វិធី​ដោះស្រាយ​បញ្ហា​ស្បែក​ក្រោយ​ត្រូវ​ដុត​បំផ្លាញ​ដោយ​កម្ដៅថ្ងៃ​

បន្ទាប់​ការ​ដើរលេង​កម្សាន្ត​នា​ចុងឆ្នាំ​ និង​ដើមឆ្នាំ​ថ្មី​នៅ​តាម​ឆ្នេរសមុទ្រ​រួច​ ទាំង​លេង​ទឹកសមុទ្រ​ គេង​ហាលខ្យល់​អាន​សៀវភៅ​បែប​សប្បាយ​ៗ តែ​បែរជា​បាន​មកវិញ​នូវ​អាការ​ក្រហាយ​ស្បែក​ រមាស់​ និង​របកស្បែក​នោះ​ តើ​ត្រូវ​រិះរក​វិធី​ណា​កុំឱ្យ​កើត​អាការ​ទាំងនេះ​?វិធី​ខាងក្រោម​នេះ​នឹង​ជួយ​អ្នក​ក្នុង​ការ​សម្រាល​អាការ​រលាក​ស្បែក​ដោយសារ​កម្តៅថ្ងៃ​ ដើម្បី​ត្រៀម​ស្តារ​សភាព​ស្បែក​របស់​អ្នក​ឡើងវិញ​ ៖
1. ធ្វើ​ឱ្យ​ស្បែក​ត្រជាក់​
នៅពេល​ចាប់ផ្តើម​មាន​អារម្មណ៍​ថា​ ស្បែក​របស់​អ្នកចាប់​ផ្តើម​របក​ ចូរ​ព្យាយាម​ធ្វើ​ឱ្យ​ស្បែក​ត្រជាក់​ឡើងវិញ​ ការ​ងូតទឹក​ត្រជាក់​ ហើយ​ជូត​ផ្តិត​ដោយ​កន្សែង​ពោះ​គោ​ទន់​ៗនឹង​ជួយ​ឱ្យ​ស្បែក​របស់​អ្នក​ស្រស់ស្រាយ​ឡើងវិញ​ តែ​កុំ​ប្រើការ​ជូត​ ឬដុស​លើ​ស្បែក​ឱ្យ​ស្ងួត​ឱ្យ​សោះ​ ព្រោះ​នឹង​រឹតតែ​ធ្វើ​ឱ្យ​ស្រទាប់​ស្បែក​របក​ចេញ​កាន់តែ​ខ្លាំង​ឡើង​។
2. លាប​គ្រី​មបំប៉ន​ស្បែក​
រក​គ្រី​មលាប​ស្បែក​ដែល​មាន​ចំណែក​ផ្សំ​របស់​ធាង​ប្រទាល​កន្ទុយក្រពើ​លាប​ ដើម្បី​ឱ្យ​មាន​សំណើម​ និង​មាន​ភាព​ស្រស់បស់​នៅ​ជាប់​លើ​ស្បែក​ឱ្យ​បាន​យូរ​បំផុត​ ព្រោះ​សារធាតុ​ដែល​ចម្រាញ់​ចេញពី​ធាង​ប្រទាល​កន្ទុយក្រពើ​ជា​ឱសថ​បុរាណ​ធម្មជាតិ​ ដែល​មានគុណ​សម្បត្តិ​ជួយ​ក្នុង​ការ​ព្យាបាល​ស្លាកស្នាម​ និង​ជួយ​បំប៉ន​ស្រទាប់​ស្បែក​។
3. ទទួលទានទឹក​ឱ្យ​បាន​ច្រើន​
នៅពេល​ស្បែក​របស់​អ្នកចាប់​ផ្តើម​ខូចខាត​ ការ​ព្យាបាល​ឱ្យ​ត្រឡប់​មក​ល្អជា​ថ្មី​ឡើងវិញ​ត្រូវ​ចាប់ផ្តើម​ពី​រាងកាយ​របស់​អ្នក​ ចូរ​ទទួលទានទឹក​ឱ្យ​បាន​ច្រើន​ ដើម្បី​កុំឱ្យ​រាងកាយ​ខ្វះ​ជាតិទឹក​ ដើម្បី​បង្កើន​សំណើម​របស់​ស្បែក​។ ការ​ទទួលទានទឹក​ប្រមាណ​ជា8​-10កែវ​ក្នុង​មួយថ្ងៃ​នៅក្នុង​អំឡុង​ពេលនេះ​ នឹង​ល្អ​ចំពោះ​សាច់​ និង​ស្បែក​របស់​អ្នក​។
4. ឈប់​អេះ​
រឿង​មួយ​នេះ​អាច​នឹង​ពិបាក​សម្រាប់​អ្នកខ្លះ​ តែ​ការ​អេះ​ ឬកេះ​ស្រទាប់​ស្បែក​ដែល​របក​នោះ​ចេញ​ អាច​នឹង​ធ្វើ​ឱ្យ​ស្បែក​កន្លែង​ល្អ​នៅ​ជិត​នោះ​របូត​ជាប់​មក​ជាមួយ​ដែរ​ និង​អាច​ធ្វើ​ឱ្យ​កើត​ស្លាកស្នាម​ឡើង​បាន​ ​វិធី​ជួយ​សម្រាល​អាការ​រមាស់​នេះ​អាច​ធ្វើ​បាន​ដោយ​ប្រើ​ទឹកកក​ស្អំ​។
5. ការពារ​ស្បែក​យ៉ាង​ជាប់លាប់
​ចំណុច​ចុងក្រោយ​នេះ​ លើកក្រោយ​បើ​ចង់​សប្បាយ​តាម​ឆ្នេរសមុទ្រ​ ឬកន្លែង​ដែល​មាន​កម្តៅថ្ងៃ​ខ្លាំង​ សូមកុំ​ភ្លេច​ការពារ​ស្បែក​របស់​អ្នកជា​មុន​ ដោយ​គ្រី​មកា​រពារ​កម្តៅថ្ងៃ​ ហើយ​បើ​ចុះ​លេង​ទឹក​ក៏​កុំ​ភ្លេច​លាប​គ្រី​មបន្ថែម​រាល់ពេល​ឡើង​មក​ពី​ទឹក​ ហើយ​នៅ​មិនទាន់​បាន​ចូល​ទៅ​ក្រោមម្លប់​។ ចូរ​លាប​គ្រី​មឱ្យ​សព្វ​នៅ​លើ​ស្បែក​ ទាំង​ផ្ទៃមុខ​ និង​កន្លែង​ខ្លះទៀត​ដូចជា​ ខាងក្រោយ​ត្រចៀក​ដែល​តែងតែ​ត្រូវ​បាន​ភ្លេច​ជា​ញឹកញាប់​សម្រាប់​នារី​ដែល​ទើប​ចេះ​លាប​គ្រី​មថ្មី​ៗ៕

Advertisement