង​ឆ្អិន​ល្អ​។
– ចូរ​ស្រង់​ផ្លែ​ពោត​ឡើង​មក​ ហើយ​យក​អំបិល​-សម​កលាប​ពីលើ​បន្តិច​។ តែ​ប៉ុណ្ណឹង​ អ្នក​នឹង​បាន​ផ្លែ​ពោត​ស្ងោរ​ដែល​ទន់​ផ្អែម​ ឈ្ងុយឆ្ងាញ់​សម្រាប់​ទទួលទាន​ហើយ​។

វិធី​ស្ងោរ​ស៊ុត​មិន​ឱ្យ​សាច់​ស៊ុត​ហៀរ​ចេញ​តាម​សម្បក​ដែល​ប្រេះ​បែក​សម្បក​ស៊ុត​ប្រេះ​បែក​ក្នុងអំឡុងពេល​ស្ងោរ​ក៏​ជា​បញ្ហា​មួយ​ដែរ​ ជាពិសេស​ពេល​ស្ងោរ​ស៊ុត​ម្តង​ៗច្រើន​គ្រាប់​ដើម្បី​បក​ដាក់​ក្នុង​ខសាច់​ជ្រូក​ជាដើម​ ដែល​ធ្វើ​ឱ្យ​ស៊ុតស្ងោរ​ចេញ​មក​មាន​រូបរាង​មិន​ស្អាត​។ យើង​មាន​វិ​ធី​ល្អ​ៗដើម្បី​ការពារ​មិន​ឱ្យ​សាច់​ស៊ុត​ហៀរ​ចេញ​តាម​សម្បក​ស៊ុត​ដែល​ប្រេះ​បែក​នោះ​មក​ជម្រាប​ជូន​ ៖
ដំបូង​បង្អស់​បងៗ​ស្ត្រី​មេផ្ទះ​ត្រូវ​ជ្រើសរើស​យក​ស៊ុត​ណា​ដែល​ថ្មី​ សម្បក​គ្មាន​ស្នាមប្រេះ​ និង​ស្អាត​។ ពេល​ស្ងោរ​ចូរ​ដាក់​ទឹក​ឱ្យ​លិច​ស៊ុត​ទាំងអស់​តាំងពី​ដំបូង​ ឯតិចនិក​សំខាន់​ គឺ​ស្ថិតនៅ​លើ​ការ​ដាក់​ទឹកក្រូច​ឆ្មារ​បន្តិច​ចូល​ទៅ​ក្នុងទឹក​ស្ងោរ​នោះ​ ដោយ​ទឹកក្រូច​ឆ្មារ​នេះ​វា​នឹង​ជួយ​មិន​ឱ្យ​សាច់​ស៊ុត​ហៀរ​ចេញពី​សម្បក​ ឬក៏​ដាក់​អំបិល​ចូល​ទៅ​ក្នុងទឹក​ស្ងោរ​នោះ​ប្រហែល​ 1ស្លាបព្រាបាយ​ក៏បាន​ដូចគ្នា​ ព្រោះ​អំបិល​វា​នឹង​ជួយការ​ពារ​មិន​ឱ្យ​សាច់​ស៊ុត​ហៀរ​ចេញ​មក​តាម​ស្នាមប្រេះ​នៅ​លើ​សម្បក​ហ្នឹងឯង​។
តិចនិក​ទាំងអស់​ខាងលើ​ ទស្សនាវដ្តី​ ឡា​រ៉ែ​ន មិន​មាន​ចុះបញ្ជី​កម្មសិទ្ធិ​បញ្ញា​ទេ​ ហេតុ​នេះ​បងៗ​ស្ត្រី​មេផ្ទះ​អាច​ចែក​រំ​លែ​កតៗ​គ្នា​បាន​សូម​អរគុណ​៕

Advertisement