​ហេតុផល ៣ សំខាន់ ដែល​ចិន​បញ្ជូន​គ្រូពេទ្យ​មក​កម្ពុជា​

អតីតរដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ឯកឧត្តម ហោ ណាំហុង បាន​បង្ហាញ​នូវ​ក្តី​ត្រេកអរ ​និង​អរគុណ​រដ្ឋាភិបាល​ចិន ដែល​បញ្ជូន​គ្រូពេទ្យ​ជំនាញ និង​គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ មកកាន់​ប្រទេស​កម្ពុជា​។ ឯកឧត្តម ​លើកឡើងថា ​ដំណើរ​មកកាន់​កម្ពុជា​របស់​គ្រូពេទ្យ​ចិន​នៅពេលនេះ បង្ហាញ​ពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ​។

កម្ពុជា​ជា​ប្រទេស​ទី​១ នៅក្នុង​អាស៊ាន ដែល​រដ្ឋាភិបាល​ចិន​បាន​បញ្ជូន​ក្រុម​គ្រូពេទ្យ​ជំនាញ ​ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ ១៩ ។ ​នេះ​ជាការ​បញ្ជាក់​របស់​ឯក​ឧ​ត្ត​ម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក្នុង​សារ​សំឡេង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​។

អតីត​ប្រមុខ​ការទូត​ចាស់វស្សា​របស់​កម្ពុជា​រូបនេះ បាន​ពន្យល់​នូវ​ហេតុ ៣ យ៉ាងសំខាន់ ​ដែល​ចិន​បញ្ជូន​គ្រូពេទ្យ​ជំនាញ​ខ្លួន​មក​កម្ពុជា៖

ហេតុផលទី1. ដោយសារ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ​ទៅកាន់​ប្រទេស​ចិន​ ដែល​ឯកឧត្តម​ចាត់ទុកថា វា​មាន​អត្ថន័យ​នយោបាយ​យ៉ាង​ជ្រាលជ្រៅ ​ទៅកាន់​ថ្នាក់ដឹកនាំ និង​ប្រជាជន​ចិន ​និង​ធ្វើ​ឲ្យ​ចិន​មិន​អាច​បំភ្លេចបាន​។
ហេតុផលទី2. ដោយសារ កម្ពុជា​និង​ចិន ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នឹង​គ្នា ដែលជា​ហេតុ​នាំ​ឲ្យ​ប្រទេស​ទាំងពីរ​ត្រូវ​ជួយ​គ្នា​ទៅវិញទៅមក​។
ហេតុផល ទី3. ដែល​នាំ​ឲ្យ​ចិន​ជួយ​កម្ពុជា​នៅពេល​នេះដែរ គឺ​ឯកឧត្តម ហោ ណាំហុង យល់ថា ដោយសារ​កម្ពុជា​និង​ចិន បាន​ចុះហត្ថលេខា​អនុវត្ត​គោលនយោបាយ​ជោគវាសនា​រួមគ្នា​។

ប្រភពពី៖ Bayontv

Advertisement