តើ​គួរ​ធ្វើយ៉ាងណា​នៅពេលដែល​ក្អក​មិន​បាត់?​

អាការ​ក្អក អាច​កើតឡើង​ច្រើនបែប​អាស្រ័យ​លើ​មូលហេតុ​របស់​វា មនុស្ស​យើង​មិនអាច​ជ្រើសរើស​ថា​នឹង​ក្អក​បែបណា​បាន​នោះទេ តែ​ជ្រើសរើស​ក្នុងការ​ចាត់ការ​វា​ឱ្យ​ធូរស្រាល​ទៅវិញ​យ៉ាង​ឆាប់រហ័ស​បាន។ ដូច្នេះហើយ​ទើប​ខាង​វេជ្ជសាស្ត្រ​បែងចែក​អាការ​ក្អក​ចេញ​ជាច្រើន​បែបច្រើនយ៉ាង ដូចជា ក្អក​ស្ងួត និង​ក្អកមាន​ស្លេស្ម៍ ឬ​ក្អក​រយៈពេល​ខ្លី និង​ក្អក​រ៉ាំរ៉ៃ​ជាដើម។ មនុស្ស​ក្នុង​យុគសម័យ​នេះ​កើត​អាការ​ក្អក​ច្រើន​គ្នា​ណាស់ ដោយសារតែ​បច្ច័យ​អាកាសធាតុ និង​បច្ច័យ​ខាងក្នុង​រាងកាយ​គឺ ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ចុះខ្សោយ ទើប​ចេះតែ​ក្អក​មិន​បាត់។

ក្នុង​ខាង​វេជ្ជសាស្ត្រ​បាន​បែងចែក “អាការ​ក្អក” ចេញ​ជា2បែប ដើម្បីឱ្យ​លោកអ្នក​សម្រេចចិត្តថា នឹង​ចាត់ការ​ជាមួយ​វា​យ៉ាងដូចម្ដេច​ដូចតទៅ​នេះ ៖

1) ក្អក​ទូទៅ គឺ​ក្អក​ដោយសារ​ប្រព័ន្ធ​ដកដង្ហើម​មាន​បញ្ហា ដូចជា ក្អក​ដោយសារ​ឈ្លក់​នឹង​ល្អងធូលី​ដី ឬ​ផ្សែង​អ័​ព្ធ​ជាដើម ក្អក​ដោយសារ​កើត​ជំងឺ​ផ្តាសាយ​តឹង​ច្រមុះ​ធម្មតា ឬ​ក្អក​ដោយសារ​កើត​ប្រតិកម្ម​ចាញ់​ទីកន្លែង។ល។

2) ក្អក​មួយទៀត​ដែល​ត្រូវ​ប្រយ័ត្ន​នោះ​គឺថា តើ​ត្រូវ​ទៅរក​គ្រូពេទ្យ​ឬក៏​អត់ គឺ​ក្អក​រ៉ាំរ៉ៃ​យូរអង្វែង ក្អក​រួមជាមួយ​ហត់​ដង្ហក់​ដកដង្ហើម​មិន​រួច ក្អក​ដោយសារ​ឆ្លង​មេរោគ​ចូល​ធ្ងន់ធ្ងរ ឬ​មាន​គ្រុនក្តៅ​ខ្លួន​ផង ដែល​ទាំង3រោគសញ្ញា​នេះ​គឺជា​អាការ​ហើម​សួត (សួត​ឆ្លង​មេរោគ)។

ការរក្សា​ព្យាបាល​អាការ​ក្អក​បែប​ទី1 (ក្អក​ទូទៅ) មានការ​បឋម​ព្យាបាល​ដោយ​ខ្លួនឯង​បែបងាយៗដូចតទៅ ៖
• ចាប់ផ្តើម​ដោយ​ការ​គេង​សម្រាក​ឱ្យបាន​ច្រើន ចូល​គេង​យ៉ាងយូរបំផុត​នៅ​ម៉ោង10យប់ ដើម្បីឱ្យ​រាងកាយ​ជួយ​ពង្រឹង​ប្រព័ន្ធ​ប្រឆាំង​ជំងឺ។
• ពាក់​ស្រោម​ជើងពេល​គេង​យប់ ព្រោះ​បើ​ចង់ឱ្យ​សុខភាព​ល្អ ត្រូវតែ​ឱ្យ​ចុងជើង​ក្តៅឧណ្ហៗជានិច្ច។
• ទទួលទាន​ផ្លែ​ត្របែក ផ្លែ​ប៉េងប៉ោះស្រស់ៗ និង​ទទួលទាន​ទឹក​ផ្លែក្រូច​វ​ល្លិ៍ (ផ្លែ​ផា​សិន) ឱ្យបាន​ញឹកញាប់។
• ផ្លុំ​សក់ ឬ​ជូត​សក់​ឱ្យ​ស្ងួត​មុនពេល​គេង ហាម​គេង​ទាំង​សក់​ក្បាល​សើម​ជាដាច់ខាត ព្រោះ​ភាព​សើម​នឹង​ធ្វើឱ្យ​មេរោគ​ផ្តាសាយ​រីក​សាយភាយ​បានល្អ​នៅក្នុង​ច្រមុះ និង​ផ្លូវដង្ហើម។

សម្រាប់​ករណីនេះ មាន​រូបមន្ត​ភេសជ្ជៈ​ពិសេស​ការពារ​អាការ​ក្អក​បានពិតៗគឺ “ទឹកឃ្មុំ​ផ្សំ​ជាមួយ​ទឹកក្រូច​ឆ្មារ” ដោយ​ផ្សំ​ក្នុង​អត្រា​ស្មើគ្នា និង​មាន​គន្លឹះ​ពិសេស​មួយ​គឺ មិន​លាយ​ជាមួយ​ទឹក ឬ​ដាក់​ទឹកកក​ឡើយ គ្រាន់តែ​កូរ​ឱ្យចូល​គ្នា​សព្វ ផ្អែមជូរៗ រួចហើយ​ក្រេប​បំបាត់​អាការ​ក្អក​បាន។

ចំណែក​អាការ​ក្អក​បែប​ទី2 គួរតែ​ទៅ​ជួប​គ្រូពេទ្យ បើ​មាន​អាការ​បន្ថែម​ដូចខាងក្រោម ៖
• ក្តៅខ្លួន38.9អង្សា C ឡើង
• ក្អកមាន​ស្លេស្ម៍ លាយ​ឈាម មាន​ពណ៌ក្រហមៗ ឬ​ខៀវ
• មាន​អាការ​ហត់​ដង្ហក់
• ពិបាក​ដកដង្ហើម
• ឈឺ​ដើមទ្រូង​ខ្លាំង​ទាំង​ពេល​ក្អក និង​មិន​ក្អក
• ក្អកជាប់ៗគ្នា​យូរ​ជាង2សប្តាហ៍

តែ​ជា​សរុបទៅ បើ​លោកអ្នក​នៅតែ​មិនបាន​ធូរស្រាល​ពី​អាការ​ក្អក​សោះ​នោះ គួរតែ​ទៅ​ជួប​លោក​គ្រូពេទ្យ​ជាបន្ទាន់ ហើយ​កុំ​ភ្លេច​រៀបរាប់​អំពី​អាការ​ក្អក​ឱ្យបាន​លម្អិត​ផង ព្រោះ​អ្វីដែល​អ្នក​រៀបរាប់​ប្រាប់​លោកគ្រូ​ពេទ្យ​នោះ​អាចជួយ​ក្នុងការ​វិនិច្ឆ័យ​រោគ និង​ការព្យាបាល​បាន​ច្រើនណាស់៕

Advertisement