បង្រៀន​កូន​ឱ្យ​ចេះ​ “តស៊ូ​”

ពាក្យ​ថា​ “តស៊ូ​” នៅក្នុង​អត្ថបទ​នេះ​ មិនមែន​ជា​ការ​វាយតប់​ ឬធ្វើបាប​គ្នា​ខាង​រាងកាយ​ ​មិនមែន​ជា​ការ​កែ​បញ្ហា​ដោយ​ប្រើ​កម្លាំងកាយ​នោះ​ទេ​ តែ​ជា​ការ​បង្រៀន​ឱ្យ​កូន​ដែល​ស្ថិត​ក្នុង​វ័យ​មតេ្តយ្យ​ ចេះ​គិត​ ចេះកែ​បញ្ហា​ និង​សម្របសម្រួល​ខ្លួន​ឱ្យ​រស់នៅ​ក្នុង​សង្គម​បាន​យ៉ាង​ស័ក្តិសម​។

“តស៊ូ​” ដែល​ត្រឹមត្រូវ​
ការ​តស៊ូ​ក្នុង​កុមារ​វ័យ​នេះ​ គឺ​ការ​សម្តែង​ចេញ​ដើម្បី​រក្សា​ការពារ​សិទ្ធិ​របស់​ខ្លួនឯង​ តាំងពី​សិទ្ធិ​លើ​រាងកាយ​ វត្ថុ​របស់របរ​ រួម​ទៅដល់​សិទ្ធិ​ដែល​មាននៅ​ក្នុង​សង្គម​របស់​ខ្លួនឯង​ ដូចជា​សិទ្ធិ​ក្នុង​ការ​មិន​ត្រូវ​គេ​មក​ឈរ​កាត់មុខ​ ពេល​តម្រង់​ជួរ​ធ្វើអ្វី​មួយ​ កេងប្រវ័ញ្ច​យក​ប្រៀប​ ខ្សែលើ​ មិនថា​តែ​នៅក្នុង​សង្គមសាលា​រៀន​ ឬសង្គម​ក្រៅ​ផ្ទះ​នោះ​ឡើយ​។
តស៊ូ​” ខាង​កាយ​គឺ​ការ​ចេះកែ​បញ្ហា​ ក្នុងករណី​ដែល​កូន​មាន​អារម្មណ៍​ថា​ ខ្លួនឯង​ត្រូវ​បាន​ល្មើស​សិទ្ធិ​ ត្រូវ​បាន​រំលោភបំពាន​ ឬមាន​អារម្មណ៍​ថា​គ្មាន​សុវត្ថិភាព​។
– គូ​ជម្លោះ​ជា​មនុស្ស​ធំ​ ឬក្មេង​ដែល​ធំជាង​ : ចំពោះ​ក្មេង​តូច​ ឡា​រ៉ែ​ន សូម​ណែនាំ​ឱ្យ​អាណា​ព្យាបាល​បង្រៀន​កូន​រឿង​ការ​សុំ​ការ​ជួយ​យកអាសា​ពី​មនុស្សម្នា​ដែល​នៅ​ជុំវិញ​ខ្លួន​ ដូចជា​ ឱ្យ​រត់​ទៅ​រក​មនុស្សចាស់​ណា​ម្នាក់​ ដែល​មើលទៅ​គួរ​ឱ្យ​ទុកចិត្ត​ ​ស្រែក​ដើម្បី​ឱ្យ​មនុស្ស​ចូល​មក​ជួយ​ ជាដើម​។
– គូ​ជម្លោះ​ជា​ក្មេង​វ័យ​ស្របាល​គ្នា​ : ទុក​ឱកាស​ឱ្យ​ក្មេង​ចរចា​ កែ​បញ្ហា​ដោយខ្លួនឯង​ជាមុន​សិន​។ បង្រៀន​ឱ្យ​កូន​ប្រើពាក្យ​សម្តី​ និង​ជំនាញការ​ចរចា​តវ៉ា​ តែ​ត្រូវ​មិន​ប្រើ​អំពើ​ហិង្សា​ទាំង​ខាង​រាងកាយ​ និង​វាចា​ឡើយ​។ បើ​ចរចា​ហើយ​ មិន​បាន​លទ្ធផល​ ឬមិត្ត​ភ័ក្តិ​ចាប់ផ្តើម​ប្រើ​អំពើ​ហិង្សា​តប​មកវិញ​នោះ​ ចូរ​បង្រៀន​ឱ្យ​កូន​ចេះ​ដើរចេញ​ទៅ​សុំ​ការ​ជួយ​យកអាសា​ពី​មនុស្សចាស់​។
តស៊ូ​” ខាង​ផ្លូវចិត្ត​
មានន័យ​ពី​ផ្លូវចិត្ត​ដែល​រឹងប៉ឹង​ ព្យាយាម​ក្នុង​អ្វី​ដែល​ខ្លួន​តាំងចិត្ត​ចង់​ធ្វើ​ ទទួលស្គាល់​លទ្ធផល​របស់​ទង្វើ​របស់​ខ្លួនឯង​ ចេះ​ចាត់ការ​ជាមួយ​អារម្មណ៍​ខកបំណង​ សោក​ស្តាយ​ ឬខឹងសម្បា​បាន​យ៉ាង​សមរម្យ​។ ចេះ​សម្របសម្រួល​ខ្លួន​ជាមួយ​ស្ថានការណ៍​ និង​មាន​ភាព​ព្យាយាម​កែខៃ​ចំណុច​ខុសឆ្គង​ដែល​កើតឡើង​ រួម​ទៅដល់​ការ​ចេះ​អភ័យទោស​ឱ្យ​ខ្លួនឯង​ និង​អ្នកដទៃ​ទៀតផង​។

5ចំណុច ជួយឱ្យកូនក្លាយជាអ្នកតស៊ូ
ចំពោះ​ក្មេង​តូច​ រឿង​ដែល​បាន​ទទួលលទ្ធផល​ច្រើនជាង​ការអប់រំ​ប្រៀនប្រដៅ​ដោយ​វាចា​នោះ​ គឺ​ការដែល​ឪពុក​ម្តាយ​មាន​ទង្វើ​ជា​គំរូ​ដ៏​ល្អ​ត្រឹមត្រូវ​ ឱ្យ​កូន​បានឃើញ​ជាប្រចាំ​ជាប់​ជានិច្ច​ និង​ជួយ​ក្នុង​ការ​សាង​ឫសគល់​ដើម្បី​បង្រៀន​ឱ្យ​កូន​ចេះ​ “តស៊ូ​”។

1. សាង​កូន​ឱ្យ​មាន​មោទនភាព​ និង​ជឿជាក់​លើ​ខ្លួនឯង​៖ បង្រៀន​ឱ្យ​កូន​ចេះ​មើលថែ​ទាំ​ខ្លួនឯង​បាន​ទៅតាម​វ័យ​ ដូចជា​ ស្លៀកពាក់​ ​ញ៉ាំបាយ​ខ្លួនឯង​បាន​ ជា​មូលដ្ឋាន​គ្រឹះ​ឱ្យ​កូន​មាន​អារម្មណ៍​ថា​ អាច​ធ្វើ​អ្វី​ផ្សេង​ៗបាន​ដោយខ្លួនឯង​ បង្ហាត់​ឱ្យ​មាន​ភាព​ទទួលខុសត្រូវ​ខ្លួនឯង​។
2. សាង​ទស្សនៈ​ចំពោះខ្លួន​ឯង​ដែល​ស័ក្តិសម​ និង​ត្រឹមត្រូវ​៖ នឹង​ជួយ​ឱ្យ​កូន​ស្គាល់​ពី​ខ្លួនឯង​ ដឹង​ថាត្រូវ​ ត្រូវការ​អ្វី​ ​វាយតម្លៃ​សមត្ថភាព​ថា​ ធ្វើអ្វី​បាន​ប៉ុនណា​? និង​ពេលណា​ដែល​ត្រូវ​សុំ​ជំនួយ​ពី​អ្នកដទៃ​?
3. សម្លឹង​មើល​ជុំវិញ​ខ្លួន​ក្នុង​ន័យ​វិជ្ជមាន​ តាម​ស្ថានភាព​ពិត​៖ ជួយ​ឱ្យ​ក្មេង​មាន​អារម្មណ៍​ថា​ ខ្លួនឯង​ស្ថិត​ក្នុង​បរិស្ថាន​ដែល​មាន​សុវត្ថិភាព​ មាន​អ្នកមាន​ចេតនា​ល្អ​ច្រើនជាង​មនុស្ស​មិនល្អ​ មាន​អ្នកចាំ​ជួយ​យកអាសា​គាំទ្រ​ ការពារ​ និង​ជួយ​លើកទឹកចិត្ត​ ​តែ​ក៏​ត្រូវ​ឱ្យ​ចេះ​ប្រយ័ត្ន​ប្រយែង​ផង​ដែរ​ ដោយ​ឪពុក​ម្តាយ​អាច​ប្រតិបត្តិ​ធ្វើជា​គំរូ​ ឱ្យ​កូន​បានឃើញ​ ​រៀន​យល់ដឹង​ ដោយ​ការ​មាន​ទស្សនៈ​ចំពោះ​រឿង​ផ្សេង​ៗ ជុំវិញ​ខ្លួន​ដែល​សម្បូរ​បែប​ ដូចជា​ ឃើញ​គេ​បើកឡាន​ជ្រែ​ពីមុខ​លឿន​ឆ្វេ​ចឆ្វាច​ អាច​និយាយ​ឱ្យ​កូន​បានឮ​ថា​ បើកឡាន​បែបនេះ​មាន​គ្រោះថ្នាក់​ណាស់​ មិន​គួរ​ឱ្យ​ចូលចិត្ត​សោះ​ សង្ស័យ​គេ​ប្រហែលជា​រឿង​ចាំបាច់​ប្រញាប់​ហើយ​ទើប​ភ្លេច​ខ្លួន​បើកឡាន​លឿន​បែបនេះ​…។
4. ស្គាល់​សិទ្ធិ​តួនាទី​ មិន​ល្មើស​សិទ្ធិ​អ្នកដទៃ​៖ បង្រៀន​ឱ្យ​ក្មេង​បានដឹង​ថា​ ខ្លួនឯង​មាន​សិទ្ធិ​ក្នុង​រឿង​ណា​ ដូចជា​សិទ្ធិ​លើ​រាងកាយ​របស់​ខ្លួនឯង​ អ្នកដទៃ​ក្រៅពី​ឪពុក​ម្តាយ​គ្មាន​សិទ្ធិ​មក​ប៉ះពាល់​រាងកាយ​របស់ខ្ញុំ​ក្នុង​លក្ខណៈ​មិន​សមរម្យ​ ខណៈ​ពេល​ជាមួយគ្នា​ ខ្ញុំ​ក៏​ត្រូវ​ស្គាល់​ពី​តួនាទី​ដែល​ត្រូវ​ទទួលខុសត្រូវ​មើលថែ​ទាំ​រាងកាយ​របស់​ខ្លួន​ឱ្យ​ស្អាតបាត​ និង​មាន​សុខភាព​ល្អ​ផង​ដែរ​។
5. ឱ្យ​មានចិត្ត​ចេះ​ជួយ​យកអាសា​៖ បង្រៀន​ឱ្យ​កូន​យល់ដឹង​ថា​ ការ​ជួយ​កអាសា​អ្នកដទៃ​ដោយ​មិន​សង្ឃឹម​សំណង​មកវិញ​នោះ​ ធ្វើ​ឱ្យ​កើត​អារម្មណ៍ល្អ​ចំពោះខ្លួន​ឯង​ និង​មាន​អារម្មណ៍​ថា​ ខ្លួនឯង​មានប្រយោជន៍​ មានតម្លៃ​ ​បើ​មាន​អ្នកណា​ត្រូវការ​ជំនួយ​ ហើយ​យើង​អាច​ជួយ​បាន​ដោយខ្លួនឯង​មិន​មាន​បញ្ហា​នោះ​ ក៏​គួរតែ​ជួយ​។ការ​បង្រៀន​បែបនេះ​នឹង​ជួយ​ឱ្យ​កូន​បាន​សម្តែង​នូវ​ចេតនា​ល្អ​ និង​រៀន​យល់ដឹង​ពី​ការគោរព​សិទ្ធិ​របស់​អ្នកដទៃ​ផង​ដែរ​៕

Advertisement