វិធីសាស្ត្រ​ស្លៀកពាក់ ឱ្យ​មើលទៅ​នៅតែ​ស្រស់ស្អាត ទោះជា​ថ្ងៃ​ណា​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក៏ដោយ

ដោយសារតែ​ធាតុអាកាស​នាពេល​បច្ចុប្បន្ន មិនសូវ​ជា​ទៀងទាត់ ជួន​បើក​ថ្ងៃ​ក្ដៅ​ខ្លាំង និង​ជួន​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​យូរ​ផង​នោះ នារីៗយើង​ជាច្រើន ប្រហែលជា​គេច​មិន​ផុតពី​ការចេញ​ទៅខាង​ក្រៅ​ផ្ទះ ហើយ​ប៉ះ​នឹង​ដំណក់ទឹកភ្លៀង​នោះឡើយ ហើយ​ទឹកភ្លៀង នឹង​ធ្វើឱ្យ​សម្លៀកបំពាក់ស្អាតៗរបស់​យើង សើម​ទទឹក និង​មើលទៅ​លែង​ស្រស់ស្អាត ដូច្នេះ ពេលនេះ​យើង​មាន​វិធីសាស្ត្រល្អៗ ក្នុងការ​តែងខ្លួន​សម្រាប់​ថ្ងៃ​ណា​ដែលមាន​ភ្លៀង​ធ្លាក់ ឬ​នៅ​រដូវភ្លៀង ។

វិធី​តុបតែង​ខ្លួន​ឱ្យ​ស៊ីគ្នា​នឹង​រដូវភ្លៀង៖

1. ដាក់​តាម​ខ្លួន​នូវ​ឆត្រ ដែលមាន​ពណ៌ស្អាតៗ ស្រស់ៗ ដែល​ស៊ីគ្នា​នឹង​ពណ៌​សម្លៀកបំពាក់។

2. ពាក់​អាវធំ ដៃ​វែង ឬ​អាវ​ជេ​ក​ឃែតស្អាតៗ ពីលើ​សម្លៀកបំពាក់​ធម្ម​តា ដើម្បី​ការពារ​លម្អង​ទឹកភ្លៀង។

3. មិនគួរ​ស្លៀកខោ​ជើងវែង​ទេ ព្រោះ​អាចធ្វើឱ្យ​ជើងខោ​សើម​បាន​ដោយ​ងាយ ពេល​ដើរកាត់​ទឹកភ្លៀង និង​ហាម​ស្លៀកខោ​ខូវប៊យ ព្រោះ​ពេល​សើម​ហើយ មិន​ងាយ​ស្ងួត និង​ធំក្លិន​ផ្អូម​ទៀតផង។

4. ស្លៀក​សម្លៀកបំពាក់​ណា​ដែលមាន​ពណ៌ស្រស់ៗ ដើម្បី​កុំឱ្យ​វា​អាប់អួរ ទៅតាម​ធាតុអាកាស។ គួរ​ស្លៀក​សម្លៀកបំពាក់​ណា​ដែល​ធ្វើ​ពី​ក្រណាត់​កប្បាស ព្រោះ​ក្រណាត់​កប្បាស ជា​ប្រភេទ​ក្រណាត់ ដែល​ស្ទាក់​សំណើម និង​មាន​កម្ដៅ។

5. ពាក់​ស្បែកជើង ដែល​ធ្វើ​អំពី​ជ​រ័ទន់ៗ ពណ៌ស្អាតៗគួរឱ្យ​ស្រឡាញ់ ព្រោះ​ស្បែកជើង​ជ​រ័ ងាយស្រួល​លាង​សម្អាត និង​មិន​ធ្វើ​ឱ្យជើង​របស់​យើង​ធំក្លិន ឬក៏​ពាក់​ស្បែកជើង​ប៊ូ​តក​វែង​ក៏បាន។

6. គួរប្រើ​កាបូបស្ពាយ ដែល​ធ្វើ​អំពី​ស្បែក ដើម្បី​កុំឱ្យ​ទទឹក​ពេល​ត្រូវ​ទឹកភ្លៀង។

7. អ្នកណា ដែល​មិន​ចង់​តុបតែង​ខ្លួន​ដូច​ស្ទីល​ខាងលើ អា​ចរក​សម្លៀកបំពាក់​ឈុត​ការពារ​ទឹកភ្លៀង​ណា​ដែលស្អាតៗ ស្រួល​ពាក់ និង​ស្រួល​ដោះចេញ ដោយ​មិនចាំបាច់​កាន់ឆត្រ និង​អាច​ស្លៀកពាក់​ខោអាវ​ដែល​យើង​ស្រឡាញ់​ពី​ខាងក្នុង​បាន​ទៀតផង៕

Advertisement