ស្ត្រីមានគភ៌ដែលចាញ់កូនខ្លាំង កូននៅក្នុងផ្ទៃ ច្បាស់ជារឹងប៉ឹងខ្លាំងដែរ

លទ្ធផល​នៃ​ការតាមដាន​ពិនិត្យមើល​ស្ត្រី​មានគភ៌​ជាង 850,000នាក់ បានឱ្យដឹងថា ស្ត្រី​មានគភ៌​ដែលមាន​អាការ​ចាញ់កូន មិនថាតែ​ចាញ់​ខ្លាំង ឬ​ចាញ់​តិច​នោះទេ ច្រើនតែ​ប្រសូត​ត្រូវចំ​កំណត់ពេល ហើយ​ទារក​ដែល​ប្រសូត​ចេញមក ក៏មាន​សុខភាព​រាងកាយ​រឹងមាំ​ល្អ​ដែរ  តែ​សម្រាប់​ស្ត្រី​មានគភ៌​ដែល​គ្មាន​អាការ​ចាញ់កូន​សោះ​នោះ គិត​ជា​ភាគរយ 9.5% ច្រើនតែ​ប្រសូត​មុនពេល​កំណត់ និង​ទារក​ខ្លះ​អាច​នឹង​ស្លាប់បាត់​បង់ជីវិត​តាំង​ពី​នៅក្នុង​គភ៌​ផង​ក៏មាន។

អាការ​ចាញ់កូន​កើតឡើង​បាន​ចំពោះ​អ្នក​មានគភ៌​គ្រប់រូប កើតឡើង​ដោយសារតែ​ការដែល​អ័រម៉ូន​ក្នុង​រាងកាយ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស រហូត​ធ្វើឱ្យ​រាងកាយ​ត្រូវបញ្ជូន​សញ្ញា​អ្វី​ម្យ៉ាង​ចេញមក ដូចជា ក្អួត អស់កម្លាំង​ល្វើយ ចង់តែ​គេង​សម្រាក​រហូត ឆាប់​ទទួល​ដឹង​ក្លិន​លឿន​ជាងសព្វដង មាន​កង្វល់ និងមិន​សប្បាយ​ក្នុង​ខ្លួន ជាដើមតែ​អាការ​ចាញ់កូន​ទាំងនេះ​នឹង​កើត​ធ្ងន់ធ្ងរចំពោះតែ​ក្នុង​ត្រីមាស​ដំបូង​ប៉ុណ្ណោះ លុះ​ឈាន​ចូលដល់​អំឡុង​ត្រីមាស​ទី2 អាការ​ចាញ់កូន​ទាំងនេះ​នឹង​បាត់អស់​ទៅវិញ  ឬ​មាន​អាការ​ស្រួលខ្លួន​ឡើងវិញ​ជាង​មុន។ បើ​ស្ត្រី​មានគភ៌​មាន​អាការ​ចាញ់កូន មិន​ថា​ច្រើន ឬក៏​តិច​យ៉ាងណា​នោះទេ គួរតែ​ប្រាប់​ទៅ​គ្រូពេទ្យ​ឱ្យ​បានដឹង​គ្រប់​ពេលដែល​ទៅពិនិត្យ​រាងកាយ ដើម្បី​គ្រូពេទ្យ​នឹង​បានវាយតម្លៃ​សុខភាព​ទារក​ក្នុង​គភ៌​របស់​អ្នក​ម្តាយ​បាន។

បើ​ស្ត្រី​មានគភ៌​ម្នា​ក់ណា​មាន​អាការ​ចាញ់កូន​ខ្លាំង អាច​ញ៉ាំ​អាហារ​ខាងក្រោម​នេះ ដើម្បី​សម្រាល​អាការ​បាន ដូចជា :
1-ទឹក​ខ្ញីក្តៅៗ ឬ​ត្រជាក់ ដែលមាន​រសជាតិ​ផ្អែមតិចៗ។
2-បែង​អាហារ​ដែល​ចង់​ទទួលទាន​ចេញ​ជា​ពេល​អាហារតូចៗ ដើម្បី​ទទួលទាន​ក្នុងពេល​ថ្ងៃ។
3-រៀបចំ​នំ​ឃុ​ក​គី ឬ​នំ​គ្រែក​ឃើ​រ៍ ដុំតូចៗទុក​យកមក​ញ៉ាំ​ក្នុងពេល​ថ្ងៃ។
4-ញ៉ាំ​ទឹក​ឱ្យបានច្រើនៗ និង​សម្រាក​រាងកាយ​ឱ្យបាន​គ្រប់គ្រាន់។
សម្រាប់​អាការ​ចាញ់កូន អាច​និយាយបានថា ជា​រឿង​ប្រក្រតី​សម្រាប់​អ្នក​មានគភ៌  ចូរ​គិតថាចាញ់កូន​ខ្លាំង កូន​រឹងប៉ឹង​ខ្លាំង ព្រោះ​បាន​បញ្ចេញ​អ័រម៉ូន​ការ​មានជីវិត​ចេញមក​ច្រើន  តែ​សម្រាប់​ស្ត្រី​មានគភ៌​ដែល​គ្មាន​អាការ​ចាញ់កូន​សោះ​នោះក៏​មិនចាំបាច់​កង្វល់​ដែរ បើ​ពិនិត្យ​រាងកាយ​គ្រប់យ៉ាង​ប្រក្រតី​នោះ ក៏​បញ្ជាក់ថា អ្នកជា​ម្តាយ​ដែលសំណាងល្អ​មែនទែន ដែល​មិនចាំបាច់​នឿយហត់​ជាមួយ​អាការ​ចាញ់កូន៕

Advertisement