ដើម្បី​ទទួល​បាន​ស្បែក​ស្រស់​ស្អាត​តើ​ត្រូវ​ធ្វើ​ដូចម្តេច​?

នៅពេល​ដែល​ស្បែក​របស់​អ្នកប្រែ​មក​ជា​មាន​សភាព​ស្រអាប់​ ស្ងួត​ជ្រីវជ្រួញ​ នោះ​សម្រស់​របស់​អ្នក​ក៏​ត្រូវ​រសាត់​បាត់​ទៅ​ម្តង​បន្តិច​ៗដោយ​មិនដឹង​ខ្លួន​ផង​ដែរ​ ហើយ​សញ្ញាណ​នៃ​ភាព​ចាស់​ក៏​នឹង​លេចចេញ​មក​នៅ​លើ​ស្បែក​របស់​អ្នក​។ ចង់​កែប្រែ​ស្ថានភាព​ដ៏​យ៉ាប់​យឺន​នេះ​ ឡា​រ៉ែ​ន សូម​ណែនាំ​វិធី​ថែរក្សា​ និង​ការពារ​ស្បែក​របស់​អ្នក​ មិនថា​ជា​ស្បែក​មុខ​ ឬស្បែក​ដងខ្លួន​ឱ្យ​ស្រស់​ស្អាត​ ដោយ​យកចិត្ត​ទុកដាក់​ថែរក្សា​ស្បែក​តាមរយៈ​វិធីសាស្ត្រ​មួយចំនួន​ដូច​ខាងក្រោម​៖

ទទួលទាន​អាហារ​ ដើម្បី​ទទួល​បាន​ស្បែក​ស្រស់​ស្អាត​
ដើម្បី​ឱ្យ​ស្បែក​របស់​អ្នក​កាន់តែ​ស្រស់​ស្អាត​នោះ​ អ្នក​ក៏​ត្រូវ​ចៀសវាង​ការ​ទទួលទាន​អាហារ​មួយចំនួន​ដែល​អាច​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នកមាន​សភាព​ជ្រីវជ្រួញ​ដូចជា​ អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ ខ្លាញ់​ (ជាពិសេស​ខ្លាញ់​ពណ៌លឿង​ដែល​មាននៅ​ក្នុង​អាហារ​បំពង​ជាដើម​) អាហារ​ដែល​មាន​ជាតិ​ប្រៃ​ កាហ្វេ​ និង​សារធាតុ​អាល់កុល​ជាដើម​ ព្រោះ​សារធាតុ​អស់ទាំង​នេះ​អាច​ធ្វើ​ឱ្យ​រាងកាយ​ឆាប់​បាត់បង់​ជាតិទឹក​ដែល​ជា​មូលហេតុ​នាំ​ឱ្យ​ស្បែក​ឆាប់​ជ្រីវជ្រួញ​។ នៅពេល​ដែល​ស្បែក​កំពុង​ដំណើរការ​ទៅ​រក​ភាពទ្រុឌទ្រោម​ហើយ​នោះ​ អ្នក​គួរតែ​ឆ្លាតវៃ​ក្នុង​ការស្វែងរក​ដំណោះស្រាយ​។ បើ​សង្កេតឃើញ​ថា​ ស្បែក​របស់​អ្នក​ហាក់​មាន​សភាព​ស្ងួត​មិន​ភ្លឺរលោង​ស្រស់​ស្អាត​ដូចមុន​ អ្នក​គួរតែ​ផ្លាស់​ប្តូរ​របប​អាហារ​ដែល​អ្នក​ទទួលទាន​ដូចជា​ ប្តូរ​ពី​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ ឬផ្អែម​ខ្លាំង​មក​ជា​ អាហារ​ដែល​មាន​ផ្ទុក​ទៅ​ដោយ​វីតាមីន​ A , E, B1​, B12​ និង​អាហារ​ដែល​មាន​ជាតិទឹក​ច្រើន​ដូចជា​ទឹក​សណ្ដែក​ ឪឡឹក​ ត្រសក់​ ឬផ្លែ​ប៉ោម​ជាដើម​។ ទឹកដែល​អ្នកទទួល​ទាន​រាល់ថ្ងៃ​គឺជា​សារធាតុ​ដ៏​ចាំបាច់​បំផុត​សម្រាប់​ទ្រទ្រង់​រាងកាយ​ ហេតុនេះ​ការ​ទទួលទានទឹក​ឱ្យ​បាន​គ្រប់គ្រាន់​គឺជា​រឿង​ធំ​មួយ​ដែល​អ្នក​ត្រូវតែ​គិតគូរ​។

ប្រើប្រាស់​ផលិតផល​ ដើម្បី​ទទួល​បាន​ស្បែក​ស្រស់​ស្អាត​
ម្យ៉ាងវិញទៀត​បើ​អ្នក​សម្រេចចិត្ត​ថា​នឹង​ថែរក្សា​ស្បែក​ ដោយ​ការប្រើ​ប្រាស់​ផលិតផល​ថែរក្សា​ស្បែក​នោះ​ អ្នក​គួរតែ​ជ្រើសរើស​ផលិតផល​ណា​ដែល​ត្រូវ​នឹង​សភាព​ស្បែក​របស់​អ្នក​។ បន្ថែម​ពីលើ​សកម្មភាព​មួយចំនួន​ខាងលើ​ហើយ​នោះ​ អ្នក​ក៏​គួរតែ​អនុវត្ត​តាមវិធី​នៃ​ការ​ថែរក្សា​ស្បែក​មុខ​ និង​ដងខ្លួន​មួយចំនួន​ដូចជា​ ការ​លាង​សម្អាត​ស្បែក​ ជម្រុះ​ស្បែក​ខូច​ (ប៉ុន្តែ​អ្នក​មិន​ត្រូវ​ធ្វើ​វា​ញឹកញាប់​ពេក​ទេ​ ព្រោះ​វា​នឹងអាច​បំផ្លាញ​ស្បែក​របស់​អ្នក​វិញ​ជាមិនខាន​) និង​ការ​បន្ថែម​សំណើម​ទៅ​ឱ្យ​ស្បែក​ជាដើម​។ ក្រៅពី​នេះ​អ្នក​ក៏​ត្រូវការ​ពារ​ស្បែក​ពី​កាំរស្មី​ព្រះអាទិត្យ​ឱ្យ​បាន​ល្អ​ផង​ដែរ​ព្រោះ​ពន្លឺថ្ងៃ​នេះ​ក៏​ជាផ្នែក​ចម្បង​មួយ​ដែល​នាំ​ឱ្យ​ស្បែក​មាន​សភាព​ជ្រីវជ្រួញ​ មានស្នាម​អុជ​ខ្មៅ​នៅ​លើ​ស្បែក​ ឬមាន​បញ្ហា​រលាក​រោល​ជាដើម​។ ហេតុនេះ​ដើម្បី​ការពារ​ស្បែក​ ឱ្យ​រួចផុត​ពី​ការ​បំផ្លាញ​នៃ​ពន្លឺថ្ងៃ​ឱ្យ​បាន​ល្អ​បំផុត​នោះ​ អ្នក​គួរតែ​ប្រើ​ក្រែម​ការពារ​កម្តៅថ្ងៃ​ ស្ថិតនៅ​ក្រោម​កន្លែង​ម្លប់​នៅចន្លោះ​ម៉ោង10ព្រឹក​ដល់ម៉ោង4ល្ងាច​ (ព្រោះ​វា​ជា​រយៈពេល​ដែល​អាច​បំផ្លាញ​ស្បែក​បាន​ខ្លាំង​បំផុត​) ពាក់​ខោ​អាវ​វែង​ៗឱ្យ​ជិត​សាច់​ល្អ​។ រឿង​មួយទៀត​គឺ​មនុស្ស​មួយចំនួន​តែងតែ​ទម្លាប់​ងូតទឹក​ក្តៅ​ ហើយក៏​មិន​ផ្លាស់​ប្តូរ​ទម្លាប់​នេះ​ដែរ​ទោះបីជា​នៅ​រដូវ​ក្តៅ​ក៏ដោយ​។ ប៉ុន្តែ​ការ​ងូតទឹក​ក្តៅ​នៅ​រដូវ​ក្តៅ​នឹង​នាំ​ឱ្យ​ខ្សោះ​ជាតិទឹក​នៅ​លើ​ស្បែក​ និង​ស្បែក​ប្រែ​ទៅជា​ស្ងួត​បាន​។ សូម​ចាំ​ថា​ ការ​ធ្វើលំ​ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់​ជា​រឿង​សំខាន់​ ព្រោះ​វា​អាច​ជួយ​រក្សា​រាងកាយ​របស់​អ្នក​ឱ្យ​មាន​សុខភាព​ល្អ​។ ប្រសិនបើ​រាងកាយ​របស់​អ្នកមាន​សុខភាព​ល្អ​ និង​ដំណើរការ​ល្អ​ នោះ​នឹង​បង្ហាញ​ឱ្យ​ឃើញ​នៅ​លើ​ពណ៌​ស្បែក​របស់​អ្នក​ ដោយ​ពណ៌​សម្បុរស្បែក​របស់​អ្នក​នឹង​មាន​ពណ៌​ភ្លឺ​ថ្លា​ផូរផង់​ជាក់ជា​មិនខាន​ឡើយ​៕

Advertisement