រាជរដ្ឋាភិបាល ប្រកាស៖ ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់នៅសៀមរាប មិនបាច់បង់ពន្ធ រយៈពេល 4ខែ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ទៅដល់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តសៀមរាប ដែលបានចុះបញ្ជីថា ពុំចាំបាច់បង់ប្រាក់ពន្ធដារប្រចាំខែក្នុងរយៈពេល ​4ខែ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «វិធានការនេះជួយដល់វិស័យទេសចរណ៍ ជា​មួយនឹងការភ័យខ្លាចចំពោះជំងឺកូវីដ-19 ព្រោះវាបានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ ទាំងនៅ​ក្នុង​តំបន់ ក៏ដូចជាប្រទេសកម្ពុជាផងដែរ។ ជាក់ស្តែងនៅក្នុងខែកុម្ភៈ ឆ្នាំ2020 ភ្ញៀវទេសចរបរទេស ដែលចូល​មក​កម្ពុជា បាន​​​​ធ្លាក់ចុះប្រមាណជាង 60% ជាពិសេស ភ្ញៀវទេសចរជនជាតិចិនបាន​ធ្លាក់ចុះក្នុង​ប្រមាណ​ជា 90%​»។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី24 ខែកុម្ភៈ ឆ្នាំ2020 នៅ​វិមានសន្តិភាព ដោយបញ្ជាក់ថា បញ្ហាជំងឺកូវីដ-19 នេះបានធ្វើឱ្យអាជីវកម្មនៅក្នុងខេត្តសៀម​រាបទទួលរងនូវ​ផលប៉ះពាល់យ៉ាងខ្លាំង។ តែសកម្មភាពទេសចរណ៍នៅតំបន់ដទៃទៀតស្ថិតក្នុងកម្រិតសមរម្យ។

សម្តេចនាយករដ្ឋមន្ត្រី បានចាត់ទុកថា វិធានការដែលរាជរដ្ឋាភិបាលដាក់ចេញនោះស្ថិតក្នុងគោល​បំណងធ្វើ​យ៉ាង​ណាជួយដល់អាជីវកម្មទេសចរណ៍នៅក្នុងខេត្តសៀមរាប ក្នុងនោះគឺសណ្ឋាគារ និងផ្ទះសំណាក់​អាច​បន្តអាជីវកម្មរបស់ខ្លួនបាន ក្នុងការបន្តការងារជូនដល់កម្មករ និងបុគ្គលិក ជាពិសេសនោះ មានភាពខ្លាំងជាង​មុន នឹងកើតឡើងនៅ​ពេល​មេរោគវីរុសកូវីដ-19បានបញ្ចប់។

សម្តេចតេជោបានបន្តថា៖«លើសពីនេះរាជរដ្ឋាភិបាលមានវិធានការ សម្រេចលើកលែងការ​បង់​​ពន្ធ​ប្រចាំខែគ្រប់ប្រភេទរបស់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋាន​ពន្ធ​ដារ និងមានសកម្មភាពធ្វើអាជីវកម្មសម្រាប់រយៈពេល 4ខែ ចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ2020។ អាជីវ​កម្មសណ្ឋាគារ និងផ្ទះសំណាក់នៅតែមានសិទ្ធិដាក់លិខិតប្រកាសពន្ធអាកររបស់ខ្លួន និងប្រើប្រាស់​​ប្រព័ន្ធអនឡាញសម្រាប់គ្រប់អាជីវក លើតម្លៃបន្ថែមជារៀងរាល់ខែក្នុងរយៈពេលលើកលែងពន្ធ​»។

សម្តេចតេជោក៏បានគូសបញ្ជាក់ទៀតផងដែរថា៖«ការលើកលែងយកពន្ធនេះ គឺរដ្ឋជាអ្នកបង់ពន្ធជំនួសវិញ​។ យើងធ្លាប់បង់ពន្ធហើយ យើងមិនអាចហៅថា លើកលែងនោះទេ តែដើម្បីងាយស្តាប់ ប្រើពាក្យលើក​លែងបង់ពន្ធទៅ តែរដ្ឋបង់ពន្ធជំនួស។ យើងធ្វើមិនទូទៅនោះទេ គឺធ្វើតែនៅខេត្តសៀមរាបប៉ុណ្ណោះ ព្រោះជាខេត្តមួយដែលធ្លាប់មានភ្ញៀវទេសចរទៅលេងនៅទីនោះច្រើន តែពេលនេះ​ធ្លាក់ចុះ»។

សម្តេចតេជោក៏បានលើកឡើងទៀតដែរថា៖«ការជំរុញវិស័យទេចរណ៍នៅខេត្តសៀមរាបនេះ ក៏សំដៅធ្វើ​យ៉ាង​ណា​ឱ្យមានការបណ្តុះបណ្តាល ដើម្បីឱ្យកម្មករមានឱកាសចាប់យកជំនាញថ្មី ឬមានលទ្ធភាព​ទទួល​​បានការងារល្អជាងមុន។

ជាមួយគ្នានោះដែរ សម្តេចតេជោបានអះអាងថា នឹងមិនធ្វើសវនកម្មពេញលេញ សម្រាប់កាលបរិច្ឆេទ​​ឆ្នាំ2020 ចំពោះសហគ្រាសក្នុងវិស័យសណ្ឋាគារ និងផ្ទះសំណាក់ដែលបានចុះបញ្ជីនៅពន្ធដា និងសកម្មភាពអាជីវកម្មនៅក្នុងខេត្តសៀមរាបនោះទេ៕

Advertisement