សុជីវធម៌ សីលធម៌ និងគុណធម៌ ជាអ្វីដែលសង្គមជាតិមួយត្រូវតែមាន

សុជីវធម៌ សីលធម៌ និង​គុណធម៌ ត្រូវបានសង្គមចាត់ទុកថាជាបណ្ដុំនៃ​គុណ​តម្លៃដែល​មនុស្សម្នាក់​មិនអាច​ខ្វះ​បានឡើយ​ គ្រាន់តែ​ថា ធម៌​ទាំង3 ​នេះ មានគុណតម្លៃ​ផ្សេងៗពីគ្នា​ប៉ុណ្ណោះ​។
សុជីវធម៌ គឺសំដៅលើ​កាយវិការ​ និងឥរិយាបថសមរម្យ និង​ពាក្យសម្ដីវាចាពីរោះ សុភាពរាបសា ដែល​សង្គមទទួលស្គាល់ និង​ឱ្យ​តម្លៃ​។ ជាឥ​រិ​យាបថ ដែល​មើលទៅ​គាប់​ភ្នែក និង​ពាក្យសម្តី ដែល​ស្តាប់ទៅ​មិន​ទើស​ត្រចៀក ដែល​មនុស្ស​ទូទៅ​ក្នុងសង្គម ត្រូវតែនាំគ្នា​ប្រកាន់ខ្ជាប់ និង​ប្រព្រឹត្ត​ជា​រៀងរាល់ថ្ងៃ នោះគឺជា​សុជីវធម៌​។

នៅពេល យុវជន​ម្នាក់ ជួបមនុស្សដែលមានអាយុច្រើនជាងខ្លួន ឬមានវ័យចំណាស់​ចាស់ជាង ឬជាព្រឹទ្ធាចារ្យ ហើយយុវជននោះ​លើក​ដៃ​សំពះ លំឱនកាយ និង​ពោល​ពាក្យ​ជម្រាបសួរ នេះគឺ​ហៅថា សុជីវធម៌​។

ចំណែក សីលធម៌ គឺ​សំដៅ​ទៅលើ​ទឹកចិត្ត ​និង​ចេតនានៃទង្វើ ជាជាង​កាយវិការ ឥរិយាបថ និង​ពាក្យសម្តី​។ សីលធម៌ គឺជា​ភាពត្រឹមត្រូវ​ចរិតនិស្ស័យល្អៗ និងគំនិតល្អៗរបស់​មនុស្ស ដែល​ប្រកាន់ខ្ជាប់​ក្នុង​ចិត្ត ទោះ​ជាមាន​អ្នកដទៃ​ដឹង ឬ​មិនដឹង​ក៏ដោយ​។ ការតាំង​ចិត្ត​ថា មិន​ធ្វើអំពើ​អាក្រក់ ឬ​មិន​ប្រព្រឹត្ត​ទង្វើ​មិន​គួរគប្បី​ណាមួយ ឬមិនបង្កការក្ដៅក្រហាយ ឬ​ការឈឺចាប់​ដល់​អ្នកដទៃ នោះគេហៅថា​សីលធម៌​។

ការមិន​សម្លាប់ ការមិន​បៀតបៀន ការមិន​កុហក ការមិនប្រព្រឹត្ត​កាម​គុណលើ​កូន ប្រពន្ធ និង​ប្តី​របស់​អ្នកដទៃ គឺ​សុទ្ធសឹងតែ​ជា​សីលធម៌ទាំងអស់ ដែល​ក្នុង​ភាសា​ព្រះពុទ្ធសាសនា ហៅថា​សីល​។ ​ពេលខ្លះ សីលធម៌ ឬ​អសីលធម៌ ក៏​អាច​បង្ហាញ​ចេញតាមរ​យៈ​កាយវិការ និង​សម្ដីវាចា​ដែរ​។

រីឯគុណធម៌វិញ គឺជា​ទឹកចិត្តអាណិតមេត្តា ដែល​កើតមាន​ចំពោះ​អ្នកដទៃ ហើយ​ចង់​ជួយ​អ្នកដទៃតាមរបៀប ឬ​មធ្យោបាយ​ណាមួយ​ដោយសុចរិតបរិសុទ្ធ។ គេអាច​និយាយ​បានថា ឱ្យ​តែ​នរណាម្នាក់ ឬសង្គមតូចណាមួយទទួលបាន​​អ្វីមួយពីបុគ្គលណាម្នាក់ ឬក្រុមណាមួយនូវ​អំពើ​ល្អ អំពើដែលមាន​​ប្រយោជន៍ ការ​អធ្យាស្រ័យ ការជួយយកអាសា ឬជួយសង្គ្រោះ ឬក៏​ការលើកលែងទោស​ឱ្យនោះ នោះហើយគឺ ​គុណធម៌​។

បើអ្នកមាន​ទ្រព្យ​ច្រើន ហើយ​លះបង់​ទ្រព្យ​ខ្លះ ដើម្បី​ជួយ​អ្នកក្រខ្សត់ ​នោះហើយ ​គុណធម៌​។ បើ​អ្នកមានចំណេះដឹង ហើយ​ចែករំលែក​ចំណេះដឹង​ទៅ​ឱ្យ​អ្នកដ​ទៃ ព្រោះ​ចង់​ឱ្យ​អ្នកដទៃ មានចំណេះដឹង​ដូច​ខ្លួនដែរនោះ ហ្នឹងហើយគុណធម៌​។ ឃើញ​អ្នកដទៃមានទុក្ខ​សោក ហើយមានអ្នក​ទៅ​ជួយ​រកមធ្យោ​បាយ ដើម្បីដោះស្រាយ ឬ​រំសាយ​ទុក្ខសោក​នោះ ហ្នឹងហើយដែលគេហៅថា​ គុណធម៌​។ បុគ្គល​ណា​ម្នាក់ ធ្វើ​ខុស​ចំពោះ​អ្នក ហើយ​អ្នក​លើកលែងទោស​គេ ហ្នឹងដែលហៅថា​ គុណធម៌​។

ការ​មាន​ក្តី​សន្តោសប្រណី ការអត់ឱន និងមានចេតនា​ចង់​ជួយ​អ្នកដទៃ គឺជា​ធាតុ​ល្អខាងក្នុងចិត្តរបស់​បុគ្គលដែលមាន​គុណធម៌​។ ការមិន​ច្រណែន ការមិន​គុំកួន ការមិន​ព្យាបាទ ការមិន​ធ្វើបាប​អ្នកដទៃ ក៏​ជា​ធាតុល្អខាងក្នុង​របស់​បុគ្គលដែលមាន​គុណធម៌​ដែរ​។

សុជីវធម៌ មិនអាច​កំណត់បានថា ជាមនុស្ស​ល្អ ​ឬ​អាក្រក់​បានឡើយ​។ អ្នកខ្លះ  មើលទៅ​ដូចជា​មាន​សុជីវធម៌​ល្អដែរ ដូចជា​បង្ហាញឥ​រិ​យាបថ​សុភាពរាបសា ទន់ភ្លន់ ចេះ​គួរសម ហើយ​ត្រឹមត្រូវ​សម្បើម​ណាស់ ប៉ុន្តែ​បែរជាមានចិត្តច្រណែន​ឈ្នានីស និង​រុកកួនរំខាន​អ្នកដទៃទៅវិញ ក៏​មានដែរ​។ សុជីវធម៌ គ្រាន់តែ​រូបភាព​ ឬជាទង្វើខាងក្រៅ​របស់​មនុស្ស​ប៉ុណ្ណោះ មិនអាច​កំណត់​បានទាំងស្រុង​ថា​ មនុស្ស​នោះ ជា​មនុស្ស​ល្អ មាន​សីលធម៌ ឬ​គុណធម៌​ឡើយ​។ មាន​សុជីវធម៌ តែ​មិនមាន​សីលធម៌ និង​ខ្វះ​គុណធម៌ ក៏មិនទាន់​គ្រប់គ្រាន់ដែរ​។

ទាល់តែមាន​សីលធម៌ផង ទើប​អាច​កំណត់​បាន​ថា ​ជា​មនុស្ស​ល្អ​។ សីលធម៌ មានតម្លៃ​ខ្ពស់ជាង​សុជីវធម៌​។ អ្នកដែល​មិន​ធ្វើអំពើ​អាក្រក់​ដាក់​អ្នកដទៃ គឺជា​អ្នក​ដែលមាន​សីលធម៌ ឬ​ហៅថា​សីល​។ ប៉ុន្តែ សីលធម៌ មិន​និយាយ​ដល់​ការជួយ​អ្នកដទៃ ឬ​មិន​ជួយ​នោះទេ គឺ​និយាយ​ត្រឹមតែ​ថា មិន​ធ្វើអំពើ​អាក្រក់​ប៉ុណ្ណោះ​។

ក្នុង​ចំណោម​ធម៌​ទាំង3 គុណធម៌ ហាក់​មានតម្លៃ​ខ្ពស់​ជាងគេ​។ បុគ្គល​ណា ដែលមាន​គុណធម៌ តែងមាន​លក្ខណៈ​ 2​យ៉ាង គឺ​ទី1 តាំងចិត្ត​ធ្វើ​ទង្វើល្អ​ត្រឹមត្រូវ​ជានិច្ច ដោយ​មិន​ធ្វើអំពើ​ទុ​ច្ច​រិត​ជាដាច់ខាត ហើយ​ទី​2 ផ្តល់​ប្រយោជន៍​ដល់​អ្នក​ដទៃ​។ បុគ្គល​ណា មិន​ធ្វើ​អាក្រក់​ដាក់​អ្នកដទៃ ចាត់ទុកថា មាន​សីលធម៌ ហើយ​បើ​ចេះ​ជួយ​អ្នកដទៃទៀតផងនោះ គឺនឹង​ឈានដល់​កម្រិត​មួយទៀត គឺ​គុណធម៌ហ្នឹងឯង​៕​

Advertisement