បងប្អូនដឹងអត់ទេវតាឆ្នាំហ្នឹងសោយអី និងរណ្តាប់ទទួលទេវតាឆ្នាំថ្មីទៅតាមទំនៀមទម្លាប់ប្រពៃណីមានអ្វីខ្លះ?

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ បានណែនាំឱ្យប្រជាពលរដ្ឋរៀបចំរណ្តាប់ទទួលទេវតា​ឆ្នាំថ្មីទៅតាមទំនៀមទម្លាប់ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីជំរុញការថែរក្សាប្រពៃណីវប្បធម៌ជាតិ។
ឯកឧត្តម ញៀន ភឿន រដ្ឋលេខាធិការនៃក្រសួងធម្មការ និងសាសនា និងជាសមាជិកនៃគណៈកម្មាធិកាជាតិ រៀបចំបុណ្យជាតិ និងអន្តរជាតិបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា មហាសង្ក្រាន្តឆ្នាំជូត ទោស័ក ព្រះពុទ្ធសករាជ២៥៦៤ នឹងចូលមកដល់នៅវេលាម៉ោង 20:48នាទីយប់ ថ្ងៃចន្ទ 6រោច ខែចេត្រ ត្រូវនឹងថ្ងៃទី13 ខែមេសា គ្រិស្តសករាជ2020។
ឯកឧត្តមបានបញ្ជាក់ថា ដោយពិធីបុណ្យចូលឆ្នាំថ្មីត្រូវនឹងថ្ងៃចន្ទ គឺត្រូវវេនរបស់ទេពធីតាមួយព្រះអង្គ ជាមគ្គនាយិកាព្រះនាម គោរាគទេវី ជាបុត្រីទី2 នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនូវព្រះកាណ៌ដោយសៀតផ្កាអង្គាបុស្ប អាភរណៈទ្រង់ពាក់កែវមុក្តា ភក្សាហារទ្រង់សោយតេលំ ( ប្រេងដូង ប្រេងល្ង ប្រេងឈូករាត់ -ល- ) ទ្រង់អាវុធព្រះហស្តស្តាំ ទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់យដ្ឋិ(ដំបង) គង់ផ្ទំបើកព្រះនេត្រលើខ្នងព្យគ្ឃ(ខ្លាធំ) ជាពាហនៈ។ ឯកឧត្តមបានបញ្ជាក់ថា គ្រឿងរណ្តាប់ ទទួលទេវតាឆ្នាំថ្មីនេះមានដូចជា បាយសី 1គូ, ស្លាធម៌ 1គូ, ធូប 5សរសៃ, ទៀន 5ដើម, ទឹកអប់ 1គូ, ផ្កាភ្ញី, លាជ, ទឹក 1ផ្តិល និងភេសជ្ជៈ, នំនែក, ផ្លែឈើគ្រប់មុខ។
ឯកឧត្តមបន្តថា ក្នុងឱកាសឆ្នាំនេះប្រជាពលរដ្ឋទូទៅ អាចនាំគ្នារៀបចំបាយ ម្ហូប សម្លៀកបំពាក់ និងថវិកាផ្ទាល់ខ្លួនជូនឪពុកម្តាយ និងសាច់ញាតិបងប្អូន ឬរៀបចំចង្ហាន់ផ្សេងៗប្រគេនព្រះសង្ឃ ដោយពុំចាំបាច់មានមនុស្សចូលរួមអ៊ូអរច្រើនឡើយ ក្នុងន័យកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-19 និងរំឭកនឹកគុណដល់អ្នកដែលមានគុណ និងគ្រូបាធ្យាយជាដើម។
ចូលដល់ឆ្នាំថ្មី យើងត្រូវជម្រះនូវឧបទ្រពចង្រៃគ្រប់បែបយ៉ាង ដូចជាមានចិត្តជាអកុសលសព្វគ្រប់បែបយ៉ាង​​ដែលមានកន្លងមកយើងត្រូវជម្រះចេញ។ ឆ្នាំថ្មីយើងត្រូវធ្វើឱ្យបានល្អ លក្ខណៈល្អប្រពៃនៃព្រះពុទ្ធសាសនារបស់យើងសំខាន់ជាងគេ ដែលក្នុងនោះទី1ទក្ខិណានុប្បទាន ឧទ្ទិសកុសលដល់បុព្វការីជន មានមាតាបិតាជីដូនជីតាទាំង 7សន្តានដែលលោករំលាយក្ខន្ធទៅកាន់លោកខាងមុខហើយ ហើយកូនចៅត្រូវមានការដឹងគុណចំពោះបុព្វការីជនមាតាបិតាគ្រូឧប្ឈាយាចារ្យជាដើមនេះ។

 

Advertisement