អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ត្រូវមានការប្រុងប្រយ័ត្ន និងស្គាល់ពីវិធីបង្ការ ការឆ្លងមេរោគ

អ្នកនាំពាក្យក្រសួងសុខាភិបាលបានបង្ហាញពីរបៀបនៃការបង្ការការចម្លងមេរោគតាមរយៈខ្យល់  ដោយបានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នដើម្បីចៀសវាងការចម្លង ជំងឺពី​មនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ នេះបើតាមការធ្វើបាឋកថា ស្ដីពីចំណេះដឹង  និងស្វែងយល់ពី​សកម្ម​ភាព​ឆ្លើយ​តប របស់ក្រសួង​សុខាភិបាលចំពោះការវិវឌ្ឍរបស់មេរោគកូវីដ-19 កាលពីរសៀល​ថ្ងៃទី25 ខែកុម្ភៈ ម្សិលមិញ នៅទីស្ដីការក្រសួងសុខាភិបាល។

ឯកឧត្ដមវេជ្ជណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យ និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា៖« ការឆ្លងមេរោគធំៗ គឺមាន2 ការឆ្លងតាមខ្យល់អាកាស និងឆ្លងតាមដំណក់លម្អងតូចៗ ដូចជាការកណ្តាស់ និងក្អកជាដើម។ ឯកឧត្ដមបានបន្ដថា ជំងឺដែលឆ្លងតាមខ្យល់​មាន​មេរោគ ដូចជាមេរោគរបេង  មេរោគស្អូច កញ្ជ្រឹល អុតស្វាយជាដើម»។

ឯកឧត្ដមមានប្រសាសន៍ថា៖« មេរោគឆ្លង​តាមខ្យល់នេះ ​ទោះបីជា​ពាក់​ម៉ាស់យ៉ាង​ណា  ក៏មិន​អាច​ការពារបានដែរ គឺវាអាចច្រោះចូលតាមប្រហោង ​តាមម៉ាស់​ធំ​ជាង ប៉ុន្តែអាចការពារបាន​ទាល់តែ​ពាក់​ម៉ាស់របស់ពេទ្យ ទើបបានទប់ជាប់។ ចំពោះការឆ្លង​តាមដំណក់លម្អងទឹកតូចៗវិញ មានន័យថា នៅ​ពេល​ដំណក់ទឹកតូចៗ ចេញពីអ្នកជំងឺដល់កន្លែងណា មេរោគដល់ទីនោះ ជាក់ស្តែង រួមមានដូចជាជំងឺ​ខាន់ស្លាក់ ជំងឺផ្តាសាយ និងវីរុស​កូរ៉ូណា(COVID-19)នេះ ជាដើម»ឯកឧត្ដមបានឱ្យដឹងថា៖« ពេលដំណក់ទឹកតូចៗដល់ទីណា មេរោគទៅដល់ទីនោះ ដំណក់​ទឹកហ្នឹង កើតមកពីការក្អក និងកណ្តាស់។ បើតាមការសិក្សា ចំពោះកណ្តាស់ និងក្អកនេះ អាច​មាន​ចម្ងាយ​ជិត 1ម៉ែត្រ ហើយនៅពេលក្អកកន្លែងណា ទឹកនឹងនៅទីនោះ។  អ៊ីចឹងបាន​គេឱ្យ​ពាក់ម៉ាស់ ដើម្បី​ចៀស​វាងការឆ្លង ដែលអ្នកជំងឺគួរតែពាក់ម៉ាស់ ដើម្បីទប់ស្កាត់នៅ​ពេល​កណ្តាស់ ហើយ ឆ្លងទៅគេ»

ឯកឧត្ដមបានបញ្ជាក់ថា៖« សម្រាប់អ្នកជាវិញ មិនចាំបាច់ពាក់ម៉ាស់ទេ ប៉ុន្តែត្រូវឧស្សាហ៍ លាងដៃ​នឹង​សាប៊ូ ព្រោះថា អ្នកជា ឧស្សាហ៍ប៉ះពាល់នឹងទីកន្លែងផ្សេងៗ ដែលជាហេតុនាំឱ្យ​មេរោគ​ឆាប់ឆ្លង​នៅ​ពេលយកដៃទៅញីច្រមុះ មាត់ ឬភ្នែក»។

ឯកឧត្ដមបានថ្លែងបញ្ជាក់ទៀតថា៖« អ្នកជា ឬមនុស្សទាំងឡាយ ដើម្បីទប់ស្កាត់ការឆ្លងជំងឺ​ ត្រូវកាត់​បន្ថយការយកដៃទៅប៉ះពាល់ផ្ទៃមុខ​ជាអតិបរមាកាន់​តែល្អ ហើយយើងបង្ហាញថ្ងៃ​នេះមិនសម្រាប់​តែមេរោគ​កូរ៉ូណាទេ  មេរោគផ្សេងទៀតក៏ទប់​ស្កាត់ការ​ឆ្លងដែរ»។

ឯកឧត្ដមវេជ្ជបណ្ឌិត លី សូវ៉ាន់ បានលើកឡើងថា ដៃប្រៀបដូចជាវត្ថុមួយចំនួនដែល​អាច​ចម្លងជំងឺ ឬអាចនិយាយថា ដៃបានប៉ះពាល់ទីកន្លែងជាច្រើន ដែលជាហេតុនាំឱ្យមេរោគ​ឆាប់ឆ្លង។ ដៃយើងជាអ្នកចម្លង ហើយបណ្តាលឱ្យមានអាលាក់ហ្ស៊ី កើតលើផ្ទៃមុខ ព្រោះថា ដៃ​មានសារ​ធាតុ​ច្រើន ដូចជាមេរោគដែលអាចចម្លងបាន។

ឯកឧត្ដមបានលើកឡើងទៀតថា ក្រសួងសុខាភិបាលមិនបានបង្ខំឱ្យ​មាន​ការពាក់​ម៉ាស់​នោះ​ទេ ប៉ុន្តែការពាក់ម៉ាស់ គឺនៅពេលចាំបាច់ ដូចជានៅតំបន់មួយចំនួនដែលមាន​មនុស្សច្រើន ឬការទៅ​សួរ​សុខ​ទុក្ខ​​អ្នកជំងឺ នៅមន្ទីរពេទ្យជាដើម។

សូមបញ្ជាក់ថា ឯកឧត្តម លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង និងជាអ្នកនាំពាក្យ​ក្រសួង​សុខាភិបាលបានឱ្យដឹងថា(គិតម៉ោង 7យប់ ថ្ងៃទី24 ខែកុម្ភ:  ឆ្នាំ2020)  កម្ពុជាពុំ​ទាន់​រក​ឃើញ ករណីអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី(Covid-19) បន្ថែមទៀតទេ  តែលទ្ធភាពរកឃើញករណី អាចនឹងកើតមាន  ពីព្រោះជំងឺនេះនៅតែបន្តរាតត្បាតនៅឡើយ នៅទីក្រុង Wuhan ប្រទេសចិន  និងមានការឆ្លងជំងឺនេះទៅប្រទេសដទៃ។

បើទោះជាកម្ពុជា ពុំទាន់មានករណីថ្មីនៃវីរុសកូរ៉ូណាថ្មីនេះក្ដី ក៏ក្រុមឆ្លើយតបបន្ទាន់ ក៏ដូចជាក្រុមគ្រូពេទ្យតាមព្រំដែន  (មន្រ្តីចត្តាឡីស័ក)  បាននិងកំពុងឃ្លាំមើលអ្នកដំណើរចេញចូលគ្រប់ច្រកតាមព្រំដែនគោកទាំងអស់ ដូចជាប្រទេសថៃ  ឡាវ  វៀតណាម  ផ្លូវសមុទ្រ  និងអាកាសយានដ្ឋានអន្តរ​ជាតិទាំង​3  គឺភ្នំពេញ  សៀមរាប  ក្រុងព្រះសីហនុ  តាមរយ:ម៉ាស៊ីនស្ទង់កម្ដៅ  និងពិនិត្យសុខភាព។

ឯកឧត្តម បានបន្តថា «យើងមានមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា   ដែលដំណើរ​ការ​ទាំង​ថ្ងៃទាំងយប់ ធ្វើតេស្តវត្ថុវិភាគ ដែលបានផ្ញើមកពីទូទាំងប្រទេស និងយើងត្រៀមមន្ទីរពិសោធន៍​ 2​ទៀតក្នុងក្រសួងសុខាភិបាលដើម្បីជំនួយក្នុងការធ្វើតេស្តបន្ថែមទៀត។

គួររំឭកថា កន្លងមក កម្ពុជាមានករណីតែ 1គត់ពាក់ព័ន្ធនឹងវីរុសកូរ៉ូណា គឺបុរសជនជាតិចិនម្នាក់អាយុ 60ឆ្នាំ ដែលធ្វើដំណើរពីទីក្រុង Wuhan មកលេងខេត្តព្រះសីហនុ តែត្រូវបានព្យាបាលជាសះស្បើយ និងត្រឡប់ទៅស្រុកកំណើតវិញហើយ៕

Advertisement