គុណភាពជីវិតកាន់តែល្អប្រសើរឡើង ចាប់ផ្ដើមពី Smart Home

រាល់ថ្ងៃ​នេះ​យើង​កំពុង​រស់នៅ​ក្នុង​សង្គម​ដែល​ប្រើ​តិ​ចណូ​ឡូ​ជី​ រហូត​ក្លាយជា​បច្ច័យ​ទី6​ ក្នុង​ការ​រស់នៅ​រហូតដល់​មិន​អាច​ខ្វះ​បាន​ទៅ​ហើយ​។ នៅ​ពេល​ការ​មកដល់​របស់​តិ​ចណូ​ឡូ​ជី​ធ្វើ​ឱ្យ​ជីវិត​យើង​កាន់តែ​សប្បាយ​ឡើង​ ប្រព័ន្ធ​មួយ​ដែល​នៅ​ជិត​ខ្លួន​យើង​បំផុត​គឺ​ Smart​ Home​ ឥឡូវ​យើង​នាំគ្នា​មក​មើល​ថា​ តើ​ Smart​ Home​ ធ្វើ​ឱ្យ​ជីវិត​យើង​ល្អ​ប្រសើរ​ឡើង​យ៉ាងណា​?

Smart​ Home​ គឺ​អ្វី​?
Smart​ Home​ ឬ Home​ Automation​ ​ឈ្មោះ​នេះ​ យើង​ប្រហែលជា​ធ្លាប់​បានឮ​មួយ​រយៈ​មក​ហើយ​ វា​គឺជា​ឈ្មោះ​ហៅ​របស់​ឧបករណ៍​ដែល​មក​ជួយ​ឱ្យ​អ្នក​ស្នាក់នៅ​ក្នុង​ផ្ទះ​ មាន​ភាព​ងាយស្រួល​ខ្លាំង​ឡើង​ បង្កើន​ប្រសិទ្ធភាព​ក្នុង​ការប្រើ​ប្រាស់​ថាមពល​ អាច​គ្រប់គ្រង​បាន​តាមរយៈ​ Smart​ Phone​ ឬឧបករណ៍​បញ្ជា​ដោយ​សំឡេង​។ ជាផ្នែក​មួយ​របស់​ប្រព័ន្ធ​ IOT​(Internet​ of​ Things​) ដោយ​ឧបករណ៍​ទាំងអស់​នោះ​អាច​ដោះដូរ​ចែក​រំលែក​ព័ត៌មាន​គ្នា​ទៅវិញទៅមក​ មាន​សមត្ថភាព​យ៉ាង​សម្បូរ​បែប​ ទាំង​ប្រព័ន្ធ​ភ្លើង​ដែល​មិនមែន​ត្រឹមតែ​ភ្លឺ​ដោយខ្លួនឯង​ពេល​មេឃងងឹត​ ទ្វារផ្ទះ​ ឬទ្វាររបង​ដែល​បើក​ឱ្យ​តែ​មនុស្ស​នៅក្នុង​ផ្ទះ​ចូល​ប៉ុណ្ណោះ​ ទូទឹកកក​ដែល​នឹង​ប្រាប់​ឱ្យ​យើង​ដឹង​ថា​អ្វី​ជិត​អស់​ ប្រព័ន្ធ​ការពារ​ចោរកម្ម​ដែល​ជួយ​មើលថែ​រក្សាទ្រព្យ​សម្បត្តិ​នៅក្នុង​ផ្ទះ​ ឬគ្រឿង​បញ្ចេញ​សំឡេង​ដែល​ទទួលបញ្ជា​ដោយ​សំឡេង​ ដើម្បី​ឱ្យ​ឧបករណ៍​ក្នុង​ផ្ទះ​គ្រប់យ៉ាង​ធ្វើការ​ ទាំង​បើក​ទូរទស្សន៍​ បើក​ម៉ាស៊ីន​ត្រជាក់​ បើកភ្លើង​ និង​កំណត់ពេលវេលា​បើក​ ឬបិទ​ជាដើម​។

ប្រយោជន៍​របស់​ Smart​ Home
​ប្រយោជន៍​ដែល​មើលឃើញ​ច្បាស់​បំផុត​របស់​ Smart​ Home​ ប្រហែលជា​ប្រព័ន្ធ​ការពារ​ចោរកម្ម​ ដើម្បី​បន្ថែម​ទំនុកចិត្ត​ក្នុង​ការ​ថែរក្សា​ផ្ទះ​មិន​ឱ្យ​កើតការ​ខូចខាត​បាត់បង់​ពី​អ្នក​ដែល​មានបំណង​មិនល្អ​ និង​ថែមទាំង​អាច​គ្រប់គ្រង​ឧបករណ៍​ខាងក្នុង​ផ្ទះ​បាន​យ៉ាង​ពេញលេញ​ទៀតផង​ ដូចជា​ ម៉ាស៊ីន​អាំង​នំប៉័ង​ដែល​ភ្លេច​ដក​ឌុយ​ភ្លើង​ចេញ​ ម៉ូទ័រ​បូមទឹក​ដែល​ភ្លេច​បិទ​ពេល​ប្រើ​រួច​ ឬអំពូលភ្លើង​ខាងក្នុង​ផ្ទះ​ដែល​អាច​បញ្ជា​ឱ្យ​បើក​បិទ​បាន​ពីទី​ណាក៏ដោយ​ក្នុង​ពិភពលោក​នេះ​ ជាដើម​។
ប្រព័ន្ធ​ Smart​ Home​ ក្រៅពី​នឹង​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​ឧបករណ៍​អគ្គិសនី​ក្នុង​ផ្ទះ​ហើយ​ វា​នៅ​ជួយ​កែសម្រួល​ប្រសិទ្ធភាព​ក្នុង​ការប្រើ​ប្រាស់​ធនធាន​ថាម​ពល​ផ្សេង​ៗទៀត​ ដូចជា​ ភ្លើងអគ្គិសនី​ ទឹក​ និង​សីតុណ្ហភាព​ក្ដៅ​-ត្រជាក់​ ទៀតផង​ ដូចជា​ អាច​សម្រួល​សីតុណ្ហភាព​ក្នុង​បន្ទប់​ឱ្យ​សម​ល្មម​រួចជាស្រេច​ពេល​អ្នកធ្វើ​ដំណើរ​មកដល់​ផ្ទះ​ ឬជួយ​មើលថែ​ទាំ​វាលស្មៅ​មុខ​ផ្ទះ​ ឱ្យ​ស្រស់​ស្អាត​ជានិច្ច​ ដោយ​មិនបាច់​ខ្វល់ខ្វាយ​ថា​ ទឹកដែល​ស្រោចស្រព​ដើមផ្កា​នឹង​ច្រើន​ ឬតិច​ពេក​នោះ​ឡើយ​ ប្រព័ន្ធ​នឹង​ស្រោចទឹក​ក្នុង​បរិមាណ​ដែល​ស័ក្តិសម​បំផុត​ មិន​ចាំបាច់​គិតថា​ ពេល​មាន​ភ្លៀង​ធ្លាក់​ហើយ​ តើ​ត្រូវ​ស្រោចទឹក​ថែម​ឬអត់​ ជាដើម​ ដែល​ទាំងអស់​នេះ​ លទ្ធផល​ចេញ​មក​ គឺ​សន្សំសំចៃ​ប្រាក់​ក្នុង​ហោប៉ៅ​របស់​អ្នក​ហ្នឹងឯង​។

ការ​ធ្វើការងារ​របស់​ប្រព័ន្ធ​ Smart​ Home​ ត្រូវការ​អ្វីខ្លះ​?
ការ​ធ្វើការងារ​របស់​ប្រព័ន្ធ​ Smart​ Home​ ឱ្យ​ទទួល​បាន​ប្រយោជន៍​ខ្ពស់​បំផុត​ គឺ​ឧបករណ៍​ទាំងអស់​នឹង​ត្រូវ​តភ្ជាប់​គ្នា​ និង​ធ្វើការ​ដោយ​ប្រើ​ទីបញ្ជាការ​គ្រប់គ្រង​តែ1​ ជាមួយគ្នា​ ដោយ​ប្រព័ន្ធ​ទាំងនោះ​នៅក្នុង​ពិភពលោក​នេះ​ មាន​ច្រើន​ក្រុមហ៊ុន​ដែល​មាន​ផលិតផល​ និង​សេវាកម្ម​ដូចគ្នា​។ អ្នកណា​ដែល​ចង់​នាំ​យក​ប្រព័ន្ធ​ Smart​ Home​ មក​ប្រើ​ អាច​ជ្រើសរើស​ប្រើ​ឧបករណ៍​ច្រើន​ម៉ាក​ច្រើន​យីហោ​បាន​ តែ​សូម​ឱ្យ​ប្រុងប្រយ័ត្ន​ទៅលើ​រឿង​មួយ​ គឺ​ឧបករណ៍​ Smart​ Home​ ត្រូវតែ​អាច​ធ្វើការ​បាន​ក្នុង​កម្រិត​ស្តង់ដារ​តែមួយ​ ការពារ​ពេល​ទិញ​មក​ហើយ​ តភ្ជាប់​គ្នា​មិនបាន​ ពិបាក​ខ្លាំង​នៅពេល​ប្រើប្រាស់​-ល- រឿង​នេះ​គួរ​ប្រយ័ត្ន​…។
រឿង​ 1ទៀត​ដែល​សំខាន់​ គឺ​ការ​តភ្ជាប់​ប្រព័ន្ធ​ការ​ធ្វើការ​…។ នា​ពេល​បច្ចុប្បន្ន​នេះ​ ប្រហែល​ជា​គេច​មិន​ផុត​ពី​រឿង​របស់​អុីន​ធើ​ណិ​តឡើយ​ ដែល​នេះ​គឺជា​រឿង​សំខាន់​យ៉ាង​ខ្លាំង​ក្នុង​ការប្រើ​ការ​ប្រព័ន្ធ​ Smart​ Home​ ព្រោះថា​ បើសិន​គ្មាន​អុីន​ធើ​ណិ​ត យើង​ក៏​ប្រហែលជា​បញ្ជា​ពី​ Smart​phone​ ឬ Web​ Service​ ដែល​មាន​សម្រាប់​បម្រើសេវា​កម្ម​នោះ​មិនបាន​យ៉ាង​ពិតប្រាកដ​។
ជំហាន​បន្ទាប់​ទៀត​របស់​ Smart​ Home​ គឺ​ AIoT​នៅពេល​ឧបករណ៍​ AloT​ ដែល​ធ្វើការ​រួមគ្នា​ឱ្យ​កើត​ប្រព័ន្ធ​ Smart​ Home​ តែ​ការ​បញ្ជាការ​ងារ​ ភាគច្រើន​ចេញ​មក​ពី​តម្រូវការ​របស់​អ្នក​ស្នាក់​អាស្រ័យ​ពិតប្រាកដ​នោះ​ ជំហាន​បន្ត​ទៅទៀត​ គឺ​ការ​នាំ​យក​ប្រព័ន្ធ​ AI​ (Artificial​ Intelligence​ ឬបញ្ញា​សិប្បនិម្មិត​) មក​វិភាគ​ព័ត៌មាន​លម្អិត​ដែល​មាន​សម្ពន្ធ​គ្នា​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ធ្វើការងារ​ឱ្យ​បាន​ខ្ពស់​បំផុត​(Optimize​ Solution​) ដូច្នេះ​កិច្ចការ​នេះ​អាច​ប្រាប់​បានតែ​ម្ដង​ថា​ ទាន់សម័យ​បំផុត​ ដោយ​ការ​នាំ​យក​ AI​ មក​រួម​ជាមួយ​ IoT​ ធ្វើ​ឱ្យ​កើត​ចេញ​ជា​ពាក្យ​ថ្មី​មួយ​ថា​ AIoT​(Artificial​ Intelligence​ of​ Things​) ជា​ពាក្យ​ថ្មី​ដែល​ទើប​កើតឡើង​កាលពី​ចុងឆ្នាំ2018​ កន្លងទៅ​ហ្នឹងឯង​។
ក្នុង​ជ្រុង​របស់​ Smart​ Home​ តួ​ប្រព័ន្ធ​ AIoT​ នឹង​ចូល​មក​រៀន​យល់ដឹង​ពី​ទង្វើ​របស់​អ្នក​ស្នាក់នៅ​បែប​បុគ្គល​ម្នា​ក់ៗ​ ដូចជា​ម្ចាស់ផ្ទះ​ចូលចិត្ត​ស្ដាប់​បទភ្លេង​បែប​ណា​? ហើយនឹង​បើក​នៅពេល​ណា​? បិទ​ម៉ូទ័រ​បូមទឹក​ពេល​ម៉ោង​ប៉ុន្មាន​? កូនប្រុស​ម្ចាស់ផ្ទះ​ចូលចិត្ត​បើកវាំងនន​នៅពេល​យប់​អត់​? ចូលចិត្ត​បើក​ម៉ាស៊ីន​ត្រជាក់​ក្នុង​សីតុណ្ហភាព​ប៉ុន្មាន​អង្សា​? ដោយ​ប្រព័ន្ធ​ AIoT​ នឹង​សេ​រ៉េ​ទុក​ជាស្រេច​ និង​សម​ល្មម​សម្រាប់​មនុស្ស​នៅក្នុង​ផ្ទះ​ទាំងអស់​បា​នភ្លាមៗ​ ដោយ​យើង​មិន​ចាំបាច់​បញ្ជា​អ្វី​ទាំងអស់​ ប្រៀប​ដូច​មាន​មេផ្ទះ​ម្នាក់​នៅចាំ​បម្រើសេវា​ទាំងអស់​នេះ​ និង​ថែមទាំង​ធ្វើការ​រួម​ជាមួយ​ព័ត៌មាន​ផ្សេង​ៗទៀត​ ដូចជា​ ប្រកាសប្រាប់​ពី​ការ​ជួសជុល​បំពង់​បង្ហូរទឹក​ និង​ត្រៀម​ទឹក​បម្រុង​ឱ្យ​គ្រប់គ្រាន់​ប្រើ​សម្រាប់​មនុស្ស​ក្នុង​ផ្ទះ​ទាំងអស់គ្នា​ ប្រកាស​អំពី​ភ្លៀង​ធ្លាក់​ ប្រព័ន្ធ​ស្រោចទឹក​សួនច្បារ​នឹង​ឈប់​ធ្វើការ​ដោយខ្លួនឯង​ ហៅ​ជាង​មក​ជួសជុល​បំពង់​បង្ហូរទឹក​ដែល​បែក​នៅក្នុង​ផ្ទះ​ ហៅ​ជាង​មក​លាង​ម៉ាស៊ីន​ត្រជាក់​ពេល​ដល់​ថ្ងៃកំណត់​ជាដើម​ ព្រោះ​ព័ត៌មាន​ដែល​ AI​ នាំមក​វិភាគ​តាមរយៈ​ Big​ Data​ ធ្វើ​ឱ្យ​ប្រព័ន្ធ​អាច​ប្រមាណ​បាន​អំពី​សកម្មភាព​របស់​ផ្ទះ​នា​ពេល​អនាគត​បាន​ទៀតផង​។
ការ​ជ្រើសរើស​ប្រើ​តិ​ចណូ​ឡូ​ជី​ឱ្យ​ស័ក្តិសម​ជាមួយ​ការប្រើ​ការ​ គឺជា​រឿង​សំខាន់​ ដូច្នេះ​អ្នកប្រើ​ប្រាស់​គួរ​មើល​អំពី​តម្រូវការ​របស់​ខ្លួនឯង​ជាចម្បង​ថា​ មាន​តម្រូវការ​ឱ្យ​ប្រព័ន្ធ​អាច​ធ្វើការ​អ្វី​បាន​ខ្លះ​? ដោយ​អាច​នឹង​ចាប់ផ្ដើម​សិក្សា​ពី​វត្ថុ​របស់របរ​ដែល​មាន​លក់​នៅ​តាម​ហាង​ផ្សេង​ៗថា​ មាន​ឧបករណ៍​អ្វីខ្លះ​? រួច​សឹម​មក​សរសេរ​ផែន​ការងារ​ឱ្យ​ប្រព័ន្ធ​ធ្វើការ​ ដើម្បី​ឱ្យ​ប្រព័ន្ធ​ដែល​នឹង​នាំមក​ប្រើ​ នឹង​បាន​ត្រឹមត្រូវ​តាម​សេចក្ដី​ត្រូវការ​របស់​អ្នកប្រើ​ប្រាស់​យ៉ាង​ពិតប្រាកដ​៕

Advertisement