សម្រាប់ស្រីៗយើង ការ​ងូតទឹក​ត្រូវ​តាម​វិធី ធានាថា សាច់​ស្អាត ស្បែក​ភ្លឺរលោង

មាន​សៀវភៅ​តម្រា​មួយ បាន​ណែនាំ​ឱ្យ​ងូតទឹក​ត្រជាក់ ដែល​វា​ជាការ​ធ្វើឱ្យ​មនុស្ស​យើង ស្ថិតក្នុង​វ័យ​កំលោះ​ក្រមុំ​បានយូរ ព្រោះ​នៅពេល​ស្បែក និង​សាច់ ប៉ះ​នឹង​ភាព​ត្រជាក់​របស់​ទឹក ឈាម​នឹង​នាំគ្នា​បាញ់​ស្ទុះ មករក​ស្រទាប់​ស្បែក ដើម្បី​ធ្វើឱ្យ​រាងកាយ​បាន​កក់ក្តៅ​ឡើង និង​អាច​និយាយបានថា ជាការ​បណ្តេញ​វត្ថុ​មិនល្អ ចេញពី​រាងកាយ​ទៀតផង។

តែ​អ្នកខ្លះ​ចូលចិត្ត​ងូតទឹក​ក្តៅឧណ្ហៗ ដើម្បី​កុំឱ្យ​រងា។ បើ​ក្នុងករណីនេះ សីតុណ្ហភាព​របស់​ទឹក​ក្តៅ​នោះ មិនគួរ​ក្ដៅ​ខ្លាំង​ជាង​សីតុណ្ហភាព​របស់​រាងកាយ លើសពី 2អង្សា​ហ្វា​រេ​ន​ហាយ​ទេ មិន​ដូច្នោះ​ទេ អាច​នឹង​ធ្វើឱ្យ​ស្បែក​ស្ងួត កើត​អាការ​រមាស់។

ការ​ងូតទឹក មិនថាតែ​ទឹក​ក្តៅ ឬ​ទឹក​ត្រជាក់​ឡើយ ទាំងអស់គ្នា​គួរ​ងូត មុន​ទទួលទាន​អាហារ រយៈពេល ១ម៉ោង ឬ​ក្រោយ​ពេលបាយ​រួច យ៉ាងតិច​បំផុត 2-3ម៉ោង។ ការ​ត្រាំ​ខ្លួន​នៅក្នុង​ទឹក​ក្តៅ មុនពេល​ចូល​គេង នឹង​ជួយ​ឱ្យ​គេង​លក់បាន​ស្រួល។ តាមរយៈ​ការសាកល្បង​នៅលើ​ស្ត្រី​ចំនួន 9នាក់ ដែលមាន​បញ្ហា​រឿង​គេង​មិន​លក់ បាន​សាកល្បង​ឱ្យម្នាក់ៗ ងូតទឹក​ក្តៅ ប្រមាណ​ជា 1ម៉ោង​កន្លៈ មុនពេល​ចូល​គេង ជាប់ៗគ្នា​រយៈពេល 2យប់​ក្នុង 1សប្តាហ៍។ តម​ក ក៏​សាកល្បង​ឱ្យ​ស្ត្រី​ក្រុម​ដដែល​នេះ សាកល្បង​ងូតទឹក​មិនសូវ​ក្តៅ​ដូច​មុន វិញ​ម្តង ដើម្បី​ពិនិត្យមើល​លទ្ធផល​ប្រៀបធៀប និង​បាន​សង្កេតឃើញថា ពេល​ងូតទឹក​ក្តៅ ក្រុម​ស្ត្រី​ទាំងនោះ​គេង​លក់បាន​ស្រួល និង​ស្កប់​ជាង​ពេល​ងូតទឹក​មិនសូវ​ក្តៅ។

ចំពោះ​សុខភាព​រូប​សម្ផស្ស​វិញ ការ​ងូតទឹក​ក្តៅ ការ​ដុស​សាប៊ូខ្លាំងៗ នឹងធ្វើ​ឱ្យ​ស្បែក​រាងកាយ​ឡើង​ស្ងួត ព្រោះ​ជាតិ​ប្រេង​ដែលមាន​នៅលើ​ស្បែក​តាម​ធម្មជាតិ​នោះ ត្រូវបាន​កម្ចាត់​ចេញ​អស់ ដូច្នេះ​បើ​ស្បែក​របស់​អ្នក​ឡើង​ស្ងួត​នោះ ចូរ​លាយ​ប្រេង​ម្កាក់​ប្រភេទ​ថ្លា 1ស្លាបព្រា​បាយ នៅក្នុង​ទឹក​សម្រាប់​ងូត​នោះ ឬក៏​លាប​លើ​ស្បែក​ឱ្យ​សព្វ​ខ្លួន ដោយ​ប្រេង​ម្កាក់ស្តើងៗ មុនពេល​ងូតទឹក​ក្តៅ​ក៏បាន…នៅពេល​ងូតទឹក​ហើយ ស្បែក​របស់​អ្នកនឹង​ស្រស់ថ្លា មាន​សំណើម និង​ថែមទាំង​ភ្លឺរលោង​ទៀតផង៕

Advertisement