តំបន់​ទេសចរណ៍​សំ​ខាន់​ៗក្នុង​តំបន់​អាស៊ាន​សម្រាប់​គូ​ស្វាមី​ថ្មោងថ្មី​ទៅ​កម្សាន្ត​ក្រោយ​រៀប​អាពាហ៍​ពិពាហ៍​

1. កម្ពុជា​ : ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​សាកលលោក​ទទួលស្គាល់​ថា​ ជា​ប្រទេស​ដែល​មាន​វប្បធម៌​ អរិយធម៌​ដ៏​ផូរផង់​ និង​មាន​វ័យ​ចំណាស់​ជាងគេ​នៅក្នុង​តំបន់​អាស៊ី​។ ដោយ​ឡែក​សម្រាប់​តំបន់​កម្សាន្ត​ ឬតំបន់​ទេសចរណ៍​វិញ​ ក៏​មាន​ច្រើន​អណេ​ករាប់មិនអស់​ ដែល​ក្នុង​នោះ​មាន​ទាំង​តំបន់​ទេសចរណ៍​វប្បធម៌​ធម្មជាតិ និង​តំបន់​ទេសចរណ៍​បែប​កែច្នៃ​។ ហើយ​សម្រាប់​តំបន់​ដែល​ស័ក្ដិសម​បំផុត​សម្រាប់​គូ​ស្វាមីភរិយា​ថ្មោងថ្មី​កម្សាន្ត​អារម្មណ៍​នៅក្នុង​ដំណើរ​ក្រេប​ចន្ទ​ទឹកឃ្មុំ​នា​ពេលនេះ​ គឺ​រួមមាន​ដូចជា​ តំបន់​ដែល​ស្ថិតនៅ​ភាគ​ឦសាន​ (ខេត្តមណ្ឌលគីរី​ និង​រតនៈ​គិរី​), តំបន់​សមុទ្រ​នា​ក្រុង​កំពង់សោម​ កំពត​ ជាពិសេស​ នៅ​លើកំពូល​ភ្នំ​ឋានសួគ៌​បូកគោ​ដែល​មាន​អាកាសធាតុ​ត្រជាក់​គ្រប់​រដូវ​កាល​។

2. ម៉ាឡេស៊ី​ : ថ្វី​ដ្បិតតែ​ម៉ាឡេស៊ី​ជា​ប្រទេស​ដែល​នៅ​ជិត​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​ពិតមែន​ ប៉ុន្តែ​ប្រទេស​នេះ​ក៏​ជា​តំបន់​ដែល​មានការ​ពេញនិយម​យ៉ាង​សម្បើម​ពីសំណាក់​ភ្ញៀវ​ទេសចរ​មិនចាញ់​បណ្តា​ប្រទេសជិតខាង​ខ្លួន​មួយចំនួន​ទៀត​នោះ​ឡើយ​។ នៅ​ម៉ាឡេស៊ី​ មាន​ទីកម្សាន្ត​ដ៏​អស្ចារ្យ​ជាច្រើន​ដូចជា៖អគារ​ភ្លោះ​ខ្ពស់កប់ពពក​ ដែល​ជា​និមិត្តសញ្ញា​នៃ​ប្រទេស​មួយ​នេះ​ រួម​ជាមួយនឹង​ក្លោងទ្វារ​ព្រះរាជវាំង​ វិមាន​វីរជន​ និង​ដងទង់​ជាតិ​ឯករាជ្យ​។ បន្ថែម​ពីនេះ​នៅ​មាន​កំ​ពូ​លភ្នំហ្គេន​ធីង​ ដែល​ទីនេះ​លោកអ្នក​អាច​រីករាយ​ជាមួយ​ការ​ជិះ​កន្ត្រក​ខ្សែកាប​ ដែល​មាន​ប្រវែង​វែង​ជាងគេ​នៅ​អាស៊ី​អាគ្នេយ៍​ ក៏ដូចជា​រមណីយ​ដ្ឋាន​ និង​កាស៊ីណូ​ដ៏​ធំ​នៅ​លើកំពូល​ភ្នំ​ ជាមួយនឹង​អាកាសធាតុ​ដ៏​សែន​ត្រជាក់​នារ​ដូវ​ចុងឆ្នាំ​ផង​ដែរ​។ ក្រៅពី​នេះ​ នៅ​មាន​សួនឧទ្យាន​ឌែម​ផាក​, រូងភ្នំ​ខ្យល់​ខ្មៅ​, ហាង​លក់​ផលិតផល​ក្នុង​ស្រុក​ និង​ហាង​លក់​ត្បូងពេជ្រ​ដ៏​សម្បូរ​បែប​ប្រចាំ​នៅ​ទីក្រុង​ម៉ា​ឡា​កា​ នៃ​ប្រទេស​ម៉ាឡេស៊ី​។

3. ហុងកុង​ : ហុងកុង​ គឺជា​កោះ​ដ៏​តូច​មួយ​ តែ​មាន​សក្តា​នុ​ពល​ផ្នែក​វិស័យ​ពាណិជ្ជកម្ម​យ៉ាង​ខ្លាំងក្លា​ និង​ជាទី​ក្រុង​ស្វយ័ត​របស់​ប្រទេស​ចិន​។ ដោយសារតែ​ភាព​លេចធ្លោ​ផ្នែក​សេដ្ឋកិច្ច​ ក៏ដូចជា​ការ​អភិវឌ្ឍ​ក្នុង​តំបន់​មាន​កំណើន​ឥត​ឈប់ឈរ​ ជាពិសេស​វិស័យ​ហេដ្ឋារចនាសម្ពន្ធ​រួមមាន​ដូចជា​ អគារ​ខ្ពស់​ៗជាច្រើន​ ផ្លូវថ្នល់​ ផ្លូវ​ក្រោម​ដី​ លើ​អាកាស​ និង​ស្ពាន​ខ្វាត់ខ្វែង​ស្អេកស្កះ​ ក៏ដូចជា​ការ​អភិវឌ្ឍ​កែច្នៃ​តំបន់​កម្សាន្ត​មួយចំនួន​ផង​នោះ​បាន​ធ្វើ​ឱ្យ​ទីក្រុង​មួយ​នេះ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​ភ្ញៀវ​ទេសចរ​រហូត​ត្រូវ​បាន​គេដាក់​រហស្សនាម​ឱ្យ​ថា​ ជាទី​ក្រុង​គជ់​ ដ្បិត​នៅ​ហុងកុង​មាន​ភាព​ស្រស់​ស្អាត​គួរ​ជាទី​ទាក់ទាញ​បំផុត​នា​ពេល​រាត្រី​។ ក្រៅពី​នេះ​ហុងកុង​ ក៏​មាន​តំបន់​កម្សាន្ត​ជាច្រើន​ទៀត​រាប់ទាំង​រមណីយដ្ឋាន​បែប​ធម្មជាតិ​, វប្បធម៌​ និង​បែប​កែច្នៃ​ផ្សេងទៀត​ ដែល​សុទ្ធតែ​កំពុង​មានការ​ពេញនិយម​ជា​ខ្លាំង​ ដូចជា​ សួន​ឧទ្យាន​ឌី​សនី​ឡែន​, ទស្សនា​ពិភព​បាតសមុទ្រ​ជាមួយនឹង​សម្រស់​ផ្កាថ្ម​ និង​ហ្វូង​ត្រី​តូច​ធំ​ចម្រុះ​, ការ​ជិះរទេះ​ភ្លើង​ក្នុង​ល្បឿន​លឿន​ជិះ​កន្ត្រក​ខ្សែកាប​ទស្សនា​សម្រស់​ធម្មជាតិ​នៃ​ជ្រលងភ្នំ​ ក៏ដូចជា​ទៅ​កម្សាន្ត​នៅ​សួនសត្វ​ខ្លាឃ្មុំ​ដ៏​គួរ​ឱ្យ​ស្រឡាញ់​ជាដើម​។

4. កូរ៉េ​ : នៅក្នុង​ប្រទេស​កូរ៉េ​សម្រាប់​អាកាសធាតុ​នា​អំឡុង​ចុងឆ្នាំ​ វា​ហាក់ដូចជា​មាន​អាកាសធាតុ​ត្រជាក់​ខ្លាំង​បន្តិច​បើ​ប្រៀបធៀប​នឹង​អាកាសធាតុ​នារ​ដូវ​ធ្លាក់​ខ្យល់​នៅក្នុង​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​បើ​និយាយ​ពី​ទិដ្ឋភាព​ និង​ភាព​ទាក់ទាញ​ចំពោះ​ប្រទេស​កូរ៉េ​នៅក្នុង​រដូវ​នេះ​គឺ​បាន​អូសទាញ​និង​ស្រូប​យក​បណ្តា​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិសាសន៍​ជាច្រើន​នៅ​ទូទាំង​សាកលលោក​ឱ្យមក​ទស្សនា​កម្សាន្ត​យ៉ាងច្រើន​កុះករ​។ ដោយឡែក​នៅក្នុង​ឱកាស​ចុងឆ្នាំ​ និង​មាន​ពិធីបុណ្យ​ជិះ​ស្គី​លេង​នៅ​លើ​ព្រិល​ទឹកកក​ដែល​គេ​ប្រា​រព្វ​ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ​នៅ​ទីលាន​ដ៏​ស្រស់​ស្អាត​មួយ​ស្ថិតនៅ​ក្នុង​រមណីដ្ឋាន​ភ្នំ​ព្រិល​ (Yong​ Pyong​ Ski​ Resort​) ស្ថិតនៅ​ក្បែរ​ឧទ្យានជាតិ​ភ្នំ​សូ​រ៉ា​ក់​សាន​ ឬហៅ​ថា​កំពូលភ្នំ​ព្រិល​នៅ​លើ​ជួរ​ភ្នំ​ថា​យប៉ាយ​ ហើយ​ភ្ញៀវ​ទេសចរ​ទាំងអស់​អាច​ទៅ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ ឬលក្ខណៈ​គូ​ស្វាមីភរិយា​យ៉ាង​សប្បាយរីករាយ​ក្រៃលែង​។ បន្ថែម​ពីនេះ​ក៏អាច​បន្តដំណើរ​ទៅ​ទីក្រុង​សេអ៊ូល​ដែល​ជា​មណ្ឌល​សេដ្ឋកិច្ច​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​, ទស្សនា​ព្រះបរមរាជវាំង​បុ​រា​ណក្យុង​បុក​, កោះ​ណា​មីុ​, ព្រះវិហារ​បុរាណ​ស៊ីញ​ហេង​, វិហារ​ណា​ក់​សាន​សា​, ផ្សារ​ទំនើប​យេ​ជូ​, មជ្ឈ​មណ្ឌល​គី​មឈី​ ដែល​ជា​ម្អូប​ដ៏​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​កូរ៉េ​, ផ្សារ​រា​ត្រី​ម៉ី​ងតុង​, ទៅ​ទស្សនា​ពិភព​បាតសមុទ្រ​, រមណីយដ្ឋាន​ ឡត​តេ​ វើលដ៍​ រួម​ទាំង​កន្លែង​កម្សាន្ត​ដ៏​គួរ​ឱ្យ​ទាក់ទាញ​ជាច្រើន​ទៀត​រាប់មិនអស់​។

5. ឥណ្ឌូណេស៊ី​ : ឥណ្ឌូណេស៊ី​ គឺជា​ប្រទេស​សមាជិក​មួយ​ក្នុង​អាស៊ាន​ ដែល​មាន​អរិយធម៌​ចំណាស់​ និង​ជា​ប្រទេស​ដែល​មាន​ប្រជាជន​កាន់​សាស​នា​អីុ​ស្លាម​ច្រើន​ជាងគេ​បំផុត​នៅ​ទូទាំង​សាកលលោក​។ បើ​និយាយ​ពី​វិស័យ​ទេសចរណ៍​វិញ​ សម្រាប់​ប្រទេស​ឥណ្ឌូណេស៊ី​ ហាក់​មិនសូវ​ខុសពី​បណ្តា​ប្រទេស​មួយចំនួន​ដែល​ស្ថិតនៅ​ជិតខាង​របស់​ខ្លួន​ឡើយ​ ពោល​គឺ​អាច​មានលទ្ធភាព​ទាក់ទាញ​ភ្ញៀវ​ទេស​ចរ​គ្រប់ទិសទី​ឱ្យមក​ចាប់អារម្មណ៍​ទស្សនា​តំបន់​អច្ឆ​រិយៈ​ដែល​មាន​ប្រាសាទបុរាណ​អាយុកាល​រាប់​រយ​ឆ្នាំ​ រួម​ជាមួយនឹង​តំបន់​កម្សាន្ត​បែប​ធម្មជាតិ​ និង​បែប​កែច្នៃ​ជាច្រើន​កន្លែង​ផង​ដែរ​ដូចជា​ ៖ ឧទ្យានជាតិ​ ប៊ូ​គីត​ បារី​សាន​ សេ​ឡា​តាន​ (Bukit​ Barisan​ Selatan​) កោះ​ស៊ូ​ម៉ា​ត្រា​ ឧទ្យានជាតិ​ ប៊ូ​គីត​ បារី​សាន​ សេ​ឡា​តាន​ឧទ្យាន​ហ្គូនុង​ ឡេ​សឺរ​ កេរី​នស៊ី​ សេ​ប្លាត​ (Gunung​ Leuser​ Kerinci​ Seblat​) ជាពិសេស​តំបន់​ព្រៃ​ត្រូពិច​ដែល​ត្រូវ​បាន​អង្គការ​យូ​ណេស្កូ​ (UNESCO​) ទទួលស្គាល់​ថា​ជា​សម្បត្តិ​បេ​តិ​កភ័​ណ្ឌ​ពិភពលោក​កាលពី​ឆ្នាំ2004​។

6. មីយ៉ាន់ម៉ា​ : សម្រាប់​មីយ៉ាន់ម៉ា​ក៏​មាន​តំបន់​អច្ឆ​រិយៈ​ប្រចាំ​ប្រទេស​របស់​ខ្លួន​ដែរ​ ដែល​ក្នុង​នោះ​រួមមាន​ដូចជា​ ទន្លេ​អា​យើ​វ៉ា​ឌី​មាន​ប្រវែង​ជាង2,000​ គីឡូម៉ែត្រ​, ប្រាសាទ​ឈ្មោះ​ អា​ណា​នដា​ (Ananda​) ដែល​មាន​ដំបូល​រៀបចំ​ជា​ជាន់​ៗយ៉ាង​ច្រើន​ ព្រម​ជាមួយនឹង​រូបសំណាក​ព្រះពុទ្ធរូប​ធ្វើ​ពី​មាស​សុទ្ធ​ កម្ពស់9ម៉ែត្រ​ចំនួន4អង្គ​ រួម​ជាមួយនឹង​ផ្ទាំងគំនូរ​រាប់​រយ​ទៀត​ ដែល​និយាយ​ពី​ដំណើរ​ជីវិត​របស់​ព្រះអង្គ​។ ជាមួយគ្នា​នេះ​ ប្រាសាទ​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ដូចគ្នា​នេះ​ដែរ​គឺ​មាន​ប្រាសាទ ស្វេ​ស៊ី​ហ្គុន​ (Shwezigon​) មាន​ចេតិយ​មាស​ ដែលគេ​និយាយ​តគ្នា​ថា​មាន​ផ្ទុក​នូវ​ធាតុ​ដងកាំបិត​ និង​ព្រះ​ទន្ដ​(ធ្មេញ​)របស់​ព្រះពុទ្ធ​។ បន្ថែម​ពីនេះ​នៅ​មាន​ទីក្រុង​បុ​រា​ណបា​ហ្គាន​ ទីក្រុង​ម៉ាន​ដា​ឡៃ​ (Mandalay​) ជាពិសេស​គឺ​ភូមិ​សម្បូរ​រុក្ខជាតិ​មួយ​ហៅថា​ កាថា​ (Katha​) ដែល​អាច​ដើរ​រុករក​ដោយ​ថ្មើរជើង​យ៉ាង​ងាយស្រួល​នៅពេល​លោកអ្នក​បាន​ទៅដល់​ទីនោះ​ និង​មាន​ប្រជាជន​ចម្រុះ​ជាតិសាសន៍​ ភូមា​ កា​ឈីន​ និង​ចិន​។ ភូមិ​នេះ​ក៏​ជាទី​តាំង​ដ៏​ល្បី​ផង​ដែរ​សម្រាប់​រឿងប្រលោមលោក​ Bur​-mese​ Days​ របស់​លោក​ George​ Orwell​។

7. វៀតណាម​ : នៅក្នុង​ប្រទេសជិតខាង​ ដែល​នៅ​ទិសខាងកើត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មួយ​នេះ​ក៏​មាន​តំបន់​កម្សាន្ត​ច្រើន​ស្អេកស្កះ​មិនចាញ់​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី​ដែរ​។ ប៉ុន្តែ​សម្រាប់​តំបន់​ទេសចរណ៍​ដែល​ល្បីឈ្មោះ​ជាងគេ​ និង​តែង​ទទួល​បាន​ភ្ញៀវ​យ៉ាង​ក្រាស​ក្រែល​នា​ឱកាស​ចុងឆ្នាំ​នេះ​ គឺ​ក្រុង​ដា​ឡាត់​។ ដា​ឡាត់​ គឺជា​ទីក្រុង​ដ៏​ល្បីឈ្មោះ​មួយ​កន្លែង​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​កាលពី​អំឡុង​សតវត្សរ៍​ទី19​ ស្ថិតនៅ​ក្នុងទឹក​ដី​នៃ​ខេត្ត​ឡាំ​ដុង​ និង​ជា​តំបន់​ភ្នំ​មាន​រយៈកម្ពស់​ប្រមាណ​1,500ម៉ែ​ត្រ​ពី​នេ​វ៉ូ​ទឹកសមុទ្រ​ ដោយមាន​មនុស្ស​រស់នៅ​ប្រមាណ​ជាង20ម៉ឺន​នាក់​ ប៉ុន្តែ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​ចូល​មក​កម្សាន្ត​ច្រើនជាង​ប្រជាជន​ក្នុង​ស្រុក​រហូតដល់​ប្រមាណ​ជាង10​%។ លោកអ្នក​អាច​ចំណាយពេល​ធ្វើដំណើរ​ប្រមាណ​ជាង4ម៉ោង​ ដើម្បី​ទៅដល់​គោលដៅ​ខាងលើ​ដោយ​ផ្ដើម​ចេញពី​ទី​ក្រុង​ហូ​ជី​ម៉ិញ​នៃ​ប្រទស​វៀតណាម​ ឆ្លងកាត់​តំបន់​កម្សាន្ត​ញ៉ា​ត្រាង​។ នៅ​ទីនេះ​ក្រៅពី​មាន​អាកាសធាតុ​ត្រជាក់​ល្អ​បែប​ធម្មជាតិ​ និង​លម្អ​សោភ័ណ្ឌភាព​ទូទាំង​តំបន់​ទៅ​ដោយ​សម្រស់​នៃ​ចំការ​ផ្កា​ដែល​ត្រូវ​បាន​គេ​រៀបចំ​កែច្នៃ​យ៉ាង​ស្រស់​ស្អាត​ពេញ​មួយឆ្នាំ​ ថែមទាំង​មាន​ធនធាន​ធម្មជាតិ​យ៉ាង​សម្បូរ​បែប​មិនចាញ់​តំបន់​កម្សាន្ត​នៅ​តាម​ប្រទេស​មួយចំនួន​ទៀត​លើ​សាកលលោក​នោះ​ឡើយ​ ដែល​ក្នុង​នោះ​រួមមាន​ដូចជា​រុក្ខជាតិ​តូច​ធំ​ដុះ​ព្រោងព្រាត​ពណ៌ខៀវ​ស្រងាត់​ មាន​បឹង​ធម្មជាតិ​ តំបន់​ទឹកជ្រោះ​ ជ្រលងភ្នំ​ និង​សំណង់​ទួ​អេ​ហ្វ​ហ្វែ​លជាដើម​៕

Advertisement