8 សំណួរសំខាន់ៗ របស់អ្នកដែលចង់ចិញ្ចឹមកូនដោយទឹកដោះខ្លួនឯង

អ្នកម្តាយថ្មោងថ្មីជាច្រើននាក់ ប្រហែលជាមានកង្វល់ច្រើនក្នុងរឿង “ការចិញ្ចឹមកូនដោយទឹកដោះម្តាយ” ព្រោះមានអ្នកម្តាយជាច្រើននាក់ ដែលប្រសូតបុត្ររួចហើយ ទឹកដោះមិនបានហូរចេញមកភ្លាមៗ  ឯអ្នកម្តាយខ្លះទៀត ក៏អាចនឹងមានកង្វល់ពាក់ព័ន្ធនឹងរាងកាយ និងសុខភាពរបស់ខ្លួនឯងថា តើខ្លួនបានត្រៀមរួចរាល់ក្នុងការបំបៅទឹកដោះកូនហើយឬនៅ?ជាដើម  ទើបកើតចេញជាសំណួរផ្សេងៗពាក់ព័ន្ធនឹងការបំបៅដោះកូនថា តើការបំបៅទឹកដោះកូនបែបនេះអាចធ្វើបានឬទេ? ដូច្នេះយើងនាំគ្នាមកមើលថា តើសំណួរទាំងនោះមានអ្វីខ្លះ?

1. បៅដោះម្តាយហើយ កូនក្អែ ក្អួតចេញមកវិញ នេះបញ្ជាក់ថា កូនមានប្រតិកម្មចាញ់ជាមួយទឹកដោះម្តាយឬទេ? និងត្រូវបញ្ឈប់ការបំបៅទឹកដោះកូនឬទេ?
រឿងនេះមិនអីទេ… បើកូនក្អែទឹកដោះចេញមកវិញ ចូរគិតមុនគេថា តើអ្នកម្តាយឱ្យកូនបៅទឹកដោះច្រើនពេកទេដឹង? និងដែលឃើញកូនស្រែកយំញឹកញាប់នោះ កូនអាចនឹងមិនបានឃ្លានមឹមទេ តែអាចបណ្តាលមកពីមូលហេតុផ្សេងទៀត។ បើកូនស្រែកយំ ក៏គួរតែពដើរលេងខ្លះផង មិនមែនឃើញកូនស្រែកយំហើយ គិតតែពីលើកកូនមកបំបៅដោះតែម្យ៉ាងនោះទេ ព្រោះនេះមិនមែនជារឿងល្អប៉ុន្មានឡើយ។

2. ម្តាយកើតប្រតិកម្មចាញ់(អាលែកហ្ស៊ី) នៅលើរាងកាយ តើឱ្យកូនបៅទឹកដោះបានឬទេ?
អាចឱ្យកូនបៅទឹកដោះបានតាមប្រក្រតី… តែត្រូវកាត់បន្ថយអាហារណាដែលជំរុញឱ្យកើតប្រតិកម្ម ដូចជា សណ្តែក ផលិតផលធ្វើអំពីទឹកដោះ ស៊ុត អាហារសមុទ្រ និងម្សៅសាលីជាដើម។

3. មានកូនភ្លោះឱ្យកូនបៅទឹកដោះម្តាយ តើគ្រប់គ្រាន់ឬទេ?
បើអ្នកម្តាយមានគភ៌កូនភ្លោះនោះ រាងកាយនឹងទទួលដឹងបានដោយខ្លួនឯងតាមធម្មជាតិ ហើយរាងកាយនឹងផលិតទឹកដោះចេញមកឱ្យគ្រប់គ្រាន់ជាមួយតម្រូវការរបស់កូនទាំងពីរយ៉ាងពិតប្រាកដ។

4. ដោះខ្វាក់ ក្បាលដោះខ្លី តើបំបៅទឹកដោះកូនបានឬទេ?
បាន! នៅពេលពិនិត្យគភ៌ គ្រូពេទ្យនឹងបានដឹងរឿងទាំងនេះស្រេចទៅហើយ ហើយនិងណែនាំពីវិធីការបំបៅទឹកដោះកូនដែលត្រឹមត្រូវឱ្យអ្នកម្តាយយកទៅប្រតិបត្តិដោយខ្លួនឯង។ អ្នកម្តាយមិនចាំបាច់មានកង្វល់អំពីរឿងនេះទេ ព្រោះកូននឹងចេះរិះរកវិធីបឺតជញ្ជក់ទឹកដោះពីម្ដាយបានដោយខ្លួនឯង ហើយនឹងស៊ាំធ្លាប់ជាមួយដោះរបស់អ្នកម្តាយដោយឯកឯង។

5. កូនបៅទឹកដោះម្តាយហើយ បន្ទោបង់មិនប្រក្រតីមែនទេ?
មិនដែលមានករណីបែបហ្នឹងទេ… ព្រោះទឹកដោះម្តាយងាយរំលាយណាស់ ធ្វើឱ្យប្រព័ន្ធការបន្ទោបង់របស់កូនធ្វើការល្អ ក្រពះធ្វើការបានល្អ កូននឹងមិនឆ្អល់ពោះ ពោះមិនឡើងរឹងណែន មិនតឹងថប់ ឬក្អួតទេ តែកូននឹងគេងលក់ស្រួល និងបៅទឹកដោះស្រួលទៀតផង។

6. កូនខ្លួនឡើងពណ៌លឿង តើត្រូវតែបានទទួលទឹកដោះម្តាយភ្លាមឬ?
ទារកភាគច្រើន ខ្លួននឹងឡើងពណ៌លឿង បណ្តាលមកពីការធ្វើការរបស់ថ្លើម និងទឹកប្រមាត់ដែលធ្វើការមិនទាន់បានល្អ។ បើទឹកដោះរបស់អ្នកម្តាយនៅមិនទាន់មានក្នុងអំឡុងពេលដំបូងៗក៏មិនអីដែរ  តែបើទឹកដោះចាប់ផ្តើមមានហើយ គួរឱ្យកូនបានបៅទឹកដោះម្តាយភ្លាមៗ ដើម្បីកាត់បន្ថយអាការខ្លួនលឿងរបស់កូន។

7. ម្តាយមិនស្រួលខ្លួន កើតជំងឺផ្តាសាយ តើអាចបំបៅទឹកដោះកូនបានឬទេ?
អាចបំបៅកូនបានតាមប្រក្រតី… លើកលែងតែ ពេលអ្នកម្តាយគ្រុនក្តៅខ្លួនខ្លាំង ព្រោះអាការគ្រុនក្តៅបណ្ដាលពីមេរោគបាក់តេរី អាចធ្វើឱ្យកូនឈឺថ្កាត់បាន  តែបើអ្នកម្តាយគ្រាន់តែក្អក ហៀរសំបោរ ឬឈឺកនោះ អាចបំបៅទឹកដោះកូនតូចបានតាមប្រក្រតី និងមិនគួរទិញថ្នាំមកលេបដោយខ្លួនឯងទេ ព្រោះថ្នាំខ្លះមានផលប៉ះពាល់ដល់ទារកដែលបៅទឹកដោះម្តាយ។ គួរទៅប្រឹក្សាជាមួយគ្រូពេទ្យ មុនពេលទិញថ្នាំជានិច្ច។

8. អ្នកម្តាយដែលធ្វើការវះកាត់បំប៉ោងសុដន់ តើអាចបំបៅទឹកដោះកូនបានឬទេ?
អាចបំបៅទឹកដោះកូនបានដូចប្រក្រតី… តែនៅក្នុងអំឡុងពេលដែលដោះស្ទះ នឹងមានអារម្មណ៍ថា ថប់ៗ និងតឹងណែនជាងប្រក្រតី តែនៅពេលកូនបៅបានមួយរយៈហើយនោះ សុដន់នឹងត្រឡប់មកជាប្រក្រតីវិញ និងមិនយារធ្លាក់នោះឡើយ។ ជំនឿទាំងឡាយពាក់ព័ន្ធនឹងការបំបៅទឹកដោះកូន ជារឿងដែលមនុស្សភាគច្រើននិយាយតៗគ្នាមក ទើបធ្វើឱ្យអ្នកម្តាយថ្មីថ្មោងមួយចំនួនកើតការសង្ស័យ និងអាចយល់ច្រឡំបានដូចគ្នា៕

Advertisement