វិធីងាយៗ 5យ៉ាង ធ្វើឱ្យ​សក់​ភ្លឺរលោង

មិន​ថា​អ្នក​ចង់ទុក​សក់ ម៉ូដ​ណាក៏ដោយ  តែ គុណសម្បត្តិ ដ៏​មាន​ថាមពល​មួយ ដែល​នឹង​ធ្វើឱ្យ​សក់ របស់​អ្នកមាន​មន្ត​ស្នេហ៍ គួរឱ្យ​ឈ្លក់​វង្វេង ដោយ​គ្រាន់តែ​ក្រឡេកឃើញ​ភ្លាមនោះ  គឺ​ភាព​ភ្លឺរលោង​របស់​សក់។  សក់​ដែល​ភ្លឺរលោង​ចាំង ដូចជា​កញ្ចក់ គឺជា​សក់​ដែលមាន​សុខភាព​ល្អ​ពី​កំណើត និង​បានទទួល​ការថែទាំ​បំប៉ន យ៉ាង​ទៀងទាត់ និង​ជាប់​ជានិច្ច  តែ​ក៏មាន​វិធីងាយៗ ដែល​អាចធ្វើឱ្យ​អ្នកមាន​សក់​ភ្លឺរលោង​បាន​ដូច​បំណង​ដែរ។ បើ​ចង់ដឹង សូម​សាកល្បង​ធ្វើតាម​វិធី 5យ៉ាងដូច​ខាងក្រោម​នេះ ៖

1.លាង​សម្អាត​សក់​ដោយ​ទឹក​ត្រជាក់

ទោះជា​ស្រឡាញ់​ចូល​ចិត្តការ​ងូតទឹក​ក្តៅឧណ្ហៗប៉ុនណា​ក៏ដោយ  តែ​បើសិនជា​ចង់បាន​សក់​ដែល​ស្អាត​ភ្លឺរលោង​ជាង​មុន​នោះ​គឺ  បន្ទាប់ពី​កក់​ហើយ ចូរ​លាង​សម្អាត​សក់​ដោយ​ទឹក​ត្រជាក់។ ព្រោះ​ទឹក​ត្រជាក់ នឹង​ជួយ​ឱ្យ​សម្បក​ក្រៅ​របស់​សរសៃសក់​បន្តឹង​ខ្លួន ធ្វើឱ្យ​សក់ ចាំង​នឹង​ពន្លឺ​ដែល​ជះ​មក​ប៉ះ  និង​ក្រៅពី​វិធី​លាង​សម្អាត​សក់​ដោយ​ទឹក​ត្រជាក់​នេះហើយ ការ​ផ្លុំ​សក់​ដោយ​ខ្យល់​ត្រជាក់ ជា​លើកចុងក្រោយ បន្ទាប់ពី​ផ្លុំ​ស​ម្ងួ​ត​សក់​ហើយ​នោះ ក៏​ជា​ការជួយ​ធ្វើឱ្យ​សក់ កាន់តែ​ភ្លឺរលោង​ជាង​មុន បាន​មួយកម្រិត​ទៀត​ដែរ។

2.លាង​សក់​ដោយ​ទឹក​សាជូរ

ក្រៅពី​ប្រើ​ទឹកត្រជាក់ៗ លាង​សក់​ហើយ នៅ​អាច​បន្ថែម​ភាព​ភ្លឺរលោង ពីលើ​នោះ​ទៀត តាមរយ:ការប្រើ​ទឹក​សាជូរ​ផ្លែ​ប៉ោម(Apple Cider Vinegar) 1ចំណែក លាយ​ជាមួយ​ទឹក 3ចំណែក (1/3)  ហើយ​ប្រើ​ទឹក​នេះ លាប​លាង​ក្បាល មុន ឬ​ក្រោយពេល​កក់សក់​ក៏បាន។ ទឹក​សាជូរ នឹង​ជួយ​សម្រួល​កម្រិត pH របស់​សរសៃសក់ និង​ស្បែកក្បាល លាង​សារធាតុ​ដែល​នៅជាប់​សេសសល់​លើ​សរសៃសក់​ចេញ ធ្វើឱ្យ​ស្រោម​សរសៃសក់ រាប​រលោង និង​ចាំង​ពន្លឺ​បានល្អ​ជាង​មុន។

3.ការធ្វើ Glossing Treatment ឬ​ការធ្វើឱ្យ​ភ្លឺរលោង

ការធ្វើ គ្លោ​ស៊ី​ង ធ្រី​ត​មឹន​ត៍​នេះ អាចធ្វើ​នៅក្នុង​ហាង​សាឡ​ន ឬ​អ្នក​ចង់​ទិញ​ទឹក​ថ្នាំ និង​ឧបករណ៍​យកមក​ធ្វើ​ដោយ​ខ្លួនឯង​នៅផ្ទះ​ក៏បាន។ ប្រើ​ពេលវេលា​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ អ្នកនឹង​មាន​សក់​ភ្លឺ រលើបរលោង ស្អាត ទន់​មាន​ទម្ងន់ និង​ជាប់​បានយូរ​ជាង 1សប្តាហ៍​ទៀតផង។

4.ការ​លាប ហ៊ែ​រ៍ សេរ៉ូម (Hair Serum) ក្រោយពេល​កក់សក់

បន្ទាប់ពី​កក់សក់​រួចហើយ  ពេលដែល​សក់ នៅសើមៗ មិនទាន់​ស្ងួត​ល្អ​នោះ  សាកល្បង​លាប “ហ៊ែ​រ៍ សេរ៉ូម” លើ​សរសៃសក់ រួច​ទុកឱ្យ​សេរ៉ូម បាន​ជ្រាប​ចូលទៅ​ស្រោប​សរសៃសក់ ឱ្យ​សព្វ​ពេញ​ក្បាល។ បន្ទាប់ពីនោះ ក៏​ជូត​សក់​ឱ្យ​ស្ងួត​តាម​ប្រក្រតី  តែ​លើក​នេះហើយ ដែល​អ្នក​នឹងមាន​អារម្មណ៍​ដឹងថា សក់​ឡើង​ទន់​ជាង​មុន ងាយស្រួល​សិត ដោយ​គ្រាន់តែ​បង្អូស​ក្រាស​កាត់​ភ្លាម សក់​នឹង​រាបស្មើ និង​ភ្លឺរលោង ស្អាត​ភ្លាម​ឡើង​តែម្តង។

5.បាញ់​ស្ព្រៃ​យ៍ បង្កើន​ភាព​ភ្លឺរលោង

បង្កើន​ភាព​ភ្លឺរលោង ដល់​សរសៃសក់ តាមផ្លូវ​កាត់​ដ៏​ខ្លី​បំផុត ជាមួយនឹង​ការប្រើ​ស្ប្រៃ​យ៍ បង្កើន​ភាព​ភ្លឺ​រលើបរលោង។ បាញ់ បែបប្រោះៗ ពីលើ​សរសៃសក់ ឱ្យ​ទឹក​ថ្នាំ​ចូលទៅ​ស្រោប​សរសៃសក់  និង​ចាំង​ភ្លឺ​យ៉ាង​ស្រស់ស្អាត ហើយ​ស្ព្រៃ​យ៍​ខ្លះ ថែមទាំង​មាន​ក្លិនក្រអូប បង្កើន​មន្ត​ស្នេហ៍​កាន់តែខ្លាំង​ឡើង​ទៀតផង៕

Advertisement