ចរិត និងទង្វើ សំខាន់ជាងសមត្ថភាព…

ខុង ជឺ​ កំពូលអ្នកប្រាជ្ញាចិននិយាយថា៖ រើស​មន្ត្រីយក​មក​ប្រើ ត្រូវ​មើលលើ​ចរិត ឫកពារ និងការប្រព្រឹត្ត​ជាមុនសិន ចាំមើល​សមត្ថភាព​តាម​ក្រោយ…

​នៅពេលស្ដេច​អាយ​កុង​ ទ្រង់​មានបន្ទូល​សួរ ​ខុង ជឺ អំពី​វិធី​ប្រើ​មនុស្ស​…
ខុង ជឺ ក្រាបទូល​ថ្វាយយោបល់ថា​៖ «​សូម​ឱ្យ​តែងតាំង និង​ដំឡើង​បុណ្យស័ក្តិ​ឱ្យ​សមរម្យ​ទៅតាម​សមត្ថភាព ចូរប្រយ័ត្ន​មនុស្ស​អន់​ចរិត  ​ពូកែតែមាត់ ​ចូលចិត្ត​អួតអាង ពូកែ​និយាយ​បំប៉ោង បំផ្លើស និយាយ​ប៉ប៉ាច់ប៉ប៉ោច លោភលន់ មិនចេះ​ស្កប់ស្កល់…​។ ពួក​មនុស្ស​ទាំងនោះ និយាយបាន​ពិ​រោះ​ស្តាប់​ណាស់ ប៉ុន្តែ​ចរិត​ពិត​របស់គេ ​គឺជា​មនុស្ស​ធុន​អន់ អា​ត្មា​និយម ចូលចិត្ត​បង្ក​ឱ្យ​មានការ​បែកបាក់​ចលាចល​ក្នុងក្រុមការងារ​។ មនុស្ស​និយាយ​ច្រើន ​ចូលចិត្ត​អួតអាង គឺជា​មនុស្ស​កម្រិត​ទាប មានគំនិត​កេងប្រវ័ញ្ច បន្លែបន្លំ​ឥត​រើសមុខ​»​។​

ខុង ជឺ បន្តទៀតថា​៖ «​ប្រៀបដូចការជ្រើសរើសឈើមកធ្វើដង​ធ្នូដូច្នោះដែរ ​គេត្រូវ​មើល​ពីក្រយៅ​សាច់​ឈើ (​ថា​ត្រង់ ឬ​វៀច​) ជាមុនសិន រួចសឹមមើល​ពី​ភាពរឹងមាំ​តាម​ក្រោយ​។ សេះ ​ត្រូវ​មើល​ពី​ការ​ផ្សាំង​ជាមុន ​ថាតើ ​វា​សាំង​ និងអាចប្រើបានដល់​កម្រិតណា រួច​សឹមមើល​ពី​ភាព​សង្ហា និង​កម្លាំង​របស់​វា​។ រីឯ​នាម៉ឺន​មន្ត្រី ត្រូវ​មើល​ពី​គុណធម៌ និង​ការប្រព្រឹត្ត​ជាមុន រួច​សឹមពិនិត្យ​ពី​សមត្ថភាព​តាម​ក្រោយ​។ មនុស្ស​គ្មាន​គុណធម៌ មានតែ​សមត្ថភាព ច្រើនតែ​ជាម​នុស្ស​ដែល​គ្រោះថ្នាក់​បំផុត មិន​ខុសពី​ឆ្កែព្រៃ ឬ​ជា​ឆ្កែចចក​នោះទេ​ ចូរកុំ​ជ្រើសរើសយក​មក​ប្រើ​ជាដាច់ខាត​»៕

Advertisement