7​ វិធី​ក្នុង​ការរចនា​ម៉ូដ​ផ្ទះ​ដោយខ្លួនឯង​ឱ្យ​ស្អាត​ត្រូវចិត្ត​ ប្រើការ​បាន​ និង​គោលការណ៍​ដំបូង​ដែល​គួរ​ដឹង​ មុន​ចាប់ផ្ដើម​ (ត​ចប់)

5. កំណត់​ថវិកា​ឱ្យ​ច្បាស់លាស់​បញ្ហា​មួយទៀត​របស់​ការ​តុបតែង​ផ្ទះ​ដែល​មនុស្សជា​ច្រើន​តែង​ជួប​នោះ​គឺ​ ទិញអីវ៉ាន់​ចូលផ្ទះ​ជក់ដៃ​ រហូត​ដល់​លើស​ថវិកា​កំណត់​។ ដោយសារតែ​ចង់បាន​សឹងតែ​ទាំងអស់​ រឹតតែ​ដើររក​ រឹតតែ​ជួប​របស់​ដែល​ត្រូវចិត្ត​ ដូច្នេះ​គួរ​កំណត់​ថវិកា​ដែល​នឹង​ចំណាយ​ឱ្យ​បាន​ច្បាស់លាស់​ និង​ព្យាយាម​គ្រប់គ្រង​ឱ្យ​នៅក្នុង​រង្វង់​ទឹកប្រាក់​ដែល​បាន​កំណត់​ទុក​នោះ​។ ការពារ​កុំឱ្យ​ការ​ចំណាយ​ថវិកា​រីក​ធំ​ ឬអាច​ចំណាយ​លើស​បាន​ តែត្រឹម​តែ​បន្តិចបន្តួច​ មិន​ច្រើន​រហូត​ជ្រុល​ពេក​។ អ្វី​ដែល​សំខាន់​ គឺ​កុំ​ភ្លេច​ធ្វើបញ្ជី​ទុក​ផង​ ដើម្បី​ឱ្យ​បានដឹង​ថា​ បាន​ចំណាយ​ទៅលើ​អ្វីខ្លះ​ និង​អាច​កាត់បន្ថយ​ត្រង់​ណា​ ដើម្បី​សន្សំសំចៃ​បាន​ថែមទៀត​។

6. សួរ​យោបល់​ពី​អ្នកដឹង​ទាំងអស់​នេះ​ គឺ​ដើម្បី​កាត់បន្ថយ​បញ្ហា​ដែល​នឹង​កើតឡើង​នៅពេល​ក្រោយ​។ គួរ​ប្រឹក្សា​ ឬសួរ​យោបល់​ពី​អ្នក​ដែល​ស្ថិតនៅ​ក្នុង​ពិភព​រចនា​ម៉ូដ​ផ្ទះ​ អាច​ជា​មនុស្ស​ដែល​ធ្លាប់ស្គាល់​ដែល​មាន​បទ​ពិសោធ​ ឬអ្នកជំនាញ​ ដូចជា​ស្ថាបត្យករ​ វិស្វករ​ ឬអ្នកជំនាញ​ខាង​តុបតែង​ខាងក្នុង​ជាដើម​ ព្រោះ​ពួកគេ​ទាំងនោះ​ មានចំណេះ​ដឹង​បែប​ស៊ីជម្រៅ​ អាច​ផ្ដល់​ការ​ប្រឹក្សា​ និង​ការណែនាំ​បាន​គ្រប់ជ្រុងជ្រោយ​ រួម​ទាំង​ការ​កែសម្រួល​ និង​កែខៃ​ចំណុច​មិន​សម​ប្រកប​ផ្សេង​ៗ ដើម្បី​ឱ្យ​ផ្ទះ​កាន់តែ​ស័ក្តិសម​នឹង​ក្រុម​គ្រួសារ​របស់​អ្នក​ និង​កាន់តែ​គួរ​ឱ្យ​ចង់​ស្នាក់នៅ​ទៀតផង​។

7.ជឿ​លើ​សញ្ជាតិ​ញាណ​របស់​ខ្លួនឯង​ខ្លះ​ផង​
ដោយសារតែ​ការរចនា​ម៉ូដ​ផ្ទះ​ គ្មាន​ការ​ខុស​ ហើយក៏​គ្មាន​ត្រូវ​ដែរ​នោះ​ ដូច្នេះហើយ​ទើប​អ្វី​ដែល​សំខាន់​នោះ​គឺ​ ភាព​ស័ក្តិសម​ និង​តម្រូវការ​។ ក្រៅពី​វិធីការ​រចនា​ម៉ូដ​ដែល​បាន​រៀបរាប់​មក​ហើយ​នោះ​ យើង​ក៏​មិន​ចាំបាច់​ត្រូវតែ​ធ្វើតាម​ឱ្យ​ដូ​ចប៉ាច់ៗ​គ្រប់​ចំណុច​នោះ​ដែរ​។ រឿង​មួយចំនួន​អាច​នឹង​មើលទៅ​ក្រៅតម្រា​ខ្លះ​ តែបើ​បាន​សាកល្បង​ពិចារណាមើល​ហើយ​ថា​ វា​ជា​អ្វី​ដែល​យើង​ស្រឡាញ់​ចូលចិត្ត​ និង​ចូល​គ្នា​នឹង​លក្ខណៈ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ខ្លួន​នោះ​ ចូរ​ជឿ​លើ​សញ្ជាតិ​ញាណ​ និង​ធ្វើតាម​តម្រូវការ​របស់​ខ្លួនឯង​ចុះ​ ឬអាច​និយាយ​បាន​យ៉ាង​ងាយ​ស្ដាប់​ថា​ បើ​មាន​អារម្មណ៍​ថា​ ត្រូវ​ ក៏​គឺ​ត្រូវ​ហើយ​ មិន​ចាំបាច់​ត្រូវ​ពឹងផ្អែក​ទៅតាម​អ្នកណា​ ឬតាម​ក្បួនតម្រា​សាងសង់​ផ្ទះ​តាមចិត្ត​អ្នកណា​ម្នាក់​ឡើយ​។

ការរចនា​ម៉ូដ​ផ្ទះ​មាន​ច្រើន​បច្ច័យ​ណាស់​ដែល​ពាក់ព័ន្ធ​ ដូច្នេះ​ក្រៅពី​រឿង​ការ​តុបតែង​ដែល​ស្រស់​ស្អាត​តាម​ចំណូលចិត្ត​ហើយ​នោះ​ ចូរ​កុំ​ភ្លេច​នឹកដល់​ចំនួន​សមាជិក​ក្នុង​ផ្ទះ​ លក្ខណៈ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ម្នា​ក់ៗ​ រួម​ទាំង​ភាព​ងាយស្រួល​រស់​នៅ​ផ្សេង​ៗផង​ ដើម្បី​ឱ្យ​ផ្ទះ​ក្លាយជា​ផ្ទះ​ដែល​គួរ​ឱ្យ​ស្នាក់នៅ​យ៉ាង​ពិតប្រាកដ​ និង​ដើម្បី​កុំឱ្យ​តាម​កែកុន​នៅពេល​ក្រោយ​ហ្នឹងឯង​៕

Advertisement