តើអ្នកដឹងទេ? ទារកអាចរៀនយល់ដឹងអ្វីផ្សេងៗ តាំងពីនៅក្នុងគភ៌ម្តាយម្លេះ

តើស្ត្រីមានគភ៌ទាំងឡាយដឹងដែរឬទេថា ទារកដែលនៅក្នុងគភ៌ អាចទទួលដឹងពីអ្វីផ្សេងៗដែលនៅខាងក្រៅគភ៌បាន និងពេលប្រសូតចេញមកហើយ ថែមទាំងចេះត្រៀមខ្លួនជាស្រេច ក្នុងការរៀនយល់ដឹងរឿងផ្សេងៗក្នុងសភាពបរិស្ថានជុំវិញខាងក្រៅបានយ៉ាងល្អទៀតផង។ ឥឡូវនេះ យើងនាំគ្នាមកមើលថា តើទារករៀនយល់ដឹងពីអ្វីខ្លះពេលនៅក្នុងគភ៌ម្តាយ?

1. រៀនយល់ដឹងពីការស្តាប់ និងឮ
កូននៅក្នុងស្បូនដែលនៅក្នុងគភ៌ម្តាយមួយជាន់ទៀតនោះ ក៏បានឮសំឡេងដែលនៅជុំវិញ និងសំឡេងដែលនៅក្នុងរាងកាយរបស់អ្នកម្តាយយ៉ាងច្បាស់ដែរ ដូចជា សំឡេងកូរពោះរបស់ម្តាយ សំឡេងបេះដូង សំឡេងរញេរញ៉ៃជុំវិញខ្លួនម្ដាយរបស់គេ ឬសំឡេងនៅលើផ្លូវថ្នល់ ជាដើម។ ស្ត្រីមានគភ៌អាចសាកល្បងបានយ៉ាងងាយ គឺនៅពេលណាដែលកូនរើខ្លាំងៗ ចូរអ្នកម្តាយអង្អែលក្បាលពោះ និងនិយាយជាមួយកូនយ៉ាងទន់ភ្លន់ កូននឹងស្ងប់ស្ងាត់ទៅវិញ ព្រោះចាំសំឡេងម្តាយបាន។

2.​ ប្រែភាសាបានទៀតផង
ពិតប្រាកដណាស់ នៅពេលកូនបានឮ កូនក៏នឹងអាចដឹងអំពីភាសា និងអត្ថន័យនៃពាក្យនោះបានដែរ។ ស្ត្រីមានគភ៌អាចសង្កេតមើលបានថា ពេលកូនប្រសូតចេញមកហើយ កូននឹងអាចយល់ដឹងពីភាសាដើមក្នុងតំបន់ ដែលគេធ្លាប់បានឮញឹកញាប់ ដូច្នេះហើយទើបមានការណែនាំឱ្យស្ត្រីមានផ្ទៃពោះស្តាប់បទភ្លេងដែលបើកតិចៗ ពីរោះៗ ឬអ្នកណាដែលចង់និយាយភាសាអង់គ្លេសជាមួយកូន ឬក៏ស្តាប់បទភ្លេងភាសាអង់គ្លេសដើម្បីឱ្យចងចាំសំនៀងភាសាបាន។

3. អាចមើលឃើញពន្លឺភ្លើងបានហើយ
ទារកនឹងមើលឃើញពន្លឺបានច្បាស់នៅពេលមានអាយុក្នុងគភ៌ខែទី 7 បើមានពន្លឺចាំងខ្លាំងមកចំពីមុខ ទារកនឹងបែរខ្លួនចេញ ព្រោះពន្លឺភ្លឺខ្លាំងជ្រុលពេក។ ស្ត្រីមានគភ៌មួយចំនួនដែលធ្វើអាល់ត្រាសោនដ៍ក្នុងអំឡុងពេលជិតប្រសូត អាចនឹងបានឃើញកូនតូចបើកភ្នែកឱ្យមើលទៀតផង។

4. រៀនយល់ដឹងពីរសជាតិ
ទារកនៅក្នុងគភ៌អាចដឹងពីរសជាតិអាហារដែលម្តាយទទួលទាន ចាប់តាំងពីសប្តាហ៍ទី7 – 8 និងដឹងគ្រប់រសជាតិចាប់តាំងពីសប្តាហ៍ទី14 ឡើងទៅ។ ក្រៅពីអាហារដែលមានរសជាតិហឹរ ជូរ ផ្អែម ល្វីង ដែលម្តាយលេបចូលទៅហើយនោះ កូនតូចនៅបានភ្លក្សទឹកភ្លោះដែល អណ្តែតនៅជុំវិញខ្លួនគេទៀតផង។ យើងអាចសង្កេតឃើញបានថា នៅពេលដែលកូនតូចប្រសូតចេញមកហើយ កូនអាចទទួលយករសជាតិអាហារក្នុងបែបផ្សេងៗបានទាំងអស់ នៅពេលដល់វ័យដែលស័ក្តិសមនឹងញ៉ាំ។

5. ចាំក្លិនម្តាយបានមុនគេទាំងអស់
ក្រៅពីចាំរសជាតិអាហារបានហើយ ទារកនៅអាចចាំក្លិនអាហារបានទៀតផង តែអ្វីដែលគេចាំបានល្អបំផុតនោះគឺ ក្លិនរបស់ម្តាយ  ដោយយើងអាចសង្កេតឃើញបានថា បន្ទាប់ពីប្រសូតចេញមក កូនអាចបែរមុខទៅរកម្តាយ ឬបញ្ជាក់ពីមនុស្សជាម្តាយបានភ្លាមៗតែម្តង ហើយរឹតតែចិញ្ចឹមយូរទៅបានមួយរយៈហើយ កូននឹងដឹងភ្លាមតែម្តងថា តើម្តាយនៅជិត ឬក៏អត់ទៀតផង។ ក្មេងខ្លះអាចដល់ថ្នាក់យំងង៉ក់រករឿងទៀតផង ពេលមិនបានធុំក្លិនម្តាយនៅជិតខ្លួន។

6. ចេះយល់សប្តិតាំងពីនៅក្នុងពោះម្ល៉េះ
មានលទ្ធផលនៃការស្រាវជ្រាវមួយបានរកឃើញថា ទារកដែលស្ថិតនៅក្នុងអាយុគភ៌ 32សប្តាហ៍ឡើងទៅ អាចចេះយល់សប្តិបានហើយ ដោយសារតែគ្រូពេទ្យបានសាកល្បងពិនិត្យមើលលទ្ធផលនៃការស្រាវជ្រាវក្នុងការធ្វើអាល់ត្រាសោនដ៍ទារកជាច្រើនដង ហើយរកឃើញថា កែវភ្នែក និងរាងកាយរបស់ទារកមានការធ្វើចលនាយ៉ាងរហ័សនៅពេលគេងលក់នៅក្នុងផ្ទៃម្តាយ។

7. ត្រៀមខ្លួនជាស្រេចដើម្បីចេញឆ្ពោះមករកពិភពដ៏ធំ
ខាងក្រៅលទ្ធផលស្រាវជ្រាវបានរកឃើញទៀតថា ទារកដែលមានអាយុនៅក្នុងគភ៌ 20សប្តាហ៍ឡើងទៅ នឹងរៀនយល់ដឹងអ្វីផ្សេងៗបានឆាប់រហ័សណាស់ ដូចជា ការបឺតទឹកដោះម្តាយបានភ្លាមៗក្រោយពេលប្រសូតចេញមក។ ស្ត្រីមានគភ៌ខ្លះដែលធ្វើអាល់ត្រាសោនដ៍ ថែមទាំងបានឃើញកូនតូចកំពុងជញ្ជក់ម្រាមដៃខ្លួនឯងតាំងពីនៅក្នុងគភ៌ទៀតផង ដែលទាំងនោះអាចនិយាយបានថា ជាការហាត់បឺតជញ្ជក់របស់កូនតូចតាំងពីពេលនៅក្នុងផ្ទៃ ដើម្បីត្រៀមខ្លួនជាស្រេចក្នុងការរស់នៅ ក្រោយពេលកើតចេញមកហ្នឹងឯង៕

Advertisement