លាងសម្អាតស្បែកមុខតាមរូបមន្តធម្មជាតិ

1. ជូតមុខដោយកន្សែងក្តៅឧណ្ហៗ : យកកន្សែងជូតមុខរបស់អ្នកទៅជ្រលក់នៅក្នុងទឹកក្តៅឧណ្ហៗ ហើយយកវាមកដាក់លើមុខរបស់អ្នក។ ទឹក និងចំហាយក្តៅៗ នឹងជួយសម្អាតធូលី ព្រមទាំងជាតិកខ្វក់ផ្សេងៗចេញពីរន្ធញើស ហើយវាក៏ជួយបើករន្ធញើស ដែលធ្វើឱ្យអ្នកកាន់តែមានភាពងាយស្រួលក្នុងការសម្អាតស្បែកមុខបានជ្រៅ។ តែអ្នកក៏ត្រូវប្រុងប្រយ័ត្នចំពោះទឹកដែលត្រូវយកមកប្រើផងដែរ គឺមិនត្រូវឱ្យវាក្តៅពេកនោះទេ។
2. លាងដៃអ្នកឱ្យស្អាតជាមួយសាប៊ូសម្លាប់មេរោគ : អ្នកពិតជាមិនអាចលាងមុខរបស់អ្នកឱ្យបានជ្រះស្អាតបានទេ ប្រសិនបើដៃរបស់អ្នកនៅមានសារធាតុកខ្វក់នៅឡើយនោះ។ ហេតុនេះអ្នកត្រូវតែប្រាកដក្នុងចិត្តថា ដៃរបស់អ្នកបានលាងយ៉ាងស្អាតដោយសាប៊ូ ដែលអាចសម្លាប់មេរោគយ៉ាងពិតប្រាកដ ដើម្បីការពារកុំឱ្យសារធាតុកខ្វក់ទាំងនោះឆ្លងទៅដល់ផ្ទៃមុខបានតាមរយៈដៃរបស់អ្នក។
3. ល្បាយស្ករស និងទឹក : យកទឹក2ស្លាបព្រា លាយជាមួយស្ករស2ស្លាបព្រា កូរវាឱ្យរលាយចូលគ្នា។ ដាក់ល្បាយនោះនៅលើម្រាមដៃ ហើយយកវាទៅលាបនៅលើផ្ទៃមុខ ដោយផ្ទៃមុខរបស់អ្នកត្រូវមានសភាពសើមតិចៗផង។ រួចទុកវាចោលប្រមាណជា1នាទី ទើបលាងសម្អាតចេញជាការស្រេច។
4. ទឹកក្រូចឆ្មារ : ច្របាច់យកទឹកក្រូចឆ្មារប្រហែលជា10តំណក់ដាក់លើបាតដៃ បន្ទាប់មកយកវាមកលាបលើផ្ទៃមុខរបស់អ្នកប្រហែលជា10វិនាទី ប៉ុន្តែត្រូវប្រយ័ត្នទឹកក្រូចឆ្មារផង ប្រសិនបើទឹកក្រូចឆ្មារកាត់ខ្លាំងពេកនោះ អ្នកគួរតែទុកចោលត្រឹមតែ3វិនាទីទៅបានហើយ ហើយធ្វើការលាងសម្អាតផ្ទៃមុខរបស់អ្នកជាមួយនឹងទឹកស្អាតធម្មតាជាការស្រេច វិធីនេះអាចជួយកម្ចាត់សារជាតិកខ្វក់ចេញពីរន្ធរោមរបស់អ្នកបានយ៉ាងមានប្រសិទ្ធភាព។
5. ប្រើទឹកត្រជាក់ ឬត្រដុសផ្ទៃមុខដោយដុំទឹកកក : ទឹកប្រៀបបីដូចជាកូនសោដែលចាំបិទបើករន្ធញើសរបស់អ្នក។ បន្ទាប់ពីអនុវត្តតាមដំណាក់កាលទី1ខាងលើ ដោយការបើករន្ធញើសជាមួយទឹកក្តៅ ដើម្បីជួយបណ្តេញធូលី ក៏ដូចជាបាក់តេរីផ្សេងៗឱ្យចេញក្រៅ នៅដំណាក់កាលចុងក្រោយ បន្ទាប់ពីបានបណ្តេញសារធាតុកខ្វក់ចេញពីរន្ធញើសរួចហើយ អ្នកគ្រាន់តែយកទឹកត្រជាក់មកលុបលាងមុខ ឬយកដុំទឹកកកមកត្រដុសលើផ្ទៃមុខរបស់អ្នកហើយជូតសម្អាតដោយកន្សែងពោះគោដែលមានសាច់ក្រណាត់ទន់ជាការស្រេច។ អនុវត្តវិធីនេះរាល់ថ្ងៃបានត្រឹមរយៈពេលមួយសប្តាហ៍ នោះផ្ទៃមុខរបស់អ្នកនឹងទទួលបាននូវភាពស្រស់ស្អាតគួរជាទីពេញចិត្តជាក់ជាមិនខានឡើយ៕

Advertisement