“អានឱ្យស្តាប់” និង “អានខ្លួនឯង” ជារឿងសំខាន់សម្រាប់កូនតូចវ័យចូលរៀន

ឥឡូវនេះ ដល់ពេលដែលកូនសម្លាញ់ត្រូវចូលរៀន មានមិត្តភក្តិ មានកិច្ចការងាររៀនសូត្រជាច្រើនយ៉ាងដែលត្រូវធ្វើហើយ ដូច្នេះលោកឪពុកអ្នកម្តាយគួរនៅតែត្រូវអានសៀវភៅឱ្យកូនស្តាប់តទៅទៀត ឬក៏សង្កត់ធ្ងន់លើការហ្វឹកហាត់ជំនាញសរសេរ គូសវាស ឱ្យច្បាស់លាស់តែម្តង រឹតតែល្អទៅទៀត។ ចំពោះរឿងនេះ ឡារ៉ែន មានពាក្យណែនាំពីអ្នកជំនាញការមកជម្រាបជូនដូចខាងក្រោម។

នៅតែចង់ឱ្យប៉ាម៉ាក់អានរឿងនិទានឱ្យស្តាប់ដដែល
កូនតូចនៅតែចង់ស្តាប់រឿងនិទានពីប៉ាម៉ាក់ជានិច្ច ព្រោះអំឡុងពេលដែលលោកអ្នកអានរឿងនិទានឱ្យគេស្តាប់នោះ កូនតូចមានអារម្មណ៍ដឹងពីភាពកក់ក្តៅ និងមានសុវត្ថិភាព។ រឿងនិទានមុនពេលគេង គឺជាឧបករណ៍ពង្រឹងសម្ពន្ធភាពរវាងលោកអ្នក និងកូនបានយ៉ាងល្អ។ ចំណែកការអភិវឌ្ឍរឿងភាសា និងការអាននោះ ការដែលឪពុកម្តាយនៅតែអានរឿងនិទាន ឬសៀវភៅដែលគេចាប់អារម្មណ៍ឱ្យគេស្តាប់តទៅទៀត គឺពិតជាមានផលល្អដល់កូនយ៉ាងប្រាកដណាស់ ព្រោះកូនក្នុងវ័យនេះ នៅត្រូវការវាក្យស័ព្ទ និងអត្ថន័យរបស់ពាក្យឱ្យបានច្រើនឡើងទៀត ដើម្បីបង្កើនទាំងជំនាញភាសា និងការទំនាក់ទំនងរបស់គេហ្នឹងឯង។ បើលោកអ្នកមានពេល គួរស្វែងរករឿងនិទានដែលសម្បូរបែប និងមានភាពស្មុគស្មាញជាងមុនបន្តិច មានសាច់រឿងវែងជាងមុន មានវាក្យស័ព្ទច្រើនឡើង មកអានឱ្យកូនស្តាប់ តែភាសាដែលប្រើ ត្រូវតែជាភាសាដែលងាយយល់ និងជាវាក្យស័ព្ទដែលមិនពិបាកជ្រុលពេក នៅពេលនោះ បើលោកអ្នកសង្កេតមើល នឹងបានឃើញថា កូនមានសមាធិក្នុងការស្តាប់កាន់តែយូរឡើង សប្បាយជាមួយសាច់រឿងកាន់តែច្រើនឡើង និងចាប់អារម្មណ៍សួរពីអត្ថន័យរបស់ពាក្យថ្មីៗដែលគេបានឮម្តងៗនោះទៀតផង។

សុំអានខ្លួនឯងម្តង
ក្នុងវ័យនេះ ដល់ពេលដែលត្រូវជំរុញឱ្យកូនហាត់អានដោយខ្លួនឯងខ្លះៗជាមួយគ្នាហើយ លោកឪពុកអ្នកម្តាយគួរជ្រើសរើសសៀវភៅណាដែលមានតួអក្សរតិច និងធំៗ និងចំនួនទំព័រមិនច្រើនជ្រុលពេក ដូចជាបទចម្រៀងច្រៀងលេង រឿងនិទានជាពាក្យចុងជួនគ្នា មកបបួលកូនផ្លាស់គ្នាអាន “ម៉ាក់អានមុន កូនចាំអានតាមណា៎” និងក្នុងខណៈពេលដែលកូនអាន អ្នកអាចចង្អុលពាក្យនៅក្នុងសៀវភៅនោះផងក៏បានដែរ។ ក្រៅពីនេះ ចូរសង្កេតមើលឱ្យច្បាស់ អ្នកនឹងឃើញថា កូនតូចព្យាយាមអានដដែលៗ ដោយអាស្រ័យការចងចាំ ហើយបើសិនជាអ្នកអានសៀវភៅណាដែលធ្លាប់បានអានឱ្យគេស្តាប់កាលពីមុនហើយនោះ អ្នកនឹងបានជួបហេតុការណ៍បែបនេះ ដូចជា បើអ្នកអានសៀវភៅដែលគេចូលចិត្តនោះខុសឃ្លា នឹងបានឮសំឡេងគេតវ៉ាថា “មិនមែនទេ មិនមែនទេ…ត្រូវតែ…” មិនខាន។ នេះ គឺដោយសារតែការរៀនយល់ដឹង និងចងចាំពាក្យពីសៀវភៅរឿងនិទាននោះឯង។

សៀវភៅដែលត្រូវចិត្តកុមារវ័យរៀនមត្តេយ្យ
– រឿងនិទានដែលមានពាក្យចុងជួនគ្នាៈ មានសាច់រឿងងាយយល់ ជាពិសេសរឿងរ៉ាវដែលពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃ ដូចជា ងូតទឹក ញ៉ាំបាយ តែងខ្លួន រឿងរ៉ាវនៅសាលារៀន ឬពាក់ព័ន្ធនឹងសត្វចិញ្ចឹម ជាដើម។
– សៀវភៅដែលលេងបានៈ ក្នុងអំឡុងអាយុ 3ឆ្នាំ ក្មេងមួយចំនួននៅតែចូលចិត្តសៀវភៅដែលចាប់ ឬច្របាច់លេងបាន រួមទាំងសៀវភៅដែលមានរូបគំនូរប្រភេទ ប៉ប់អាប់ (សៀវភៅដែលមានរូបគំនូរឈរឡើង ឬពេលបើកឡើង រូបភាពងើបឡើងមកដែរ)ផងដែរ។
– មានគម្របដែលទាក់ទាញគួរឱ្យចង់អានៈ កូនតូចនៅតែចាប់អារម្មណ៍លើគម្របសៀវភៅណាដែលទាក់ទាញ មិនថាតែពណ៌ស្អាតៗ ឬរូបភាពល្អៗក៏ដោយ។ ចំណែកខាងក្នុងវិញមានរូបភាពច្បាស់ៗ មានទំហំធំ មិនរញេរញ៉ៃជ្រុលពេក។ចំណែកការអភិវឌ្ឍខាងផ្នែកភាសា និងការអានវិញនោះ ការដែលលោកឪពុកអ្នកម្តាយនៅតែអានរឿងនិទាន ឬសៀវភៅដែលកូនចូលចិត្តឱ្យគេស្តាប់តទៅទៀតនោះ គឺពិតជាមានផលល្អដល់កូនមិនខាន ព្រោះកូនក្នុងវ័យនេះ នៅត្រូវការស្គាល់វាក្យស័ព្ទ និងអត្ថន័យរបស់ពាក្យឱ្យបានច្រើនឡើង ដើម្បីបង្កើនជំនាញខាងភាសា និងការឆ្លើយឆ្លងរបស់ខ្លួនគេហ្នឹងឯង៕