បើ​មិនអាច​បំភ្លេច​គេ​បានទេ គ្រាន់តែ​ចាំ​ថា គេ​ឈប់​ស្រឡាញ់​យើង​ទៅបាន​ហើយ

គឺជា​រឿង​ធម្មតា​របស់​ “សេចក្ដីស្នេហា​” ដែល​ត្រូវតែ​ប្រសព្វ​ជួបនឹង​ “ក្តី​សមបំណង​” និង​ “ក្តី​ខកបំណង​” … “សេចក្តី​សុខ​” និង​ “ក្តី​ទុក្ខសោក​” តែបើ​បាន​ជួបនឹង​សេចក្ដីស្នេហា​ដែ​លល្អៗ​ នោះ​គឺ​បានន័យ​ថា​ អ្នក​សំណាងល្អ​ណាស់​…ចុះបើ​ជួបនឹង​ស្នេហា​ដែល​ខកបំណង​ ដែល​ចង់​ “បំភ្លេច​” និង​ទោះជា​ខំប្រឹង​បំភ្លេច​យ៉ាងណា​ ក៏​មិន​អាច​បំភ្លេច​បាន​ ព្រោះ​វា​នៅតែ​ដក់​ដិតជាប់​នៅក្នុង​បេះដូង​វិញ​នោះ​ តើ​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា​? តើ​អ្នក​ធ្លាប់​ដាក់​សំណួរ​បែបនេះ​ចំពោះខ្លួន​ឯង​ដែរ​ឬទេ​?

ពិតហើយ​ ដែល​ការ​ចងចាំ​របស់​មនុស្សយើង​ម្នា​ក់ៗ​វា​ខុសគ្នា​ អ្នកខ្លះ​ឆាប់​ភ្លេច​ អ្នកខ្លះ​ក្រ​ភ្លេច​និង​អ្នកខ្លះ​មិន​ងាយ​ភ្លេច​ ទោះជា​ខំព្យាយាម​បំភ្លេច​យ៉ាងណា​ ក៏​មិន​អាច​បំភ្លេច​បាន​ដែរ​… នៅ​ក្នុង​ខួរក្បាល​នៅតែ​វិលវល់​ នឹកឃើញ​តែ​រូបភាព​ចាស់​ៗ រឿងរ៉ាវ​កាលពី​អតីត​ អា​រម្ម​ណ៍​ចាស់​ៗពីមុន​ដែល​រូប​អ្នក​ ឬគេ​ធ្លាប់​បាន​ប្រគល់​ឱ្យ​គ្នា​ទៅវិញទៅមក​ ទីកន្លែង​ដែល​ធ្លាប់​ដើរ​ដឹកដៃ​គ្នា​កាល​គ្រាដំបូង​ ហាង​ដែល​យើង​ធ្លាប់​ញ៉ាំបាយ​ជាមួយគ្នា​ជាប្រចាំ​ កុន​រឿង​នោះ​ដែលគេ​ ឬនាង​ចូលចិត្ត​មើល​។ល។

ពិតមែនហើយ​ថា​ “ពេលវេលា​មិន​អាច​ធ្វើ​ឱ្យ​នរណា​ភ្លេច​នរណា​បាន​ឡើយ​” តែ​វិធី​ដែល​ល្អ​បំផុត​នោះ​គឺ​ បើ​នៅតែ​មិន​អាច​បំភ្លេច​គេ​បាន​ក៏​គ្រាន់តែ​ចាំ​ថា​ គេ​លែង​ស្រឡាញ់​យើង​ទៅ​បាន​ហើយ​ និង​សួរ​ខ្លួនឯង​ថា​ តើ​ហេតុអ្វីបានជា​យើង​មិនព្រម​ប្រមូល​ការ​ចង​ចាំ​ចាស់​ៗ អនុស្សាវរីយ៍​ចាស់​ៗដែល​យើង​ និង​គេ​ធ្លាប់ធ្វើ​រួមគ្នា​ទាំងនោះ​ដាក់​ចូល​ទៅ​ក្នុង​ទីជម្រៅ​នៃ​បេះដូង​ រួច​ចាក់សោ​បិទ​វា​ឱ្យ​ជិត​ ឈប់​រំឭក​ ឈប់​នឹកឃើញ​នោះ​ឱ្យ​អស់​ទៅ​? រួចហើយ​រង់ចាំ​ដល់​ថ្ងៃណាមួយ​ដែល​អ្នកមាន​អារម្មណ៍​ថា​ ត្រៀមខ្លួន​រួចរាល់​ជាថ្មី​ម្តង​ទៀត​ និង​ស្នាមរបួស​ដែល​ធ្លាប់​មាន​នោះ​ វា​ជា​សះ​ស្រួលបួល​ហើយ​ សឹម​បើកទ្វារ​បេះដូង​ជាថ្មី​ម្តង​ទៀត​ ទទួលយក​អ្នកថ្មី​ ក៏​វា​មិនមែន​ជា​រឿង​អី​ប្លែក​ដែរ​។

ចូរ​សាកល្បង​សួរ​បេះដូង​ខ្លួនឯង​ទៅ​មើល​ថា​ តើ​ចង់​មាន​សេចក្តី​សុខ​ជាមួយ​បច្ចុប្បន្ន​ ឬចង់​មាន​សេចក្តី​សុខ​ជាមួយនឹង​អតីតកាល​ដែល​កន្លង​ហួសទៅហើយ​ ដែល​វា​មិន​អាច​នឹង​វិល​ត្រឡប់​មក​ឱ្យ​យើង​កែកុន​ជាថ្មី​ទៀត​បាន​នោះ​?ចូរ​កុំ​ភ្លេច​ថា​ ជីវិត​ត្រូវតែ​ឈានទៅមុខ​ជានិច្ច​ ហើយ​អ្វី​ដែល​សំខាន់​នោះ​គឺ​… ការ​ចងចាំ​គ្រាន់តែ​ជា​ចំណែក​តូច​មួយ​ក្នុង​ជីវិត​ប៉ុណ្ណោះ​ មិនមែន​ក្នុង​ជីវិត​ទាំងមូល​របស់​យើង​ឡើយ​៕

Advertisement