គន្លឹះតូចៗ 5យ៉ាង ក្នុងការ​ហូបចុក ដែល​ជួយ​ឱ្យ​អ្នកមាន​រូបរាង​ស្គម ស្វែ​ល ស្អាត

ការកែសម្រួល​ទង្វើ​រឿង​អាហារ​ការហូបចុក​មួយ​ចំនួន មើលទៅ​ហាក់ដូចជា​រឿង​តូចតាច​កំប៉ិកកំប៉ុក​ទេ តែ​វា​ហុច​លទ្ធផល​ឱ្យ​យើង​ក្នុង​រឿង សម្រក​ទម្ងន់ និង​ធ្វើឱ្យ​រូបរាង​ស្អាត​បាន យ៉ាង​ធំធេង។

1. ពិនិត្យមើល​និស្ស័យ​ការហូបចុក​របស់ខ្លួន​ឯង :  ដូចជា មាន​ចូលចិត្ត​ញ៉ាំ​អាហារ​នៅពេល​យប់ ឬ​ចូលចិត្ត​ញ៉ាំ​អាហារ​ក្នុង​ពេលធ្វើ​ម្ហូប ឬក៏​អត់? ឬក៏​ចូលចិត្ត​ញ៉ាំ​អាហារ ទាល់តែអស់ៗពី​ចាន​ដែរឬទេ?។ ពេល​ពិនិត្យមើល រហូត​ដឹង​ពី​ចំណុចខ្សោយ​របស់ខ្លួន​ឯង​ហើយ អ្នក​ពិតជា​អាច​កាត់បន្ថយ ឬ​តម​អាហារ​ណា ដែលមាន​កាឡូរី​ខ្ពស់ បាន​យ៉ាង​ងាយស្រួល​មិន​ខាន។

2. ទៅ​ដើរ​ទិញ​ម្ហូបអាហារ នៅពេល​ពោះ​ឆ្អែត :  ទាំងអស់គ្នា​ប្រហែលជា​យល់ស្រប​ដូចគ្នា​មិន​ខាន​ថា បើ​ចេញ​ទៅរក​ទិញ​អីវ៉ាន់​ញ៉ាំ ពេល​ពោះ​ទទេរ មិនទាន់បាន​ញ៉ាំ​អី​នោះ ច្រើនតែ​ធ្វើឱ្យ​យើង​ទិញ​ចំណីអាហារ​មក​ច្រើន​តាម​មាត់​ឃ្លាន តាមចិត្ត​ចង់  តែ​ផ្ទុយទៅវិញ បើ​យើង​ទៅ​ដើរ​ទិញ​ឥ​វ៉ាន់ ពេល​ពោះ​ឆ្អែត​នោះ យើង​នឹង​មានការ​រិះគិត​ច្រើនជាង​មុន ក្នុងការ​ចាប់យក​អីវ៉ាន់​មក​ដាក់​ក្នុង​កន្ត្រក។

3. អង្គុយ​ញ៉ាំ និង​ញ៉ាំ​អាហារ​នៅក្នុង​ចាន :  មានការ​សិក្សា​ស្រាវជ្រាវ​មួយ បាន​រកឃើញថា ការ​ញ៉ាំ​អាហារ​កញ្ចប់ និង​ឈរ​ញ៉ាំ​ផង​នោះ  នឹងធ្វើ​ឱ្យ​យើង​ញ៉ាំ​អាហារ​បាន​ច្រើនជាង​ការ​អង្គុយ​ញ៉ាំ​អាហារ​នៅក្នុង​ចាន លើ​តុ​បាយ  ព្រោះ​ការ​ឈរ​ញ៉ាំ​អាហារ​នៅក្នុង​កញ្ចប់ ឬ​ក្នុង​ប្រអប់​នេះ នឹងធ្វើ​ឱ្យ​យើង​ញ៉ាំ​យ៉ាង​ភ្លេចខ្លួន(ចូរ​ប្រយ័ត្ន​ចំណុច​នេះ)។

4. ដួស​អាហារ​ដាក់​ចាន​ផ្ទាល់ខ្លួន :   បើ​អ្នក​កំពុង​គ្រប់គ្រង​ទម្ងន់​ខ្លួន(សម្រក​ទម្ងន់)នោះ ចូរ​សាកល្បង​ដួស​អាហារ​ដែល​បម្រុង​នឹង​ញ៉ាំ ក្នុង​បរិមាណ ដែល​គិតថា​ឆ្អែត​ល្មម មក​ដាក់​ក្នុង​ចាន​របស់ខ្លួន(ដែលមាន​ទំហំ​តូច​ជាង​ចាន​របស់​អ្នក​ឯទៀត) និង​មិន​ដួស​ម្ហូបអាហារផ្សេងៗទៀត មក​ដាក់​ញ៉ាំ​រួមជាមួយ​គេ​ឡើយ។  ព្រោះ​ម្ហូបអាហារ​ដែល​ឃើញ​នៅ​នឹង​មុខ​នេះ នឹងធ្វើ​ឱ្យ​យើង នឹក​ចង់តែ​ដួស​ញ៉ាំ​ជានិច្ច។

5. រៀប​ផែនការ សម្រាប់​អាហារ​ញ៉ាំ​លេង :  ការ​ញ៉ាំ​ចំណីអាហារ ដែល​បែង​ចេញ​ជា​ពេលតូចៗនោះ ល្អ​ក្នុងការ​ដុតបំផ្លាញ​រប​ស់រាង​កាយ  ដូច្នេះ​យើង​គួររៀបចំ​ចំណីអាហារ ញ៉ាំ​ពេលទំនេរ ដែលមាន​កាឡូរី​ទាប និង​ល្អ​ចំពោះ​រាងកាយ​ទុក​រួចជាស្រេច ដើម្បី​កុំឱ្យ​ទៅ​ស្រវា​យក​ចំណី​ណា ដែលមាន​កាឡូរី​ខ្ពស់ មក​ញ៉ាំ​នៅពេល​ឃ្លាន។

យើង​មក​នាំគ្នា​ផ្លាស់ប្តូរ និង​កែសម្រួល​រឿង​តូចតាច​ខាងលើនេះ ដើម្បី​លទ្ធផល​ដ៏​គួរ​ជាទី​ពេញចិត្ត​សម្រាប់​រូបរាង​យើងទាំងអស់គ្នា៕

Advertisement