តើអ្នកដឹងទេ សំឡេងកូរពោះកើតឡើងដោយសារអ្វី?

មនុស្សជាច្រើនប្រហែលជាឆ្លើយថា ដោយសារឃ្លាន និងលាន់ចេញមកពីក្រពះយ៉ាងពិតប្រាកដ  តែការពិតវិញ មិនត្រឹមត្រូវទាំងអស់ទេ  ព្រោះពេលមិនឃ្លានក៏កើតអាការកូរពោះបានដែរ  ដូច្នេះតើមានយន្តការអ្វីនៅក្នុងរាងកាយទៅ ទើប​ធ្វើឱ្យកើតសំឡេងកូរពោះនេះឡើង ហើយសំឡេងកូរពោះនេះវាលាន់ចេញមកពីផ្នែកណាមួយរបស់រាងកាយ?។

មូលហេតុដែលធ្វើឱ្យកើតសំឡេងកូរពោះដោយសារតែ ៖
ក្រពះនឹងបំពេញតួនាទីរំលាយអាហារ និងបញ្ជូនចូលឆ្ពោះទៅរកពោះវៀនតូច  ហើយសាច់ដុំរបស់ក្រពះ និងពោះវៀន​តូច បើដឹងថា គ្មានអាហារវានឹងបង្រួញខ្លួន ធ្វើឱ្យកើតអាការញ័រ និងមានសំឡេងលាន់ឮឡើង។ ការរួញសាច់ដុំដែលបណ្តាល​មកពីភាព​ឃ្លាន អាចនឹងយូរដល់ទៅ 10 – 20នាទីក្នុងអំឡុងពេលដំបូង និងបន្ទាប់ពីនោះមក វានឹងបង្រួញខ្លួនជាចង្វាក់ៗ ​រៀង​រាល់ 1 – 2ម៉ោង រហូតទាល់តែមានអាហារចូលក្នុងរាងកាយ។

មូលហេតុដែលពោះច្រើនតែកូរនៅពេលឃ្លាននោះ ព្រោះតែ ៖
ខួរក្បាលដែលជាផ្នែកគ្រប់គ្រងអារម្មណ៍ឃ្លានរបស់យើង នឹងចាំចាត់លំដាប់ការធ្វើការងាររបស់ក្រពះ ដោយ​ពិចារណាតាមរយៈសារជាតិអាហារនៅក្នុងឈាម  ដូច្នេះពេលដែលយើងឃ្លាន សារជាតិអាហារនៅក្នុងឈាមមានតិច ប្រព័ន្ធរំលាយអាហារនឹងធ្វើការកាន់តែលឿនឡើង  តែពេលឆ្អែត នៅក្នុងឈាមមានសារជាតិអាហារគ្រប់គ្រាន់ ខួរក្បាល​ក៏​នឹងបញ្ជាឱ្យប្រព័ន្ធរំលាយអាហារធ្វើការយឺតវិញ ទើបមិនសូវកើតមានឮសំឡេង។

កើតឡើងតែពេលឃ្លានប៉ុណ្ណោះ ឬយ៉ាងណា?
ទោះជាប្រក្រតី យើងបានឮសំឡេងកូរពោះពេលដែលឃ្លាន និងពោះទទេមែន  តែការពិត វាអាចកើតឡើងបាន​គ្រប់​ពេល​វេលា មិនថាតែពេលក្រពះទំនេរ ឬអត់ក៏ដោយ  ដូចជាពេលញ៉ាំបាយហើយថ្មីៗ សាច់ដុំក្រពះ និងពោះវៀនតូចច្របាច់ខ្លួន ដើម្បីច្របល់អាហារ និងធ្វើការរំលាយ ក៏កើតមានសំឡេងឡើងបានដូចគ្នា។

ការញ៉ាំទឹកភេសជ្ជៈដែលមានហ្គាស់នៅក្នុងក្រពះក្នុងបរិមាណច្រើន  មានអាស៊ីតនៅក្នុងក្រពះច្រើន ឬកើតភាព​តាន​តឹងធុញថប់ខ្លាំង រហូតហុចផលដល់ការរំលាយអាហារ ឬកើតរោគរលាកពោះវៀន ក៏មានផលប៉ះពាល់ធ្វើឱ្យកើតមានសំឡេងកូរ​ពោះ​ ក្រៅពីពេលឃ្លានបានដែរ៕

 

Advertisement