តើ​ចាំបាច់​ត្រូវ​ពិនិត្យ​សុខភាព​ប្រចាំឆ្នាំ​ដែរ​ឬទេ​?

ដោយសារ​ការ​បំពុល​កាន់តែ​ច្រើន​នៅក្នុង​ចំណីអាហារ​ដែល​យើង​ទទួលទាន​ និង​ខ្យល់​បរិយាកាស​ដែល​អ្នក​ដកដង្ហើម​ អ្នកចាំ​បាច់​ត្រូវតែ​ការពារ​ខ្លួន​អ្នក​ពី​ជំងឺមហារីក​។ ជំងឺមហារីក​សួត​ ជំងឺមហារីក​ពោះវៀនធំ​ ជំងឺមហារីក​ក្រពេញ​ប្រូ​ស្ដា​ត ជំងឺមហារីក​សុដន់​ និង​ជំងឺមហារីក​មាត់ស្បូន​ កំពុង​កើតមាន​កាន់តែ​ច្រើន​ឡើង​ៗពីឆ្នាំ​ទៅ​មួយឆ្នាំ​។

ទង្វើ​ធ្វេស​ប្រហែល​ព្រងើយ​កន្ដើយ​ជាមួយ​ការ​ត្រួតពិនិត្យ​សុខភាព​ គឺ​មាន​គ្រោះថ្នាក់​ខ្លាំង​ តែ​ប្រសិនបើ​អ្នក​បាន​ពិនិត្យ​ឃើញ​ឆាប់រហ័ស​គ្រប់គ្រាន់​ ជំងឺ​ទាំងនេះ​អាច​ព្យាបាល​ឱ្យ​ជាសះស្បើយ​បាន​វិញ​។ ជំងឺមហារីក​ដែល​ត្រូវ​បាន​ពិនិត្យ​ឃើញ​យឺត​ពេល​ជា​ញឹកញាប់​ មិន​អាច​ព្យាបាល​បាន​ឡើយ​ ឬអាច​ទាមទារ​ការ​ព្យាបាល​ដោយ​គីមី​ និង​ការវះកាត់​ធំ​ ដែល​មានការ​ឈឺចាប់​ និង​ការ​ចំណាយ​ខ្ពស់​។

នៅពេល​ដែល​អ្នកមាន​អាយុ​កាន់តែ​ច្រើន​ អ្នកចាប់​ផ្ដើម​មាន​ជំងឺរ៉ាំរ៉ៃ​ ដូចជា​ ជំងឺ​ទឹកនោមផ្អែម​ សម្ពាធ​ឈាម​ខ្ពស់​ និង​ជាតិ​កូ​ឡេ​ស្ដេ​រ៉ូល​ខ្ពស់​ ដែល​ប្រសិនបើ​ទុកចោល​មិន​ព្យាបាល​នឹង​បណ្ដាល​ឱ្យ​ខូច​ផ្នែក​ផ្សេងទៀត​ជាច្រើន​នៃ​រាងកាយ​របស់​អ្នក​។ ឧទាហរណ៍​ ជំងឺ​ទឹកនោមផ្អែម​អាច​បណ្ដាល​ឱ្យ​ពិការ​ភ្នែក​ ខូច​តម្រងនោម​ គាំងបេះដូង​ ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ ស្ពឹក​ដៃជើង​ និង​ឆ្លង​រោគ​ជាដើម​។

អ្នក​អាច​ចាប់ផ្ដើម​ថែទាំ​សុខភាព​របស់​អ្នក​បាន​តាមរយៈ​ការ​យកចិត្ត​ទុកដាក់​ ការ​កែប្រែ​របៀប​ដែល​អ្នក​រស់នៅ​ និង​ការ​ទទួលទាន​អាហារ​។ តួយ៉ាង​ហានិភ័យ​នៃ​ការ​កើតជំងឺ​បេះដូង​ ក៏ដូចជា​ជំងឺ​ផ្សេងទៀត​ជាច្រើន​ អាច​ត្រូវ​បាន​កាត់បន្ថយ​តាមរយៈ​ការ​ទទួលទាន​អាហារ​ត្រឹមត្រូវ​ បន្ថែម​លើ​ការហាត់ប្រាណ​គ្រប់គ្រាន់​។ ត្រូវ​ទទួលទាន​បន្លែ​ ផ្លែឈើ​ និង​ត្រី​ ឱ្យ​បាន​ច្រើន​ជាង​មុន​។ ចៀសវាង​ការ​ទទួលទាន​សាច់​ក្រហម​ អាហារ​ខ្លាញ់​ និង​អាហារ​ចៀន​ បំពង​។ ត្រូវ​កាត់បន្ថយ​ទម្លាប់​ជក់បារី​របស់​អ្នក​។ ជំហាន​ទាំងនេះ​ ក៏​នឹង​ជួយ​អ្នក​ក្នុង​ការកាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើតជំងឺ​មហារីក​ផង​ដែរ​។

ពិនិត្យ​សុខភាព​ដើម្បីអ្វី​?
រាងកាយ​មនុស្ស​ម្នា​ក់ៗ​ប្រៀប​ដូចជា​រថយន្ត​ដែល​ចាំបាច់​ត្រូវ​ពិនិត្យពិច័យ​ ថែរក្សា​ និង​កែតម្រូវ​ឱ្យ​ទាន់ពេល​វេលា​មុននឹង​ជំងឺរាតត្បាត​ ឬធ្ងន់ធ្ងរ​ ដូច្នេះ​ការពិនិត្យ​សុខភាព​ជា​រឿង​សំខាន់​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​៖
1. ដឹងពី​ស្ថានភាព​សុខភាព​របស់​ខ្លួនឯង​ ថា​តើ​ខ្លួនឯង​មាន​សភាព​លក្ខណៈ​ធម្មតា​ ឬខ្វះខាត​នូវ​ជីវជាតិ​ ឬមានឱកាស​កើត​ជំ​ងឺ​ផ្សេង​ៗ បើ​ធៀប​ទៅ​នឹង​ភេទ​ អាយុ​វ័យ​ និង​អាជីព​។
2. ជា​ការ​ថែរក្សា​សុខភាព​ដោយ​វិធីការ​ពារ​ជាមុន​ ដឹង​លឿន​ព្យាបាល​ទាន់ពេល​ ឬការពារ​ទុកជាមុន​ អាច​ជួយ​កាត់បន្ថយ​ការបាត់បង់​មនុស្សជា​ទីស្រឡាញ់​ ការ​ប៉ះទង្គិច​សុខភាព​ផ្លូវចិត្ត​ ការខាតបង់​ពេលវេលា​ និង​ទ្រព្យធន​។
3. ជា​ដំណើរ​នៃ​ការ​ធ្វើ​ឱ្យ​ជីវិត​ប្រសើរ​ឡើង​ផ្នែក​សុខភាព​ ថា​តើ​ត្រូវ​បំពេញ​ និង​កាត់បន្ថយ​អ្វីខ្លះ​ ដើម្បី​ឱ្យ​មាន​តុល្យភាព​ និង​មាន​សុខភាព​ល្អ​ មាន​អាយុវែង​ កាត់បន្ថយ​បញ្ហា​ក្នុង​ក្រុម​គ្រួសារ​ បញ្ហា​សេដ្ឋកិច្ច​ និង​ជីវភាព​គ្រួសារ​ ទាំង​ខ្លួនឯង​ និង​គ្រួសារ​ផង​ដែរ​។

ការណែនាំ​ដើម្បី​ភាព​ងាយស្រួល​មុន​ពេល​ពិនិត្យ​សុខភាព​
របៀប​គួរ​ដឹង​ និង​ត្រៀមខ្លួន​មុន​ពិនិត្យ​៖
1. មិន​ត្រូវ​បរិភោគ​ទឹក​ អាហារ​ និង​ភេសជ្ជៈ​គ្រប់​ប្រភេទ​ មុន​ទទួលការ​ពិនិត្យ​សុខភាព​យ៉ាងតិច​ 8-10​ ម៉ោង​។
2. សូម​ពន្យារ​ការ​ទទួលទាន​ថ្នាំ​នៅពេល​ព្រឹក​របស់​អ្នក​ រហូតដល់​ការ​បូមឈាម​ត្រូវ​បា​នប​ពា្ចប់​រួចរាល់​។
3. មុននឹង​ទទួលការ​ថត​អេកូ​សា​ស្ដ្រពិនិត្យ​ អ្នកចាំ​បាច់​ត្រូវ​ទទួលទានទឹក​បី​ទៅ​បួន​កែវ​ជា​មុន​សិន​។ ចូរ​កុំ​បត់ជើងតូច​សម្រាប់​រយៈពេល​ប្រហែល​មួយ​ម៉ោង​មុន​ពេល​ថត​។
4. សូមកុំ​លាប​ឡេ​បំបាត់​ក្លិន​ ទឹកអប់​ ម្សៅ​ ឬក្រែម​ នៅ​ក្រោម​ដៃ​ ឬទ្រូង​របស់​អ្នក​ ព្រោះ​វា​អាច​ប៉ះពាល់​ទៅដល់​គុណភាព​ នៃ​ការ​ថត​ឆ្លុះមើល​សុដន់​។
5. ប្រសិនបើ​លោកអ្នក​ត្រូវការ​ធ្វើតេស្ដ​ដោយ​រត់​លើ​ម៉ាស៊ីន​ សូម​យក​តាម​ខ្លួន​នូវ​សម្លៀកបំពាក់​ និង​ស្បែកជើង​សម្រាប់​ផ្លាស់​៕

Advertisement