រឿង10យ៉ាង ដែលម៉ែមិនដែលប្រាប់ឱ្យកូនដឹង

ធ្លាប់បានឮពាក្យថា គ្មាននរណាស្រឡាញ់រូបកូនដូចម៉ែឡើយ ដែរទេ?  ជួនកាលពាក្យសម្តីងាយៗបែបនេះ អាចមិនធ្វើឱ្យអ្នកមានអារម្មណ៍លន្លង់លន្លោចអីប៉ុន្មានទេ ព្រោះអ្នកគ្មានផ្លូវដឹងបានឡើយថា សេចក្តីស្រឡាញ់របស់ម៉ែដែលមានចំពោះអ្នកនោះ វាធំធេងប៉ុនណា និងអ្វីដែលម៉ែផ្តល់ឱ្យរហូតមក តាំងពីអ្នកនៅក្នុងផ្ទៃម៉ែនោះ វាលើសលប់ធំធេងមហាសាលយ៉ាងគ្មានអ្វីអាចមកជំនួសបានឡើយ។ ថ្ងៃនេះ ឡារ៉ែន សូមនាំយកអាថ៍កំបាំង 10យ៉ាងដែលម៉ែ អាចមិនដែលប្រាប់អ្នកឱ្យដឹងកាលពីមុនមក  ដែល ឡារ៉ែន សូមប្រាប់ថា ពេលបានអានហើយ នឹងមានអារម្មណ៍ថា រំភើបញាប់ញ័ររហូតអាចនឹងទឹកភ្នែករលីងរលោងបានទៀតផង…។

1.​ ម៉ែយំជាប់ជានិច្ច… ព្រោះកូន
ម៉ែយំជាលើកដំបូងចំពោះកូន ពេលដែលម៉ែដឹងថា ម៉ែកំពុងពពោះរូបកូន  ម៉ែយំពេលម៉ែញ៉ាំអាហារដើម្បីកូន ម៉ែយំពេលបានរូបកូនមកនៅក្នុងរង្វង់ដៃឱបលើកដំបូង ម៉ែយំដោយក្តីសោមនស្ស ម៉ែយំព្រោះភ័យ។ ម៉ែយំ ព្រោះច្រើនយប់មកនេះ ម៉ែគេងមិនលក់ឡើយ ម៉ែយំព្រោះស្រឡាញ់កូនខ្លាំងពេក ហើយម៉ែនឹងយំពេលឃើញកូនយំ។

2. ម៉ែតែងរំលែករបស់ញ៉ាំឱ្យកូនមុនជានិច្ច
ទោះជារបស់ញ៉ាំនោះមានតែ1ដុំក៏ដោយ ពេលម៉ែឃើញកូនអង្គុយសម្លឹង ភ្នែកម៉ក់ៗដោយក្តីស្រេកឃ្លាន ម៉ែមិនអាចបដិសេធថា មិនឱ្យកូនញ៉ាំបានទេ ព្រោះពេលម៉ែឃើញកូនមានសេចក្តីសុខ ម៉ែក៏មានសេចក្តីសុខដែរ។
3. ម៉ែឈឺ
កាលនៅតូចៗ ពេលកូនចាប់ទាញសក់ម៉ែ ក្តិចសាច់ម៉ែ ពេលដែលម៉ែបំបៅដោះកូន ហើយត្រូវកូនខាំ ពេលដែលម៉ែពពោះរូបកូនយូរដល់ទៅ9ខែ និងពេលម៉ែប្រសូតកូនចេញមក ដឹងទេថា ម៉ែឈឺខ្លាំងប៉ុនណា?
4. ម៉ែភ័យ
តាំងពីពេលដែលកូនបើកភ្នែកមើលពិភពលោក ម៉ែធ្វើគ្រប់បែបយ៉ាងដើម្បីការពារកូន និងធ្វើឱ្យកូនមានអារម្មណ៍ថា មានសុវត្ថិភាពបំផុត។ ពេលដែលកូនរៀនដើរបាន 1ជំហានដំបូង បេះដូងម៉ែស្ទើរតែឈប់ដើរ ព្រោះតែភ័យ។ ម៉ែនឹងភ្ញាក់ពេញមួយយប់ ដើម្បីឱ្យដឹងថា កូននៅតែកំពុងគេងលក់យ៉ាងមានសុវត្ថិភាព។ ពេលកូនឈឺ ម៉ែគឺជាមនុស្សដំបូងគេបំផុតដែលជួយកូន ហើយពេលកូនមិនស្រួលខ្លួន ម៉ែនឹងនៅផ្ទះ ចាំមើលថែទាំជិតកូនជានិច្ច ដើម្បីឱ្យដឹងថា កូនមិនអីទេ។ ម៉ែតែងនៅចាំឃុំគ្រងការពារកូនឱ្យមានសុវត្ថិភាពបំផុតជានិច្ច។
5. ម៉ែដឹងខ្លួនថា ម៉ែមិនបានល្អឥតខ្ចោះឡើយ
គ្រប់ពេលវេលា ម៉ែចង់ធ្វើជាម្តាយដែលល្អឥតខ្ចោះសម្រាប់កូនជានិច្ច ដោយមិនធ្វើអ្វីឱ្យខុសឆ្គងឡើយ តែបើមានរឿងអ្វីមួយមិនល្អកើតឡើង ម៉ែនឹងបន្ទោសខ្លួនឯងជានិច្ច។ ម៉ែសង្ឃឹមថា នឹងត្រឡប់ពេលវេលាទៅក្រោយវិញ ដើម្បីទៅកែកុនរឿងដែលមិនល្អនោះ ឱ្យល្អឡើងវិញ តែម៉ែមិនអាចធ្វើបានឡើយ ដូច្នេះចូរប្រព្រឹត្តខ្លួនឱ្យល្អៗជាមួយម៉ែ និងឱ្យម៉ែដឹងថា ម៉ែគឺជាមនុស្សល្អឥតខ្ចោះបំផុតហើយ។
6. ម៉ែតែងសម្លឹងមើល ពេលកូនគេងលក់
ជួនកាល ម៉ែភ្ញាក់ឡើងកណ្តាលយប់ ម៉ែក៏មកអង្គុយសម្លឹងមុខកូនសម្លាញ់របស់ម៉ែពេលគេងលក់ បើកូនគេងមិនលក់ ម៉ែនឹងច្រៀងបំពេ ទោះជាម៉ែងងុយគេងប៉ុនណា ក៏សុំឱ្យអ្នកបានគេងលក់មុន ហើយពេលអ្នកគេងលក់ហើយ ក៏ម៉ែមិនទាន់ទៅណាភ្លាមដែរ ម៉ែនៅចាំមើលថែអ្នកពេលគេងលក់បន្តទៀត។
7. ម៉ែបីកូនគ្រប់ពេលវេលា
ម៉ែនឹងរៀនយល់ដឹងពីវិធីបីកូនក្នុងអំឡុងពេលធ្វើការងារផ្ទះផ្សេងៗ និងក្នុងពេលធ្វើម្ហូប។ ដោយសារតែម៉ែត្រូវបីរូបកូនគ្រប់ពេលវេលា សូម្បីតែពេលដែលកូនគេងលក់ក៏ដោយ ទើបធ្វើឱ្យដៃរបស់ម៉ែឈឺ ហើយថែមទាំងចុករួយតាមរាងកាយទៀតផង តែពេលម៉ែដឹងថា កូនបានកើតមកលើលោកនេះហើយ ម៉ែសុខចិត្តធ្វើគ្រប់យ៉ាង ទោះជាឈឺចាប់ក៏ដោយ ព្រោះម៉ែឈឺចាប់យ៉ាងមានសេចក្តីសុខ។
8. ម៉ែពិបាកចិត្តពេលអ្នកយំ
គ្មានអ្វីដែលធ្វើឱ្យម៉ែពិបាកចិត្តខ្លាំងស្មើនឹងពេលដែលកូនយំឡើយ និងគ្មានអ្វីដែលធ្វើឱ្យម៉ែឈឺចាប់បានស្មើនឹងការឃើញទឹកភ្នែកហូរចេញមកពីភ្នែករបស់កូននោះទេ។  ម៉ែនឹងព្យាយាមធ្វើគ្រប់បែបយ៉ាង ដើម្បីឱ្យកូនមានសេចក្តីសុខឡើងវិញ ហើយបើម៉ែធ្វើមិនបានសម្រេចនោះ វានឹងធ្វើឱ្យម៉ែឈឺចាប់ម្តងទៀត។
9. កូន គឺទី1 សម្រាប់ម៉ែជានិច្ច
ម៉ែមិនបានញ៉ាំបាយពេញ 1ថ្ងៃ ម៉ែមិនបានងូតទឹក ម៉ែគេងសម្រាកមិនបានគ្រប់គ្រាន់ជាប់ៗគ្នាជាច្រើនថ្ងៃ ព្រោះតែម៉ែ គិតពីកូនមុនអ្នកណាៗទាំងអស់ជានិច្ច។ ពេលកូនត្រឡប់មកពីកន្លែងធ្វើការ និងមានអារម្មណ៍ថា ចង់គេងសម្រាក ម៉ែនឹងមើលថែអ្នកមុនគេ ដើម្បីឱ្យអ្នកបានគេងលក់ស្រួល។ បើអ្នកឃ្លាន ម៉ែនឹងធ្វើម្ហូបអាហារឱ្យញ៉ាំមុនគេ ពេលអ្នកសោកសៅពិបាកចិត្ត ម៉ែនឹងនៅចាំជជែកនិយាយលួងលោមអ្នក។ ម៉ែនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឱ្យកូនមានសេចក្តីសុខ ទោះជាម៉ែមិនបានធ្វើអ្វីឱ្យខ្លួនឯងសោះក៏ដោយ ព្រោះកូនជាមនុស្សទី1 សម្រាប់ម៉ែជានិច្ច។
10. ម៉ែនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីកូនតទៅទៀត
ការធ្វើជាម្តាយគេ អាចហៅបានថា ជាការងារដែលពិបាកបំផុតនៅលើពិភពលោកនេះ ពេលកូនយំ ឬអស់សង្ឃឹម ម៉ែក៏ឈឺចាប់ តែពេលកូនមានសេចក្តីសុខ ម៉ែក៏សុខជាមួយដែរ ហើយទោះជាម៉ែមិនបានគេង មិនបានសម្រាក ឬនៅចាំមើលថែទាំអ្នកទាំងយប់ទាំងថ្ងៃក៏ដោយ ក៏ម៉ែគ្មានបញ្ហាអ្វីទាំងអស់ ព្រោះអ្វីៗគ្រប់យ៉ាង គឺដើម្បីកូន។

អានហើយស្រក់ទឹកភ្នែកអស់ប៉ុន្មានដែរ?  ប្រាប់ហើយថា គ្មាននរណាស្រឡាញ់រូបយើងស្មើនឹងម៉ែឡើយ ហើយសេចក្តីស្រឡាញ់របស់យើងដែលមានចំពោះម៉ែ ក៏នៅមិនអាចប្រៀបធៀបនឹងសេចក្តីស្រឡាញ់របស់ម៉ែដែលមានចំពោះយើងបានឡើយ។ ដូច្នេះថ្ងៃនេះចូរប្រញាប់ទៅជម្រាបម៉ែថា “ម៉ែ កូនស្រឡាញ់ម៉ែណាស់!”៕

Advertisement