ប្រយោជន៍ល្អៗ 8យ៉ាងទៀតរបស់ទឹកសាប៊ូលាងចាន ដែលបងៗស្រ្តីមេផ្ទះមិនធ្លាប់ដឹង

ប្រយោជន៍​ល្អ​ៗរបស់​ទឹកសាប៊ូ​លាងចាន​ មិនមែន​ល្អ​គ្រាន់តែ​សម្រាប់​ប្រើ​លាង​សម្អាត​ចាន​ឱ្យ​បាន​ស្អាត​ហ្មត់ចត់​ប៉ុណ្ណោះទេ​ តែ​ខាងក្រោម​នេះ​ គឺជា​ប្រយោជន៍​ល្អ​ៗផ្សេងទៀត​របស់​ទឹកសាប៊ូ​លាងចាន​ដែល​នៅពេល​បានដឹង​ហើយ​ នឹង​ធ្វើ​ឱ្យ​បងៗ​ស្រ្តី​មេផ្ទះ​ទាំងឡាយ​នឹក​ស្ងើច​ក្នុងចិត្ត​មិនខាន​…។

1. កម្ចាត់​ស្នាម​ប្រឡាក់​ខ្លាញ់​លើ​ខោអាវ
​បើ​ចៃដន្យ​បងៗ​មេផ្ទះ​ចម្អិន​អាហារ​បែប​ខ្លាញ់​ៗ(ដូចជា​បំពង​ ចៀន​-ល-) រួច​ចៃដន្យ​ខ្លាញ់​ក្នុង​ខ្ទះ​កំពប់​ ឬខ្ទាត​មក​ប្រឡាក់​លើ​ខោអាវ​នោះ​ សូមកុំ​អាល​ភ្ញាក់ផ្អើល​អី​ ចូរ​យក​ទឹកសាប៊ូ​លាងចាន​មក​ដុស​លើ​កន្លែង​ប្រឡាក់​នោះ​ ហើយ​លាង​សម្អាត​ចេញ​ដោយ​ទឹក​ធម្មតា​(វិធី​នេះ​ក៏​ប្រើ​បានផល​ល្អជា​មួយ​ស្នាម​ប្រឡាក់​ក្អែល​នៅ​លើ​-កអាវ​ដែរ​) ស្នាម​ប្រឡាក់​ខ្លាញ់​នោះ​នឹង​រលាយ​បាត់​អស់​ និង​មិន​ធ្វើ​ឱ្យ​ខូច​សាច់ក្រណាត់​ដូច​សាប៊ូម្សៅ​ទៀតផង​។

2. សម្អាត​កម្រាលឥដ្ឋ​ផ្ទះបាយ​ និង​កម្រាលឥដ្ឋ​បន្ទប់ទឹក
​ដោយ​ចាក់ទឹក​សាប៊ូ​លាងចាន​ 2ស្លាបព្រាបាយ​ទៅ​ក្នុង​ធុង​ដែល​មាន​ទឹក​ក្តៅ​ឧណ្ហ​ៗ ហើយ​ជូត​សម្អាត​កម្រាល​ឥដ្ឋការ៉ូ​ទាំងនោះ​ វា​នឹង​ធ្វើ​ឱ្យ​កម្រាលឥដ្ឋ​នោះ​ស្អាត​ហ្មត់ចត់​រលោង​លែង​រអិល​ និង​ថែមទាំង​ក្រអូប​ក្លិន​ក្រូចឆ្មារ​របស់​ទឹកសាប៊ូ​លាងចាន​ទៀតផង​។

3. សម្អាត​គ្រឿងសង្ហារិម​ខាងក្រៅ​ផ្ទះ​
បន្តក់​ទឹកសាប៊ូ​លាងចាន​ទៅ​ក្នុង​ចាន​ដែល​មាន​ទឹក​ក្តៅ​ឧណ្ហ​ៗ បន្ទាប់ពី​នោះ​យក​ទៅ​ជូត​សម្អាត​តុ​ និង​កៅអី​ដែល​នៅក្នុង​សួនច្បារ​ ឬនៅ​លើរាន​ហាល​ខាងក្រៅ​ផ្ទះ​ បន្ទាប់មក​លាង​សម្អាត​ដោយ​ទឹក​ស្អាត​… ស្នាម​ប្រឡាក់​ផ្សេង​ៗ និង​កំណក​ធូលី​ដី​ទាំងប៉ុន្មាន​នឹង​រលាយ​បាត់​អស់​មិនខាន​។

4. សម្អាត​ក្រាសសិតសក់​ និង​ច្រាស​
ភាព​កខ្វក់​ដែល​កក​ជាប់​នៅ​លើ​ក្រាសសិតសក់​បង្ក​ខ្លួន​ឡើង​ពី​ផលិតផល​កែច្នៃ​សក់​ និង​ជាតិ​ខ្លាញ់​លើ​ស្បែក​ក្បាល​ ដូច្នេះ​ចូរ​សម្អាត​វា​ដោយ​ទឹកសាប៊ូ​លាងចាន​លាយ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហ​ៗ ដោយ​ត្រាំ​ទុកចោល​មួយស្របក់​ បន្ទាប់មក​យក​ច្រាស​ដុសធ្មេញ​ មក​ដុសខាត់​ស្នាម​កំណក​កខ្វក់​ដែល​នៅ​ជាប់​សេសសល់​ទាំងនោះ​ចេញ​។

5. ប្រើ​បោកគក់​ខោអាវ​ណា​ដែល​ត្រូវ​ថែទាំ​ជាពិសេស
​យើង​អាច​ប្រើ​ទឹកសាប៊ូ​លាងចាន​ជំនួស​សាប៊ូម្សៅ​ ដើម្បី​បោកគក់​សម្លៀកបំពាក់​ណា​ដែល​ត្រូវការ​ការថែទាំ​ជាពិសេស​បាន​ដូចគ្នា​។

6. ប្រើ​សម្រាប់​ទាក់ទាញ​ និង​កម្ចាត់​សត្វល្អិត
បន្តក់​ទឹកសាប៊ូ​លាងចាន​ 3ដំណក់​ចូល​ទៅ​ក្នុង​ចាន​ទឹក​សាជូរ​(ដែល​នឹង​ទាក់ទាញ​សត្វ​ល្អិត​ៗឱ្យមក​តោង​) ទឹក​ល្បាយ​នេះ​នឹង​កាត់បន្ថយ​ភាព​តឹង​លើ​ផ្ទៃ​ទឹក​ និង​ធ្វើ​ឱ្យ​សត្វល្អិត​ទាំងនោះ​លង់ទឹក​ស្លាប់​នៅទីបំផុត​។

7. កម្ចាត់​ស្នាម​ប្រឡាក់​លើ​កម្រាលព្រំ​
លាយ​ទឹកសាប៊ូ​លាងចាន​ 1ស្លាបព្រាបាយ​នៅក្នុង​ទឹក​ក្តៅ​ឧណ្ហ​ៗ 2កូនចាន​ ហើយ​យក​ក្រ​ណា​ត់ស​ជ្រលក់​ទឹក​ល្បាយ​នោះ​យក​មក​សង្កត់​ៗពីលើ​ស្នាម​ប្រឡាក់​ រហូត​ទាល់តែ​ស្នាម​ប្រឡាក់​នោះ​ជ្រាបចូល​មក​នៅក្នុង​ក្រ​ណា​ត់ស​ និង​រលុប​បាត់​អស់ពី​កម្រាលព្រំ​ បន្ទាប់ពី​នោះ​ជូត​សម្អាត​ដោយ​ទឹក​ស្អាត​ និង​យក​ក្រណាត់​ស្អាត​មក​ជូត​ប្តិ​តទឹក​ចេញ​ឱ្យ​ស្ងួត​។

8. ជូត​សម្អាត​ទូ​ដាក់​ម្ហូប​នៅក្នុង​ផ្ទះបាយ​
ទូ​ដាក់​ម្ហូប​នៅក្នុង​ចង្ក្រានបាយ​ក៏អាច​ប្រឡាក់​បាន​ដែរ​តាមរយៈ​ខ្លាញ់​ និង​អា​ហារ​ផ្សេង​ៗដែល​កំពប់​ ឬខ្ទាត​ទៅ​ប្រឡាក់​ ដូច្នេះ​ចូរ​លាយ​ទឹកសាប៊ូ​លាងចាន​បន្តិច​នៅក្នុង​កំប៉ុង​បាញ់​ទឹក​(ដប​ស្រ្បៃយ៍​)ដែល​មាន​ទឹក​ក្តៅ​ឧណ្ហ​ៗ ហើយ​បាញ់​ឱ្យ​សព្វ​ពីលើ​កន្លែង​មានស្នាម​ប្រឡាក់​ បន្ទាប់ពី​នោះ​ជូត​ចេញ​ដោយ​ក្រណាត់​ជ្រលក់​ទឹក​ស្អាត​ដែល​ពូត​ឱ្យ​ស្ងួត​រួចហើយ​។

បានដឹង​ពី​គុណ​ប្រយោជន៍​ល្អ​ៗផ្សេងទៀត​របស់​ទឹកសាប៊ូ​លាងចាន​ដូច​ខាងលើ​នេះ​ហើយ​ កុំ​ភ្លេច​ប្រាប់​តៗ​គ្នា​ផង​ណា៎​៕

Advertisement