មុខ​ស្អាត តែ ក្លៀក​ស្អុយ ប្រុសៗថយ​ក្រាក!

តើ​អ្នកនាង​កញ្ញា​ទាំងឡាយ ដឹង​ទេ​ថា ក្រៅ​ពីមុខស្អាតៗរបស់​យើង ដែលមាន​សម្រាប់ ឱ្យបុរសៗឈ្លក់​វង្វេង​ហើយ​នោះ ក្លិន​ខ្លួន​ក៏​ជា​រឿង​មួយ ដែល​សំខាន់​មិន​ចាញ់​គ្នា​ប៉ុន្មាន​ឡើយ​ដែរ  ព្រោះបុរសៗសម័យនេះ គេ​ប៉ិន​ចាំ​ចាប់កំហុសនារីៗដូច​ពួកយើង​ខ្លាំងណាស់  តែ​វា​ក៏​ជា​រឿង​មួយ​ត្រឹមត្រូវ​ដែរ ដែលថា ពួកកំលោះៗ ប្រហែលជា​មិន​ចង់បាន​សង្សារ ដែលមាន​ក្លិន​ខ្លួន មិនគួរ​ឱ្យ​បេតី​នោះទេ។

បញ្ហា​នៃ​ការកើតមាន​ក្លិន​ខ្លួន ឬ​ក្លឹ​ន​ក្លៀក​នេះ វា​បណ្តាលមកពី​ច្រើន​មូលហេតុ  តែ​រឿង​ដែល​នៅ​កៀក​បង្កើយ​នឹង​ខ្លួន​យើង​បំផុត​នោះ គឺ​ប្រហែលជា​រឿង “ញើស” ហើយ​មើលទៅ  ព្រោះថា ញើស​នេះ​វា​មាន​អាហារ​ដែល​មេរោគ​បាក់តេរី​ត្រូវការ។  ពេល​ញើស​ចេញមក​ភ្លាម បណ្តា​មេរោគ​បាក់តេរី​ទាំងឡាយ ក៏​មក​រោម​ស៊ី​ញើស​ភ្លែត  រួច​ថែមទាំង​រំលាយ ចេញ​មកជា​ក្លិន​ឃ្មឹសៗ សាយភាយ​ឡើង ធ្វើឱ្យនារីៗយើង ខ្មាស់​គេ​ទៀតផង។  ធ្ងន់ធ្ងរ​ជាង​នោះ​ទៅទៀត​គឺ បើ​ញើស​ចេញមក​ច្រើន វា​ថែមទាំង​បាន​បន្សល់ទុក​នូវ​ស្នាម​ប្រឡាក់សើមៗ នៅលើ​អាវ​ទៀតផង ។

អូខេ! ដឹង​តែត្រឹម​ប៉ុណ្ណឹង វា​សែន​រន្ធត់​ញាប់​ញ័រ ណាស់​ទៅហើយ…តែ នារីៗទាំងឡាយ កុំអាល​ភ័យ​អី យើង​មាន​វិធី​រម្ងាប់​ញើស និង​ក្លិន​ឱ្យ​បាត់​ឈឹង មក​ជម្រាបជូន​ដូចតទៅ ៖

-ជ្រើសរើស​ស្លៀកពាក់​ខោអាវ​ណា ដែល​ទូលាយ ស្រឡះ ស្តើង និង​មិន​រឹប​ខ្លួន ណែន​ជ្រុល​ពេក ដើម្បីឱ្យ​ខ្យល់​ចេញចូល​បាន​ងាយស្រួល។

-ងូតទឹក 1ថ្ងៃ​យ៉ាងតិច 2ដង និង​សង្កត់ធ្ងន់​លើ​ការ​ដុស​សាប៊ូ​នៅត្រង់​ប្រឡោះ​ក្លៀក ឱ្យបាន​ស្អាត។

-កោរ​រោមក្លៀក​ជាប្រចាំ  មិនគួរ​បណ្តោយឱ្យ​ដុះ​ស្រមេមស្រមាម​ឡើយ ព្រោះ​វា គឺជា​ដើមហេតុ​នៃ​ភាព​សើម​អាប់ និង​ថែមទាំង​ជា​កន្លែង​បណ្តុះ​មេរោគ​បាក់តេរី ទៀតផង។

-កាត់បន្ថយ ឬត​មកា​រញ៉ាំ​អាហារ​ណា ដែលមាន​ក្លិនឈួល​ខ្លាំង ដូចជា ខ្ទឹមបារាំង ខ្ទឹមក្រហម ខ្ទឹមស-ល- ព្រោះ​អាហារ​ទាំងនេះ គឺជា​អ្នកជំរុញ ឱ្យ​ក្លិន​ខ្លួន​របស់​អ្នក​កើតឡើង។

-កាត់បន្ថយ​ការ​ញ៉ាំ​ភេសជ្ជៈ​ដែលមាន​ជាតិ កាហ្វេ​អ៊ី​ន ដូចជា ទឹកតែ កាហ្វេ ទឹក​ភេសជ្ជៈ​កំប៉ុង និង​ស្រា​ផងដែរ។

-ឈប់​ជក់បារី ក្លិន​ក៏​ឈប់​តាម​មក​ដែរ។

-ចុងក្រោយ  ចូរ​កុំ​ភ្លេច​ប្រើ Roll on (ប្រដាប់​លាប​បំបាត់​ក្លិន​ក្លៀក) ដែល​អាចជួយ​ការពារ​ញើស និង​ក្លិន​ខ្លួន​បាន​យ៉ាង​ល្អ។

ចូរ​មើលថែ​ក្លិន​ខ្លួន​របស់​យើង ឱ្យបាន​ក្រអូប និង​ស្រស់ថ្លា​ជានិច្ច ដើម្បី​កុំឱ្យកំលោះៗ គេ​នាំគ្នា​បែរខ្នង​ដាក់ និង​យកទៅ​និយាយដើម​បាន៕

Advertisement