វិធី​លាបម្សៅ​ទ្រនាប់​ និង​ម្សៅ​បិទបាំង​ស្នាម​ ឱ្យ​ត្រូវ​តាម​ក្បួន​

តើ​អ្នក​គិតថា​ អ្នក​បាន​លាបម្សៅ​ទ្រនាប់​ និង​ម្សៅ​បិទបាំង​ស្នាម​បាន​ត្រូ​បតា​មក្បួន​ហើយ​ឬនៅ​? ចម្លើយ​គឺ​សម្តៅ​លើ​ ការ​យកចិត្ត​ទុកដាក់​ការពារ​ថែរក្សា​ផ្ទៃមុខ​ ដំណាក់កាល​នៃ​ការប្រើ​ប្រាស់​គ្រឿង​តុបតែង​មុខ​ ឬការពិនិត្យ​មើល​ឱ្យ​បាន​ហ្មត់ចត់​ជាដើម​។ គិត​មើល​ម្តង​ទៀត​ រួច​សឹម​ឆ្លើយ​ថា​ មែន​ ឬមិន​មែន​ ហើយ​ប្រសិនបើ​អ្នក​ចង់​ដឹង​ថា​ ទង្វើ​នៃ​ការ​តុបតែង​មុខ​របស់​អ្នក​ត្រឹមត្រូវ​បាន​ប៉ុណ្ណា​នោះ​សូម​ផ្ទៀងផ្ទាត់​ជាមួយ​របៀប​នៃ​ការ​លាប​ដ៏​ត្រឹមត្រូវ​ដូច​ខាងក្រោម​នេះ​៖

ចាប់ផ្តើម​ដោយ​ការ​លាង​សម្អាត​ដៃ​របស់​អ្នក​ឱ្យ​បាន​ស្អាត​ ដើម្បី​កុំឱ្យ​មាន​ធូលី​ដី​ ឬមេរោគ​ផ្សេង​ៗទៅ​ប៉ះ​លើ​ផ្ទៃមុខ​តាមរយៈ​ដៃ​របស់​អ្នក​ ហើយ​វា​ក៏អាច​ធ្វើ​ឱ្យ​អ្នក​កើតមុន​ថែមទៀត​ផង​។ ចំណុច​បន្ទាប់​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​សម្អាត​ផ្ទៃមុខ​ ដោយ​ទឹក​សម្អាត​មុខ​ (toner​) រួច​បន្ត​ដោយ​ឡេ​ផ្តល់​ជាតិ​សំណើម​បន្តិច​ទៅលើ​ស្បែក​មុខ​របស់​អ្នក​។ ការ​ធ្វើបែប​នេះ​ គឺ​ដើម្បី​ជួយការ​ពារ​ស្បែក​មុខ​ និង​ជួយ​ឱ្យ​ការ​តុបតែង​មុខ​មាន​សភាព​ដូច​ធម្មជាតិ​ថែមទៀត​។ ដំណាក់កាល​បន្តម​កទៀត​គឺ​ ការ​លាបម្សៅ​បិទបាំង​ស្លាកស្នាម​។ ក្រោម​ភ្នែក​ និង​ស្នាម​តាម​កន្លែង​ផ្សេង​ៗទៀត​នៅ​លើ​ផ្ទៃមុខ​គឺជា​ទីតាំង​ដែល​អ្នក​ត្រូវការ​ជំនួយ​ពី​ម្សៅ​ប្រភេទ​នេះ​។ បន្ទាប់ពី​បិទបាំង​ស្នាម​ផ្សេង​ៗរួច​ គឺជា​ពេល​ដែល​អ្នក​ត្រូវ​លាបម្សៅ​ទ្រនាប់​។ បើ​អ្នក​ចង់ឱ្យ​ការ​តុបតែង​មុខ​របស់​អ្នក​ មើលទៅ​បែប​ធម្មជាតិ​នោះ​ សូម​ចាំ​ពាក្យ​មួយ​ឃ្លា​ថា​ “តិច​កាល​ណា​ល្អ​កាល​ហ្នឹង​”។ លាបម្សៅ​ហុយ​ពី​លើ​ភ្លាម​ៗ បន្ទាប់ពី​លាបម្សៅ​ទ្រនាប់​រួច​ ដើម្បី​ឱ្យ​ម្សៅ​ជ្រាប​ចូល​សាច់​មុខ​ល្អ​ និង​មិន​ប្រតាក​។ សម្រាប់​ការ​តុបតែង​ភ្នែក​ បន្ថែម​ពណ៌​ត្របកភ្នែក​ ពណ៌​ថ្ពាល់​ ឬក្រែមលាបមាត់​ជាដើម​ ដែល​ជា​ដំណាក់កាល​បន្តបន្ទាប់​មក​ទៀត​នោះ​ គឺ​អាស្រ័យ​ទៅតាម​ចំណង់​ចំណូលចិត្ត​ និង​ការ​និយម​របស់​អ្នក​ ប៉ុន្តែ​មុននឹង​បញ្ចប់​ការ​តុបតែង​មុខ​ សូម​ពិនិត្យ​មើល​ផ្ទៃមុខ​របស់​អ្នក​ឱ្យ​បាន​ច្បាស់​នៅមុខ​កញ្ចក់​(ឆ្លុះ​ឱ្យ​ជិត​) ដើម្បី​ឱ្យ​ប្រាកដ​ក្នុងចិត្ត​ថា​ ម្សៅ​ទ្រនាប់​នៅ​លើ​ផ្ទៃមុខ​របស់​អ្នក​ជ្រាបចូល​យ៉ាង​ល្អ​ ស្មើ​សាច់​គ្នា​ ហើយ​ផ្ទៃមុខ​របស់​អ្នក​មិនបាន​លេចចេញ​នូវ​ស្នាម​ណាមួយ​ដែល​មើលទៅ​មិន​ស្រស់​ស្អាត​នោះ​ឡើយ​៕

Advertisement