សម្តេច​ក្រឡាហោម ស ខេង ដាក់បទបញ្ជា​ចំនួន​4 ដើម្បី​ទប់ស្កាត់​និង​កាត់បន្ថយ​​​​​​គ្រោះថ្នាក់​ចរាចរណ៍

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​មានប្រសាសន៍នា​ព្រឹក​ថ្ងៃ​សុក្រ ទី​27 ខែ​មីនា ឆ្នាំ​2020​ ​ ខណៈ​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ​39 អនក្រ​.​បក ចុះ​ថ្ងៃទី​17 ខែមីនា ឆ្នាំ​2020 ស្តីពី​ការកែសម្រួល​អនុក្រឹត្យ​លេខ​44 អនក្រ​.​បក ចុះ​ថ្ងៃទី​21 ខែមីនា ឆ្នាំ​2017 ស្តីពី​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ។

សម្តេច​ក្រឡាហោមបានដាក់បទបញ្ជា​ចំនួន​4 ដើម្បី​ទប់ស្កាត់​និង​កាត់បន្ថយ​ឱ្យ​បានជា​អតិបរមា​នូវ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក សំដៅ​ការពារ​អាយុជីវិត​រប​ស់​ប្រជាពលរដ្ឋ​ដោយ​សម្រេច​ប្រកាស​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ចាប់ពី​ឆ្នាំ​២០២០​នេះ តទៅ​រួមមាន ៖

ទី​1៖ ​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​មេត្តា យោគយល់​ចំពោះ​ការប្រកាន់យក​វិធានការ​ច្បាប់​ដ៏​តឹងរ៉ឹង ចំពោះ​បទល្មើស​ចរាចរណ៍​ផ្លូវគោក ដើម្បី​ចៀសវាង​ពី​ការ​ប្រឈម​ចំ ពោះ​ផ្លូវច្បាប់ គឺ​ត្រូវគោរព​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ល្អ​ខ្ជាប់ខ្ជួន ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង​ផ្ទាល់ ដើម្បី​ភាពសុខដុមរមនា​ក្នុង​ក្រុមគ្រួសារ ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​របស់​បងប្អូន និង​ដើម្បី​រួមគ្នា​លើកកម្ពស់​កិត្តិយស សេចក្តីថ្លៃថ្នូរ របស់​ប្រទេសជាតិ​។​

ទី​2៖ ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​អង្គការ​ជាតិ អន្តរជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា បន្ត​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍ ផ្លូវគោក និង​កម្រិត​នៃ​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​ទៅនឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ទូលំទូលាយ និង​ជាប់​ជាប្រចាំ​។​

ទី​3៖ ដាក់ចេញ​នូវ​បទបញ្ជា​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីនគរបាល​ចរាចរ​ណ៍​ទូទាំងប្រទេស​ត្រូវ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ប្រកបដោយ​ភាពម៉ឺងម៉ាត់​ដាច់ខាត មិន​យោគយល់ និង​ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​នីតិ​វិធី​ច្បាប់​នូវ​រាល់ បទល្មើស​ចរាចរណ៍​ផ្លូវគោក​ប្រកបដោយ​តម្លាភាព ស្មើភាព និង​មិន​រើសអើង ហើយ​ត្រូវ​សហការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ដែល​គេចខ្លួន​យកមក​ផ្តន្ទាទោស​តាមច្បាប់​ឱ្យបាន​ជាដាច់ខាត​។​

ទី​4 ៖ ថ្នាក់ដឹកនាំ​នគរបាល​ចរាចរណ៍​ត្រូវ​រៀបចំ​ផែនការ​សកម្មភាព និង​រៀបចំ​កម្លាំង​ដើម្បី​តាមដាន ពិនិត្យ និង​គាំទ្រ​ប្រតិប​ត្តិ​ការអនុវត្ត​ច្បាប់​របស់​មន្ត្រីនគរបាល​ចរាចរណ៍​ក្រោម​ឱវាទ​របស់ខ្លួន ដើម្បី​ធានា​អំពី​ភាពត្រឹមត្រូវ​នៃ​ការអនុវត្ត​ច្បាប់​របស់​មន្ត្រីនគរបាល​ចរាចរណ៍​ទាំងអស់ ព្រមទាំង​ត្រូវ​ពង្រឹង​អាកប្បកិរិយា សីលធម៌ វិន័យ​ឱ្យ​ស័ក្តិសម​ជា​មន្ត្រី អនុវត្ត​ច្បាប់​ប្រកប ដោយ​គុណធម៌ និង​មនសិការ​វិជ្ជាជីវៈ​។ ត្រូវ​ផ្តល់​រង្វាន់​តាម​ការកំណត់​របស់​រដ្ឋ​ជាមួយ​ការ​លើកសរសើរ​ចំពោះ​អង្គភាព និង​មន្ត្រី​មាន​ស្នាដៃ​និង​ត្រូវ​ដាក់​វិន័យ​ឱ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​មន្ត្រី​អសកម្ម ឬ​មន្ត្រី​ដែល​ប្រព្រឹត្ត​ផ្ទុយ​ពី​ក្រមសីលធម៌​វិជ្ជាជីវៈ​។​

Advertisement