អាថ៌កំបាំងថែទាំស្បែកមុខរបស់បុរស

ក្រៅពីរូបរាងសង្ហា និងសម្លៀកបំពាក់ដែលស័ក្តិសមនឹងខ្លួនប្រាណហើយនោះ នៅមានរឿងមួយទៀតដែលបុរសមិនអាចធ្វើព្រងើយកន្តើបានឡើយ ដើម្បីភាពស្អាតសង្ហាដ៏ឥតខ្ចោះ នោះគឺរឿងសម្រស់ស្បែក ជាពិសេសគឺសម្រស់ស្បែកមុខតែម្តង។ មនុស្សប្រុសជាច្រើនមិនដឹងថាប្រភេទស្បែកនីមួយៗរបស់ខ្លួននោះ គួរបានទទួលការមើលថែទាំខុសប្លែកពីគ្នានោះទេ  ហើយដោយនិស្ស័យរបស់មនុស្សប្រុសដែលមិនចូលចិត្តអ្វីដែលរញេរញ៉ៃផងនោះ  ទើបធ្វើឱ្យអ្នកខ្លះព្រងើយកន្តើយនឹងវិធីមើលថែស្បែកមុខដែលត្រឹមត្រូវ ឬមិនប្រើផលិតផលសម្អាតមុខឱ្យត្រូវនឹងប្រភេទស្បែកមុខរបស់ខ្លួន។ ដូច្នេះថ្ងៃនេះ ឡារ៉ែន សូមនាំយកនូវវិធីថែទាំផ្ទៃមុខតាមប្រភេទស្បែកមុខនីមួយៗមកជម្រាបជូនមិត្តអ្នកអានដែលជាសុភាពបុរសឱ្យបានដឹង ដើម្បីបន្ថែមនូវភាពស្រស់សង្ហាឱ្យបានគ្រប់គ្រឿងតែម្តង។

– បុរសស្បែកមុខស្ងួត
លក្ខណ: ៖ អាចសង្កេតឃើញតាមរយ:ស្បែកដែលស្ងួតប្រេះ ឬមានឡើងស្នាមក្រហមញឹកញាប់ រួមទាំងអាចមានអារម្មណ៍ដឹងថា មានភាពស្ងួតក្រៀមនៅលើស្បែកមុខ ឬពេលលុបលាងមុខរួចនឹងមានអារម្មណ៍តឹងៗនៅលើស្បែកមុខ។
ការមើលថែទាំ ៖ ចូរជ្រើសរើសហ្វូមលាងមុខប្រភេទរក្សាភាពសើម និងប្រើគ្រីមបំប៉នស្បែកមុខរាល់ពេលព្រឹកក្រោយពេលកោរពុកមាត់ និងមុនពេលចូលគេង រួមទាំងរកហ្វូមខាត់ (Scrub) មកប្រើមួយសប្តាហ៍2ដង ដើម្បីកម្ចាត់កោសិកាស្បែកចាស់ៗចេញផង។

– បុរសស្បែកមុខឡើងខ្លាញ់
លក្ខណ: ៖  អ្នកអាចដឹងពីភាពឡើងខ្លាញ់នេះដោយគ្រាន់តែយកម្រាមដៃអង្អែលលើផ្ទៃមុខ  ភាពរលោងខ្លាញ់នឹងដឹតជាប់នៅលើម្រាមដៃរបស់អ្នកយ៉ាងច្បាស់តែម្តង ទោះជាអ្នកទើបតែលាងសម្អាតមុខហើយថ្មីៗក៏ដោយ ក្រៅពីនេះនៅមានកើតមុនច្រើនជាងស្បែកមុខប្រភេទផ្សេងទៀតផង។
ការមើលថែទាំ ៖  គួរងាកមកប្រើជេលលាងមុខដែលមានផ្សំដោយអាស៊ីត សាលីសៃលិក ដែលជួយឱ្យមុនស្រកចុះ និងកាត់បន្ថយជាតិខ្លាញ់នៅលើផ្ទៃមុខ ហើយក្រោយពេលលាងមុខ អ្នកក៏គួររកថូនើរ៍មកជូតសម្អាតស្បែកម្តងទៀត ដើម្បីកាត់បន្ថយការកើតមុន។ អ្វីដែលមិនគួរភ្លេចនោះគឺ ផលិតផលបំប៉នស្បែកមុខក្រោយពេលកោរពុកមាត់រួច ក៏ជាវត្ថុដ៏ចាំបាច់បំផុតផងដែរ ព្រោះផលិតផលថែទាំស្បែកមុខទាំងនេះនឹងជួយបន្ថែមភាពស្រស់ស្រាយ និងជួយកាត់បន្ថយជាតិខ្លាញ់នៅលើផ្ទៃមុខបានច្រើនទៀតផង។

– បុរសដែលមានស្បែកងាយប្រតិកម្ម
លក្ខណ: ៖  ស្បែកងាយកើតស្នាមអុចៗ កន្ទួលដោយសារធូលីដី ឡើងអាការក្រហមដោយសារស្ថានភាពជុំវិញខ្លួន ឬឡើងខ្មៅក្រៀមដោយសារកម្តៅថ្ងៃដែលក្តៅខ្លាំងជាដើម។
ការមើលថែទាំ ៖  គួរប្រឹក្សាជាមួយអ្នកជំនាញ ដើម្បីជ្រើសរើសប្រើផលិតផលដែលស័ក្តិសមនឹងស្បែកមុខរបស់អ្នក ដោយគោលការណ៍ភាគច្រើនគឺ ព្យាយាមជ្រើសយកផលិតផលណាដែលផលិតពីធម្មជាតិឱ្យបានច្រើនបំផុតតាមដែលអាចទៅរួច។ ចៀសវាងប្រើផលិតផលណាដែលមានក្លិនក្រអូប ឬមានចំណែកផ្សំរបស់អាល់កុល។

– បុរសដែលមានស្បែកផ្សំ
លក្ខណ: ៖ បុរសភាគច្រើន ច្រើនតែមានស្បែកក្នុងលក្ខណ:នេះ ដោយស្បែកបែបផ្សំនេះនឹងមានភាពឡើងខ្លាញ់នៅម្តុំ T-zone ដែលមានដូចជា ម្តុំថ្ងាស ច្រមុះ និងចង្កា ចំណែកឯថ្ពាល់វិញមានលក្ខណ:ជាស្បែកស្ងួត។
ការមើលថែទាំ ៖ អ្នកចាំបាច់ត្រូវប្រើទាំងផលិតផលសម្រាប់ស្បែកស្ងួត និងស្បែកឡើងខ្លាញ់ មើលថែទាំតាមចំណុច T-zone ដោយប្រើផលិតផលថែទាំសម្រាប់ស្បែកខ្លាញ់។ រីឯកន្លែងថ្ពាល់វិញ ក៏មើលថែទាំដោយផលិតផលសម្រាប់ស្បែកស្ងួត ហើយអ្វីដែលសំខាន់នោះគឺ គួរប្រើប្រាស់គ្រីមការពារកម្តៅថ្ងៃ និងគ្រីមថែបំប៉នស្បែក ដើម្បីការពារស្បែកមុខឱ្យបានល្អផង។

បានដឹងពីប្រភេទ និងវិធីមើលថែទាំស្បែកមុខគ្រប់ប្រភេទបែបនេះហើយ  ឡារ៉ែន សង្ឃឹមថា ប្រហែលជាធ្វើឱ្យបុរសៗយើងនាំគ្នាបែរមកមើលថែទាំស្បែកមុខកាន់តែច្រើនឡើងហើយ ព្រោះផ្ទៃមុខគឺជាកន្លែងមួយដែលមនុស្សយើងតែងក្រឡេកមើលមុនគេបង្អស់ ដូច្នេះមិនគួរធ្វេសប្រហែស ឬធ្វើព្រងើយកន្តើយឡើយ បើសិនជាអ្នកចង់បានផ្ទៃមុខស្អាតស្រស់សង្ហា ក្មេងជាងវ័យ និងរលោងភ្លឺថ្លា៕

Advertisement