ស្រ្ដីគួរយល់ដឹង! ពិតទេ វ័យជ្រេបន្ដិចសុដន់កាន់តែយារធ្លាក់?

ភាគច្រើនអ្នកតែងតែយល់ថា ស្រ្តីដែលរៀបការរួចហើយមានកូន នោះសុដន់របស់គាត់នឹងមានសភាពយារធ្លាក់ ប៉ុន្តែវាមិនពិតទាំងស្រុងនោះទេ ព្រោះពេលខ្លះអាស្រ័យលើវ័យ ហើយវ័យខ្លះក៏អាចប្រឈមនឹងបញ្ហាសុដន់យារធ្លាក់ខ្លាំងផងដែរ ដោយផ្អែកលើទម្លាប់អាក្រក់របស់គាត់ជារៀងរាល់ថ្ងៃ។ ជាធម្មតា ការធ្លាក់យារសុដន់ កើតឡើងក្រោយពីស្ត្រីឈានដល់វ័យ40ឆ្នាំ ប៉ុន្តែវាក៏អាចកើតឡើងមុនអាយុនេះផងដែរ។ កត្តាផ្សេងទៀតដែលធ្វើឱ្យសុដន់ធ្លាក់យារមានដូចជា ការបំបៅដោះកូន ការមានផ្ទៃពោះ ការអស់រដូវ ការស្រក់ទម្ងន់ខ្លាំង ឬការឡើងទម្ងន់ខ្លាំង ការខ្វះជីវជាតិ ការធ្វើលំហាត់ប្រាណដែលធ្វើឱ្យអស់កម្លាំង និងការពាក់អាវទ្រនាប់ដែលមិនស័ក្តិសមជាដើម។

ជាទូទៅអ្នកតែងចំណាយពេលជាច្រើនក្នុងការថែរក្សាសម្រស់ផ្ទៃមុខជាមួយនឹងការបិទម៉ាស ឬប្រើផលិតផលផ្សេងៗ ដើម្បីទប់ស្កាត់ភាពចាស់មុនអាយុ ដោយពុំសូវបានចាប់អារម្មណ៍ទេ អំពីបញ្ហាដងខ្លួន ជាពិសេសផ្នែកដើមទ្រូង។ ការពាក់អាវទ្រនាប់មិនបានត្រឹមត្រូវដូចជា តឹងពេក ឬធំពេកអាចពន្លឿនដល់ដំណើរការយារធ្លាក់របស់សុដន់បានយ៉ាងឆាប់រហ័ស។ ហេតុដូចនេះ អ្នកគួរជ្រើសរើសប្រភេទអាវទ្រនាប់ណា ដែលសមស្របជាមួយនឹងទំហំរបស់អ្នក ទើបជាការល្អប្រសើរ។

មួយវិញទៀតទង្វើនៃការធ្វើលំហាត់ប្រាណ ក៏ជាផ្នែកមួយដ៏សំខាន់ផងដែរ វាមិនត្រឹមតែធ្វើឱ្យអ្នកមានសុភាពល្អប៉ុណ្ណោះទេ ក៏ប៉ុន្តែវាថែមទាំងជួយឱ្យអ្នកមានរាងស្អាត សិចស៊ី និងចៀសផុតពីបញ្ហាសុដន់យារធ្លាក់មុនវ័យបានថែមទៀតផង។ បើតាមការសិក្សាស្រាវជ្រាវបានបង្ហាញឱ្យដឹងថា ការថែរក្សាតុល្យភាពនៃទម្ងន់ឱ្យនៅនឹង ក៏ជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយផងដែរ ក្នុងការចៀសផុតពីបញ្ហាសុដន់យារធ្លាក់។ ក្រៅពីនោះអ្វីដែលសំខាន់មួយទៀតគឺ ការងូតទឹកក្តៅ វាក៏អាចជួយឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លា បន្ទាប់ពីការនឿយហត់ ប៉ុន្តែវាអាចបណ្ដាលឱ្យខូចទ្រង់ទ្រាយទ្រូងរបស់អ្នកបាន។ បញ្ហាផ្សេងទៀតដូចជាមហារីកសុដន់ ឬជំងឺទាក់ទងនឹងផ្លូវដង្ហើម ការទទួលទានជាតិនីកូទីនច្រើនពេក និងការទទួលទានគ្រឿងស្រវឹង ក៏អាចធ្វើឱ្យសុដន់ធ្លាក់យារផងដែរ។ ក៏ប៉ុន្តែបញ្ហាធ្លាក់យារនេះ យើងអាចការពារបានតាមរយៈរូបមន្តធម្មជាតិងាយៗដូចខាងក្រោមនេះ៖

1. ត្រសក់ និងផ្នែកលឿងនៃស៊ុត
ម៉ាសដែលធ្វើមកពីការលាយបញ្ចូលគ្នានៃផ្លែត្រសក់ និងផ្នែកលឿងនៃស៊ុត គឺពិតជារូបមន្តដ៏អស្ចារ្យក្នុងការជួយពង្រឹងសុដន់។ កិនត្រសក់មួយផ្លែឱ្យម៉ដ្ឋ បន្ទាប់មកបន្ថែមផ្នែកលឿងនៃស៊ុតចំនួនមួយ និងប្រេងអូលីវមួយស្លាបព្រាកាហ្វេ ដើម្បីលាយបញ្ចូលគ្នាឱ្យស្មើសាច់បន្តិច។ បន្ទាប់មក ចូរលាបទៅលើសុដន់របស់អ្នក ហើយទុកកន្លះម៉ោង មុននឹងលាងចេញជាមួយនឹងទឹកត្រជាក់។ ចូរធ្វើបែបនេះរយៈពេលមួយសប្តាហ៍ម្តង ដើម្បីធ្វើឱ្យសុដន់របស់អ្នកតឹងណែនល្អ។
2. ផ្នែកសនៃស៊ុត
ផ្នែកសនៃស៊ុតគឺជារូបមន្តមួយផ្សេងទៀត ដើម្បីការពារកុំឱ្យសុដន់យារ ដោយសារតែវាមានសារធាតុចិញ្ចឹមដ៏សំខាន់។ យកផ្នែកសនៃស៊ុតវាយក្រឡុករហូតទាល់តែចេញពពុះ។ យកស៊ុតដែលវាយច្របល់ហើយនេះលាបនៅលើសុដន់របស់អ្នក និងទុកចោលរយៈពេលកន្លះម៉ោងចាំលាងវាចេញ។ ព្យាយាមធ្វើបែបនេះមួយសប្តាហ៍ម្តង ដើម្បីពង្រឹងភាពតឹងណែនរបស់សុដន់។
3. ការហាត់ប្រាណ
អ្នកត្រូវតែធ្វើការហាត់ប្រាណជារៀងរាល់ថ្ងៃ ប្រសិនបើអ្នកចាប់អារម្មណ៍ថា សុដន់របស់អ្នកបានផ្ដើមយារធ្លាក់។ ការហាត់ប្រាណនេះបានជួយដោះស្រាយបញ្ហាសុដន់ និងពង្រឹងសាច់ដុំជុំវិញដើមទ្រូង។ ការសង្កត់ទ្រូងការធ្វើចលនាដៃលើកដៃឡើងលើ អាវ៉ង់ សុទ្ធសឹងតែជាលំហាត់ប្រាណដែលជួយឱ្យសុដន់របស់អ្នកតឹងណែនល្អ។
4. ប្រើប្រេងអូលីវ
មានសារធាតុចិញ្ចឹមមួយចំនួននៅក្នុងប្រេងអូលីវ។ គ្រឿងផ្សំទាំងនេះអាចជួយការពារកុំឱ្យសុដន់ធ្លាក់យារបាន ហើយវាក៏ធ្វើឱ្យស្បែករបស់អ្នករលោងស្អាតផងដែរ។ ចាក់ប្រេងអូលីវលើបាតដៃរបស់អ្នក ហើយយកមកត្រដុសនឹងបាតដៃទាំងពីរចុះឡើង ដើម្បីឱ្យមានកម្តៅ។ បន្ទាប់មក សឹមយកមកលាបម៉ាស្សាថ្មមៗលើសុដន់របស់អ្នកចុះឡើងៗ។ ធ្វើបែបនេះថ្មមៗរយៈពេល15នាទី។ ចូរធ្វើបែបនេះឱ្យបានរយៈពេល4 ឬ5ដងក្នុងមួយសប្តាហ៍ នោះអ្នកនឹងឃើញពីប្រសិទ្ធភាពរបស់ប្រេងអូលីវ។
5. ប្រទាលកន្ទុយក្រពើ
ប្រទាល់កន្ទុយក្រពើមានសារធាតុជាច្រើន ដើម្បីជួយពង្រឹងសុដន់ និងជួយកុំឱ្យស្បែកសុដន់ធ្លាក់យារ។ យកទឹក ឬជាតិអន្ធិលនៃប្រទាលកន្ទុយក្រពើទៅលាបលើសុដន់ និងយកមកម៉ាស្សាថ្មមៗជារង្វង់មូលលើសុដន់រយៈពេល10នាទី និងទុកចោលរយៈពេល10នាទីទៀត ហើយបន្ទាប់មកលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗ។ ចូរធ្វើបែបនេះឱ្យបានពី4ទៅ5ដងក្នុងមួយសប្ដាហ៍ ដើម្បីទទួលបាននូវប្រសិទ្ធភាពល្អជាទីគាប់ចិត្ត៕

Advertisement