ខែត្រជាក់​គួរ​ងូតទឹក​ក្ដៅ​ ឬទឹក​ត្រជាក់​? មួយ​ណា​ល្អ​ជាង​សម្រាប់​សុខភាព​?

ការ​ងូតទឹក​ គឺជា​រឿង​មួយ​ក្នុងចំណោម​រឿង​មួយចំនួន​ ដែល​មនុស្ស​គ្រប់រូប​ធ្វើ​នៅពេល​ព្រឹក​ និង​ពេលល្ងាច​។ នៅពេល​អ្នក​ងូតទឹក​ វា​ផ្តល់​ឱ្យ​អ្នក​នូវ​ពេលវេលា​ដ៏​ល្អ​សម្រាប់​សម្អាត​រាងកាយ​របស់​អ្នក​។ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា​ ការ​ងូតទឹក​ក្ដៅ​ឧណ្ហ​ៗមាន​អត្ថ​ប្រយោជន៍​ដែរ​ឬទេ​? ភាគច្រើន​យើង​គឺជា​មនុស្ស​ងូតទឹក​ត្រជាក់​ ប៉ុន្ដែ​ការ​ផ្លាស់​ប្តូរ​តិចតួច​ក្នុង​ទម្លាប់​អាច​ផ្តល់​នូវ​ប្រយោជន៍​ខ្ពស់​សម្រាប់​ការ​គេង​របស់​អ្នក​ ជាពិសេស​ប្រសិនបើ​ប្រើ​ទឹក​ក្តៅ​ឧណ្ហ​ៗ។ ប្រសិនបើ​អ្នកមាន​បញ្ហា​ក្នុង​ការសម្រាក​ ឬការ​គេងលក់​នៅពេល​យប់​ អ្នក​អាច​សាកល្បង​ងូតទឹក​ក្ដៅ​ ដើម្បី​បន្ថយ​ភាព​តានតឹង​។ គេ​អាច​និយាយ​ថា​នេះ​ គឺជា​ទម្លាប់​ធម្មតា​មួយ​សម្រាប់​ការសម្រាក​សាច់ដុំ​មុន​ពេល​គេង​ ដោយសារតែ​ការ​ងូតទឹក​ក្ដៅ​ឧណ្ហ​ៗធ្វើ​ឱ្យ​ប្រព័ន្ធ​សរសៃប្រសាទ​រំញោច​ និង​មាន​អារម្មណ៍​ងងុយគេង​។ ចង់​ដឹង​ តោះ​តាមដាន​ទាំងអស់គ្នា​ នេះ​ជា​អត្ថ​ប្រយោជន៍​នៃ​ការ​ងូតទឹក​ក្តៅ​ និង​ទឹក​ត្រជាក់​។

ការ​ងូតទឹក​ក្ដៅ​
ក្រោយពេល​បញ្ចប់​ការងារ​ពេញមួយថ្ងៃ​ គ្មាន​អ្វី​ស្រួល​ជាង​ការ​ងូតទឹក​ក្ដៅ​ឧណ្ហ​ៗនោះ​ទេ​ ដើម្បី​ធ្វើ​ឱ្យ​ស្រស់ស្រាយ​អារម្មណ៍​ឡើងវិញ​។ ចំណុច​ខាងក្រោម​នេះ​ ជា​ទង្វើ​ឆ្លើយតប​នៃ​រាងកាយ​របស់​អ្នក​ទៅ​នឹង​ការ​ងូតទឹក​ក្ដៅ​ ៖
1. សម្រួល​សាច់ដុំ​ដែល​ឈឺចាប់​ : ដូចគ្នា​ទៅ​នឹង​ឥទ្ធិពល​នៃ​ការ​បិត​កៅអៀក​លើ​សាច់ដុំ​ដែល​ឈឺចាប់​ដែរ​ ការ​ងូតទឹក​ក្ដៅ​អាច​ជួយ​សម្រាល​សាច់ដុំ​ដែល​ឈឺចាប់​ សម្រួលការ​រមួល​សាច់ដុំ​ និង​ការតានតឹង​របស់​សាច់ដុំ​។ ការ​ងូតទឹក​ក្ដៅ​ ក៏​ជួយ​បង្កើន​ចរន្តឈាម​រត់​នៅក្នុង​រាងកាយ​ ដែល​អាច​កាត់បន្ថយ​ការឈឺចាប់​បាន​ច្រើន​ ជំរុញ​ការ​ព្យាបាល​សាច់ដុំ​ និង​កាត់បន្ថយ​ការ​រលាក​សាច់ដុំ​ជាដើម​។
2. សម្រួល​ផ្លូវដង្ហើម​ : តើ​អ្នក​ធ្លាប់​ស្ទះ​ស្លេ​សក្នុង​ច្រមុះ​ទេ​? ចំហាយ​ដែល​ចេញពី​ទឹក​ក្ដៅ​ មាន​មុខងារ​ជា​ថ្នាំ​ធម្មជាតិ​រំ​លា​យស្លេ​សនៅ​ក្នុង​ច្រមុះ​ កាត់បន្ថយ​ជំងឺ​ផ្ដាសាយ​ ដោយសារតែ​ចំហាយទឹក​ក្ដៅ​ដែល​ផ្ដល់​សំណើម​ដល់​រន្ធច្រមុះ​ជានិច្ច​។
3. ស្បែក​កាន់តែ​ស្រស់ថ្លា​ : ការ​ងូតទឹក​ក្ដៅ​ ជួយ​ពង្រីក​រន្ធញើស​ ដូចនេះ​វា​ជួយ​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ទន់​ និង​មាន​សុខភាព​ល្អ​។ មនុស្ស​មួយចំនួន​ បាន​ណែនាំ​ឱ្យ​ងូតទឹក​ក្ដៅ​ ដើម្បី​ជួយ​បើក​រន្ធញើស​សម្អាត​ស្បែក​ និង​បង្ហូរញើស​ពី​ស្បែក​។ ដូចគ្នា​ទៅ​នឹង​ការប្រើ​ចំហាយទឹក​ ឬកន្សែង​ក្ដៅ​ឧណ្ហ​ៗជូត​មុខ​ដែរ​។

ចុះ​ហេតុអ្វី​យើង​ត្រូវ​ងូតទឹក​ត្រជាក់​? ហើយ​បើ​ងូតទឹក​ត្រជាក់​ក្នុង​អំឡុង​ខែត្រជាក់​ អាច​ប៉ះពាល់​ដល់​សុខភាព​ឬទេ​?
ការ​ងូតទឹក​ត្រជាក់​
ការ​ងូតទឹក​ត្រជាក់​នៅពេល​ព្រឹកព្រលឹម​ នឹង​ធ្វើ​ឱ្យ​អ្នក​កាន់តែ​មាន​អារម្មណ៍​ងងុយគេង​ ហើយ​គេង​មិន​ចង់​ក្រោក​នៅពេល​ម៉ោង​ឈប់សម្រាក​ថ្ងៃត្រង់​។ ប៉ុន្តែ​អ្នក​វិទ្យាសាស្រ្ត​ផ្នែក​កីឡា​ ដែល​សិក្សា​អំពី​ទម្លាប់​បុរាណ​មួយចំនួន​បាន​លើកឡើង​ថា​ ការ​ងូតទឹក​ត្រជាក់​នៅពេល​ព្រឹក​ ពិតជា​ធ្វើ​ឱ្យ​អ្នក​អាច​រៀបចំខ្លួន​បាន​ល្អ​ប្រសើរ​ ដើម្បី​បំពេញការងារ​ពេញមួយថ្ងៃ​។ តែរ​ដូវ​រងា​បែបនេះ​ យើង​ជឿ​ថា​ គ្មាន​នរណា​ម្នាក់​ចង់​ងូតទឹក​ត្រជាក់​នោះ​ទេ​ ក៏ប៉ុន្ដែ​ បើ​តាម​ទី​ជនបទ​វិញ​ នៅតែ​ចៀស​មិន​ផុត​ពី​ការ​ងូតទឹក​ត្រជាក់​ឡើយ​។

ការ​ងូតទឹក​ត្រជាក់​មានប្រយោជន៍​អ្វីខ្លះ​?
1. ស្បែក​ និង​រោម​ : ទឹក​ត្រជាក់​ មាន​ឥទ្ធិពល​ផ្ទុយពី​ទឹក​ក្ដៅ​ នៅពេល​ជ្រាបចូល​រន្ធញើស​ វា​បាន​បិទ​រន្ធញើស​ ឬធ្វើ​ឱ្យ​របកស្បែក​ចាស់​ រួច​ធ្វើ​ឱ្យ​កោសិកា​ស្បែក​ថ្មី​ដុះឡើង​តឹងណែន​ល្អ​។ ដូច្នេះហើយ​គេ​ជឿជាក់​ថា​ ចំណុច​នេះ​ទឹក​ត្រជាក់​ជួយ​រក្សា​សំណើម​ដល់​ស្បែក​ និង​ការពារ​ភាព​កខ្វក់​មិន​ឱ្យ​ជ្រាបចូល​ក្នុង​ស្បែក​ ជាពិសេស​ពពួក​បាក់តេរី​។ ចំពោះ​ស្បែក​ក្បាល​ ទឹក​ត្រជាក់​ បន្តឹង​ស្បែក​ក្បាល​ បង្កើន​សមត្ថភាព​បណ្ដុះ​សក់​របស់​រន្ធ​សក់​នៅ​លើ​ក្បាល​ ធ្វើ​ឱ្យ​សរសៃសក់​កាន់តែ​រឹងមាំ​ខ្លាំង​។
2. បង្កើន​ភាពស៊ាំ​ប្រឆាំង​មេរោគ​ និង​ជួយ​ឱ្យ​ចរន្ត​រត់​លំហូរ​ឈាម​ដំណើរការ​បាន​ល្អ​ : ក្រៅពី​ផ្ដល់​នូវ​អត្ថ​ប្រយោជន៍​ដល់​ស្បែក​ ទឹក​ត្រជាក់​ក៏​ជួយ​បង្កើន​ចរន្ត​រត់​នៃ​លំហូរ​ឈាម​ឱ្យ​កាន់តែ​ល្អ​ផង​ដែរ​។ នៅពេល​ទឹក​ត្រជាក់​ប៉ះ​ស្បែក​ សរសៃឈាម​នឹង​រួម​ ហើយ​ចរន្ត​រត់​របស់​ឈាម​ បង្កើត​លំហូរ​ដែល​ផ្ដោត​តែ​ទៅកាន់​តែ​សរីរាង្គ​សំ​ខាន់​ៗក្នុង​រាងកាយ​តែប៉ុណ្ណោះ​។ ទឹក​ត្រជាក់​នឹង​ជួយ​បង្កើន​កម្ដៅ​នៅក្នុង​ខ្លួន​ ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​រឹងមាំ​ក្នុង​ការ​ប្រឆាំង​នឹង​រោគ​ជំងឺ​។
3. បន្ថយ​អាការ​រលាក​សន្លាក់​ : កីឡាករ​ដែល​ត្រាំ​ក្នុង​អាងទឹក​កក​ ជឿជាក់​ថា​ វា​ជួយ​កាត់បន្ថយ​ការ​រលាក​ ឬបង្កើន​ដំណើរការ​ស្ដារ​ថាមពល​ឡើងវិញ​របស់​សាច់ដុំ​។ ដោយសារ​តែ​ដុំទឹកកក​រឹប​សរសៃឈាម​ និង​ធ្វើ​ឱ្យ​ចុង​នៃ​សរសៃប្រសាទ​ស្ពឹក​ ដែល​នេះ​ជា​វិធី​សាស្រ្ត​បញ្ជាក់​ថា​ ការ​ងូតទឹក​ត្រជាក់​ អាច​បន្ធូរបន្ថយ​ការឈឺចាប់​សាច់ដុំ​បាន​យ៉ាង​ល្អ​។

តើ​យើង​គួរតែ​ងូតទឹក​ក្ដៅ​ ឬងូតទឹក​ត្រជាក់​?
ដោយសារតែ​ការ​ងូតទឹក​ទាំងពីរ​ប្រភេទ​នេះ​ ផ្ដល់​នូវ​អត្ថ​ប្រយោជន៍​ល្អ​រៀង​ៗខ្លួន​ ដូចនេះ​ តើ​ការ​ងូតទឹក​ប្រភេទ​ណា​ដែល​ល្អ​សម្រាប់​អ្នក​? អ្នក​អាច​ជ្រើសរើស​ការ​ងូតទឹក​ ដែល​អ្នក​ពេញចិត្ត​ ប៉ុន្តែ​មាន​ឧទាហរណ៍​មួយចំនួន​ ដែល​ត្រូវ​ជ្រើសរើស​យក​តែមួយ​ប៉ុណ្ណោះ​។
តើ​អ្នកមាន​ជំងឺ​គេង​មិន​លក់​ឬទេ​? បើ​មាន​អ្នក​ត្រូវ​ងូតទឹក​ក្ដៅ​ឧណ្ហ​ៗល្អ​ជាង​។ បើ​ពិបាក​គេង​ អ្នក​អាច​ងូតទឹក​ក្ដៅ​ឧណ្ហ​ៗនៅពេល​យប់​ វា​មិន​ត្រឹមតែ​ជួយ​ឱ្យ​រាងកាយ​របស់​អ្នក​ធូរស្រាល​ប៉ុណ្ណោះទេ​ ថែមទាំង​ធ្វើ​ឱ្យ​រាងកាយ​សម្រប​ទៅ​និង​សីតុណ្ហភាព​បាន​យ៉ាង​ល្អ​ផង​ដែរ​ ។ នៅពេល​ដែល​អ្នក​ចេញពី​បន្ទប់ងូតទឹក​ដែល​ក្ដៅ​ឧណ្ហ​ៗ ចូលក្នុង​បន្ទប់គេង​ដែល​ត្រជាក់​ សីតុណ្ហភាព​ក្នុង​រាងកាយ​ ចង្វាក់​បេះដូង​ និង​ចង្វាក់​ផ្លូវដង្ហើម​ធ្លាក់ចុះ​ ដែល​ជា​សញ្ញា​បង្ហាញថា​ ដល់ពេល​គេង​ហើយ​។

តើ​គប្បី​ងូតទឹក​ក្ដៅ​ ឬទឹក​ត្រជាក់​ ក្រោយ​ពេល​ហាត់ប្រាណ​រួច​? កីឡាករ​ជំនាញ​ និង​មិន​មាន​ជំនាញ​ បាន​ចូល​ត្រាំ​ក្នុងទឹក​កក​ ក្រោយ​ពេល​ហាត់ប្រាណ​ ដើម្បី​ជួយ​បង្កើន​សាច់ដុំ​ឱ្យ​មាន​កម្លាំង​កាន់តែ​ខ្លាំង​ ដូចនេះ​ អ្នក​អាច​សាកល្បង​ជម្រើស​រវាង​ទឹក​ក្ដៅ​ និង​ទឹក​ត្រជាក់​។ អ្នកឯកទេស​មួយចំនួន​ជឿជាក់​ថា​ ជម្រើស​រវាង​ការ​ងូតទឹក​ក្ដៅ​ និង​ការ​ងូតទឹក​ត្រជាក់​ ក្រោយ​ពេល​ហាត់ប្រាណ​ ជួយ​បង្កើន​ដំណើរការ​រត់​នៃ​ចរន្តឈាម​ និង​បំបាត់​ជាតិពុល​ក្នុង​រាងកាយ​បាន​ដូចគ្នា​៕

Advertisement