គន្លឹះ​ល្អ​ៗក្នុង​ការ​ចម្អិនម្ហូប​អាហារ​បែប​ចៀន​ ឬបំពង​

មា​នប្អូនៗ​ស្ត្រី​មេផ្ទះ​ថ្មោងថ្មី​ជាច្រើន​នាក់​ណាស់​ ដែល​តែងតែមាន​បញ្ហា​ក្នុង​រឿង​ចៀន​ ឬបំពង​ត្រី​ ឬសាច់​ផ្សេង​ៗ ដោយ​មិនដឹងជា​ត្រូវ​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​ឆ្អិន​ល្អ​ មិន​ជាប់​ខ្ទះ​ និង​មាន​ពណ៌​ស្អាត​គួរ​ឱ្យ​ចង់​ទទួលទាន​…។ ខាងក្រោម​នេះ​ គឺជា​ចំណេះ​ដឹង​ល្អ​ៗពាក់ព័ន្ធ​នឹង​ការ​ចៀន​ ឬបំពង​ត្រី​ ឬសាច់​ផ្សេង​ៗដែល​ស្ត្រី​មេផ្ទះ​យើង​បានដឹង​ហើយ​ ច្បាស់ជា​ចង់​សាកល្បង​ធ្វើតាម​ជាមិនខាន​។

មើម​ខ្ញី​ជួយ​ឱ្យ​ត្រី​ចៀន​មិន​ជាប់​ខ្ទះ​
នេះ​ជា​វិធី​មួយ​ដែល​នឹង​ជួយ​ឱ្យ​ពេល​ចុងភៅ​(មិនសូវ​)ចំណាន​ដូច​យើង​ប្រុង​ចៀន​ត្រី​ វិធី​តទៅ​នេះ​នឹង​មិន​ធ្វើ​ឱ្យ​ត្រី​ជាប់​ខ្ទះ​ឡើយ​។ វិធី​នោះ​គឺ​ ពេល​ចាក់​ខ្លាញ់​ ឬប្រេងឆា​ចូល​ទៅ​ក្នុង​ខ្ទះ​ និង​ទុក​ឱ្យ​ក្តៅ​ល្មម​ហើយ​ សូម​យក​មើម​ខ្ញី​ស្រស់​ៗមក​ហាន់​ជា​បន្ទះ​ស្តើង​ៗប្រមាណ​ជា​ 2-3បន្ទះ​ រួច​ដាក់​ចូល​ទៅ​ក្នុង​ខ្ទះ​ដែល​មាន​ខ្លាញ់​ក្តៅ​ស្រាប់ហើយ​នោះ​។ រង់ចាំ​ឱ្យ​បន្ទះ​ខ្ញី​នោះ​ឡើង​ក្រៀម​ហើយ​ សឹម​ដួស​ចេញ​ រួច​ដាក់​ត្រី​ចូល​ទៅ​ចៀន​ ​ត្រី​នោះ​នឹង​មិន​ជាប់​ខ្ទះ​ឡើយ​(ធានា​!)។
វីធីចៀនសាច់ត្រីឱ្យមានពណ៌លឿងស្អាត មិនបែក ឃើញហើយគួរឱ្យចង់ទទួលទាន
ស្ត្រី​មេផ្ទះ​ទាំងឡាយ​ប្រហែលជា​ធ្លាប់​ជួប​ច្រើនដង​មក​ហើយ​ នៅពេល​ដែល​ចង់​ពិសា​សាច់​ត្រី​ចៀន​ឱ្យ​ឆ្ងាញ់​មាត់​ម្តង​ តែ​បែរជា​ជួប​នូវ​សាច់​ត្រី​ចៀន​ដែល​បែក​ខ្ទេច​ ឬបាក់​ដាច់​ជា​បំណែ​កតូច​ៗ ឃើញ​ហើយ​មិន​ចង់ឱ្យ​ទទួលទាន​សោះ​… ថ្ងៃនេះ​ អ្នកគ្រូ​ ឆវី​ មាន​តិចនិក​ក្នុង​ការ​ចៀន​ត្រី​បែប​ថ្មី​ មក​ជម្រាប​ជូន​ ធានា​ថា​ សាច់​ត្រី​នឹង​នៅជា​ដុំ​មូល​ មិន​បែក​ និង​មាន​ពណ៌​គួរ​ឱ្យ​ចង់​ញ៉ាំ​ទៀតផង​ ។
– ដាក់ខ្លាញ់​ ឬប្រេង​ចៀន​នៅ​លើ​ភ្លើង​ឱ្យ​ក្តៅ​ខ្លាំង​ជាមុន​សិន​។
– ដាក់​សាច់​ត្រី​ចូល​ទៅ​ចៀន​ ដោយ​ដាក់​ខាង​ស្បែក​ចុះក្រោម​ ព្រោះ​កន្លែង​សាច់​ជាប់​ស្បែក​ក្រ​ឆ្អិន​ជាង​កន្លែង​សាច់​សុទ្ធ​។
– យក​វែក​ឆា​ ឬវែក​ឈើ​សម្រាប់​ចៀន​សាច់​សង្កត់​លើ​សាច់​ត្រី​តិច​ៗ ដើម្បី​កុំឱ្យ​សាច់​ត្រី​-ងឡើង​ និង​កុំ​ប្រែ​ចុះ​ ​ឡើង​ញឹកញាប់​ដោយ​មិន​ចាំបាច់​ ​គួរ​ទុក​ឱ្យ​ឆ្អិន​ម្តង​ម្ខាង​។
– ពេល​សាច់​ខាង​ស្បែក​នោះ​ឆ្អិន​ក្រៀម​ល្អ​ហើយ​ សឹម​ត្រឡប់​ឱ្យ​សាច់​ខាងលើ​ទៅ​នៅ​ខាងក្រោម​ម្តង​ និង​ចៀន​រហូត​ឡើង​ឆ្អិន​ក្រៀម​ សឹម​ស្រង់​ឡើង​ ទុក​ឱ្យ​ស្រក់​ខ្លាញ់​អស់​។
ចូរ​កុំ​ភ្លេច​ មុន​ពេល​ដាក់​ចៀន​ អ្នក​គួរ​រោយ​អំបិល​ពីលើ​សាច់​ត្រី​ឱ្យ​សព្វ​ ដើម្បី​ការពារ​កុំឱ្យ​សាច់​ត្រី​ជាប់​ខ្ទះ​។

គន្លឹះក្នុងការបំពងសាច់មាន់ ឱ្យស្រួយខាងក្រៅ ទន់ខាងក្នុង
យក​សាច់​មាន់​ដែល​លាង​ហើយ​ទៅ​ដាក់​សំដិល​ខ្យល់​ឱ្យ​ស្ងួត​។ បុក​មើម​ខ្ទឹមស​ និង​គ្រាប់​ម្រេច​ឱ្យ​បែក​ល្អិត​ចូលគ្នា​សព្វ​ ដាក់​អំបិល​ចូល​ ហើយ​យក​ទៅ​ប្រឡាក់​ផ្អាប់​ជាមួយ​សាច់​មាន់​ដែល​សំដិល​ស្ងួត​ហើយ​នោះ​ ​រួច​ទុកចោល​យ៉ាងតិច​ឱ្យ​បាន​កន្លះម៉ោង​។ បន្ទាប់ពី​នោះ​យក​មក​ដាក់​ក្នុង​ចាន​ ហើយ​យក​ទៅ​ដាក់​ចំហុយ​នៅក្នុង​ឡាំង​ស៊ឹង​(ឆ្នាំង​សម្រាប់​ចំហុយ​) ដែល​មាន​ទឹកពុះ​ជាស្រេច​(ដាំទឹក​ឱ្យ​ពុះ​សិន​ សឹម​ដាក់​សាច់​មាន់​ចូល​ចំហុយ​)។ ចំហុយ​រហូត​សាច់​មាន់​ឆ្អិន​ល្មម​ សឹម​យកចេញ​ពី​ក្នុង​ឡាំង​ស៊ឹង​ ទុក​ឱ្យ​ត្រជាក់​ និង​ដាក់​សំដិល​ខ្យល់​ឱ្យ​ស្ងួត​ រួចហើយ​យក​សាច់​មាន់​មក​ច្របល់​ជាមួយ​ និង​ម្សៅសាលី​(ឬម្សៅ​បំពង​ស្រួយ​ក៏បាន​) បន្ទាប់មក​យក​ទៅ​ជ្រលក់​នៅក្នុង​ទឹក​ស៊ុត​ក្រឡុក​ រួច​ទើប​យក​ទៅ​ចៀន​បំពង​នៅក្នុង​ខ្លាញ់​ដែល​កំពុង​ក្តៅ​ខ្លាំង​ ដោយ​ប្រើ​ភ្លើង​ខ្លាំង​ល្មម​។ ពេល​មើលឃើញ​ម្សៅ​ខាងក្រៅ​ឆ្អិន​ឡើងពណ៌​លឿង​ស្រួយ​ហើយ​ ចូរ​យក​ចង្កឹះ​ចាប់​ស្រង់​ឡើង​យក​មក​ទុក​ឱ្យ​ស្រក់​ខ្លាញ់​អស់​… តែ​ប៉ុណ្ណឹង​លោកអ្នក​នឹង​បាន​សាច់​មាន់​បំពង​ដែល​ស្រួយ​ក្រៅ​ ទន់​ក្នុង​ មក​ទទួលទាន​យ៉ាង​ឆ្ងាញ់មាត់​មិនខាន​៕

Advertisement