វិធី​ការពារ​កុំឱ្យ​ក្រចក​លឿង និង​វិធី​ព្យាបាល​

មនុស្ស​មួយចំនួន​តូច​អាច​គិតថា បើ​មាន​បញ្ហា​ក្រចក​ឡើង​ពណ៌​លឿង​នោះ​គឺ​មិន​មានអី​ពិបាក​នោះទេ គ្រាន់តែ​លាប​ពណ៌ភ្លឺៗគ្របពីលើ​ទៅ​គឺ​រួចស្រេច​បាត់ទៅហើយ។ តែ ឡា​រ៉ែ​ន យល់ថា​នេះ​មិនមែនជា​ជម្រើស​ដ៏​ល្អ​បំផុត​នោះទេ ព្រោះ​បើទោះជា​អ្នក​អាច​បិទបាំង​ភ្នែក​អ្នកដទៃ​បាន តែ​អ្នក​មិនអាច​កុហក​ខ្លួនឯងបាន​នោះទេ។ គ្រប់ពេល​តែងតែមាន​ការបារម្ភ​ថា អាថ៌កំបាំង​នៃ​ក្រចក​លឿង​របស់​អ្នក​នឹងត្រូវ​បែកធ្លាយ ព្រោះ​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា​ពេលណា​ថ្នាំ​ក្រចក​នឹង​របក​ចេញ ឬ​ថ្ងៃ​ណាមួយ​អាច​នឹង​ចេញទៅ​ក្រៅ​ដោយ​ភ្លេច​លាប​ក្រចក​ជាដើម។ ដូច្នេះ​វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការបង្កើត​សុវត្ថិភាព និង​ទំនុកចិត្ត​ឱ្យ​ក្រចកដៃ​ដ៏​ស្រ​ឡូ​ន​របស់​អ្នក​ជាមួយនឹង​ក្រចក​ភ្លឺ​ស​ស្អាត​វិញ​នោះ​គឺ ការការពារ និង​ការព្យាបាល​ឱ្យ​វា​វិល​មករក​សភាព​ដើម​វិញ។

ជា​ញឹកញាប់​សភាព​ក្រចក​លឿង​កើតឡើង​ដោយ​ការ​ប្រឡាក់​ជាប់​ពី​ពណ៌​នៃ​ថ្នាំលាបក្រចក ដូច្នេះ​វា​សំខាន់​ណាស់​ដែល​រាល់ពេល​លាប​ពណ៌​ក្រចកម្តងៗអ្នក​ត្រូវ​លាប​ពណ៌​រលោង​ជាមុនសិន ដើម្បី​ការពារ​កុំឱ្យ​ប្រឡាក់​ក្រចក ហើយក៏​ធ្វើឱ្យ​ជាប់​ពណ៌​បានយូរ​ផងដែរ។ គួរ​ចៀសវាង​ប្រើ​ទឹក​ថ្នាំ​សម្អាត​ក្រចក​ដែលមាន​ជាតិ Acetone ព្រោះ​វា​នឹងធ្វើ​ឱ្យ​ក្រចក​របស់​អ្នក​កាន់តែ​យ៉ាប់​ឡើង។ បើ​អ្នកចេះ​ជក់បារី ឱកាស​ដែលនាំឱ្យ​ក្រចក​ឡើង​ពណ៌​លឿង​នឹងមាន​កាន់តែច្រើន ដោយសារ​សារធាតុ nicotine ពី​បារី​ទាំងនោះ។ មូលហេតុ​ទូទៅ​មួយទៀត​ដែលនាំឱ្យ​ក្រចក​ប្រែ​មកជា​ពណ៌​លឿង​គឺ​បណ្តាលមកពី​មេរោគ​ផ្សិត។ មេរោគ​ទាំងនេះ​មិន​ត្រឹមតែ​ប្តូរ​ពណ៌​ក្រចក​ទេ តែ​វា​ថែមទាំង​អាចធ្វើឱ្យ​ក្រចក​របស់​អ្នករបក ឬ​មាន​ក្លិន​មិនល្អ​ថែម​ទៀតផង។

ដូចដែល​គេ​និយាយថា​ការពារ​ប្រសើរ​ជាង​ព្យាបាល​នោះ​វា​មិន​ខុស​ទេ ដូច្នេះ​បើ​អាច​ការពារ​បាន​អ្នក​គួរតែ​ការពារ។ វិធី​ដែល​អាចជួយ​ការពារ​អ្នក​ពី​អាការ​ក្រចក​ឡើង​ពណ៌​លឿង​នោះ​គឺ​ប្រេង​ដើម​តែ លាយ​ជាមួយ​វីតាមីន​E ឬ​ប្រេង​គ្រាប់​ផ្លែ​ទំពាំងបាយជូរ។ ម៉ាស្សា​ក្រចកដៃ​ដោយ​ប្រេង​ជា​រៀងរាល់ថ្ងៃ ដើម្បី​ក្រចក​មាន​សុខភាព​ល្អ ភ្លឺរលោង និង​ការពារ​ក្រចក​ពី​មេរោគ​ផ្សិត។

ប្រសិនបើ​អ្នក​បាន​សាកល្បង​វិធី​អស់​ទាំងនេះ​រួចហើយ ប៉ុន្តែ​ក្រចក​នៅតែមាន​ពណ៌​លឿង​ទៀត​នោះ វា​អាចជា​រោគសញ្ញា​ដែល​កើត​មកពី​សួត ឬ​ថ្លើម ហើយ​វា​ក៏​ជា​ពេលដែល​អ្នក​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​វិញ​ម្តង។ ការការពារ​ជា​រឿង​ល្អ​បំផុត តែបើ​កើត​រួចហើយនោះ​គឺមាន​តែ​ស្វែងរក​វិធី​ព្យាបាល​វិញ​ប្រសើរ​ជាង។ ការសាកល្បង​ព្យាបាល​តាមបែប​ធម្មជាតិ ដោយ​វិធី​មួយចំនួន​ត្រូវបាន​ផ្តល់ជូន​មានដូចជា ម្សៅ Baking soda, ថ្នាំដុសធ្មេញ និង​ទឹក hydrogen peroxide។ លាប​ពណ៌​ក្រចក​ញឹក

ញាប់ ដោយ​មិនបាន​ទ្រាប់​ដោយ​ទឹក​រលោង ការជក់បារី​ដែលជា​មូលហេតុ​នាំឱ្យ​ក្រចក​លឿង​ក៏​គួរតែ​ត្រូវ​កាត់បន្ថយ​ដែរ​ហើយ បើ​ចង់ឱ្យ​ក្រចក​របស់​អ្នក​ប្រែ​មកជា​ពណ៌​សរ​លោង​ស្អាត​ដូច​បំណង​នោះ។

ទឹក Hydrogen Peroxide៖ លាយ​ទឹក Hydrogen Peroxide 1កូន​ពែង ទឹក3កូន​ពែង ដាក់​ក្នុង​ចាន រួច​ត្រាំ​ក្រចក​ពី10-15នាទី រួច​សឹម​លាង​ចេញ និង​បន្ថែម​ដោយ​ប្រេង​ផ្តល់​សំណើម​ជាការ​ស្រេច។

ប្រើ​ថ្នាំ​ជំនួយ៖ ថ្នាំ​ដែល​គេ​យកមកប្រើ​ដើម្បីឱ្យ​ធ្មេញ​ស​ស្អាត ក៏មាន​ប្រសិទ្ធភាព​ជាមួយ​ក្រចក​ដែរ ដូច្នេះ​អ្នក​គួរតែ​សាកល្បងលេងៗទៅ​មើល៍។

ថ្នាំដុសធ្មេញ៖ មិន​ខុស​អី​ពី​ការសម្អាត​ពណ៌​លឿង​ចេញពី​ធ្មេញ​នោះទេ ថ្នាំដុសធ្មេញ​ក៏​អាចជួយ​ដុស​សម្អាត​ជាតិ​ពណ៌​លឿង​ពី​ក្រចក​បានដែរ។

ទឹកក្រូច​ឆ្មារ៖ ទឹកក្រូច​ឆ្មារ​ដែល​ច្របាច់​ចេញពី​ផ្លែក្រូច​ឆ្មារ​អាចយ​កមក​ប្រើ​ដើម្បី​ជួយ​ដល់​ក្រចក​លឿង​បាន។ ត្រាំ ឬ​ត្រដុស​ក្រចកដៃ​របស់​អ្នក​ជាមួយនឹង​ទឹកក្រូច​ឆ្មារ 5-10នាទី សឹម​សម្អាត និង​ផ្តល់​សំណើម​ឱ្យ​ក្រចក​របស់​អ្នក​បានល្អ​តាម​ក្រោយ៕

Advertisement