វិធី​ធ្វើឱ្យ រោមភ្នែក​វែង ង​ឡើង​បាន ដោយ​រូបមន្ត​ធម្មជាតិ

រោមភ្នែក​ដែល​វែង-ង អាច​និយាយបានថា ជា​រឿង​មួយ​ដែលនារីៗយើង ប្រាថ្នា​ចង់បាន​គ្រប់គ្នា ព្រោះ​បើ​មាន​រោមភ្នែក​វែង ង​ស្អាត​ហើយ​នោះ ទោះជា​មិនចាំបាច់​ថែមថយ​អ្វី​ច្រើន ក៏​នៅតែ​ស្អាត​បាន​យ៉ាង​ធម្មជាតិ​ដែរ បើ​មិន​អ៊ីចឹង​ទេ មិនមែន​គេ​ខំ​ផលិត​រោមភ្នែក​សិប្បនិម្មិត មក​ដាក់លក់​សម្រាប់នារីៗយើង​នោះទេ។ តែបើកញ្ញាៗដែលមាន​រោមភ្នែកខ្លីៗ និង​ចាប់ផ្ដើម​ធុញទ្រាន់​នឹង​ការពាក់​រោមភ្នែក​សិប្បនិម្មិត​នោះ​ហើយ សូម​សាកល្បង​យក​រូបមន្ត​ពី​ធម្មជាតិ​ខាងក្រោម​នេះ ទៅប្រើ​សាកល​មើល៍ ធានាថា វា​នឹង​ជួយ​ឱ្យ​រោមភ្នែក​របស់​អ្នកនាង​នឹង​ឡើង​វែង-ង-ស្អាត ដូច​ធម្មជាតិ​មិន​ខាន។

-ក្រូចឆ្មារ និង​ប្រេង​ម្កាក់

នៅក្នុង​ប្រេង​ម្កាក់ សម្បូរ​ទៅដោយ​វីតាមីន​E និង​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី ដែល​នឹង​ជួយ​ឱ្យ​រោមភ្នែក​របស់នារីៗយើង​ឡើង​វែង-ង​ស្អាត​បាន​កាន់តែខ្លាំង​ជាង​មុន។ ចំណែក​ទឹកក្រូច​ឆ្មារ​វិញ គឺជា​ប្រភព​រួម​របស់​វីតាមីន​A និង​C ដែល​នឹង​ជួយ​ឱ្យ​សរសៃសក់ និង​រោម​វែង​ឡើង​បាន។ នៅពេល​យក​ទឹក​ប្រេង​ម្កាក់ 1ពែង​មក​លាយ​ជាមួយ​សម្បក​ផ្លែក្រូច​ឆ្មារ ទុកចោល 1យប់ បន្ទាប់ពីនោះ ព្រឹកស្អែក​ឡើង ចូរ​យក​ជក់​សម្រាប់​សិត​រោមភ្នែក មក​ជ្រលក់​ទឹក​ល្បាយ​នោះ ហើយ​យកមក​សិត​រោមភ្នែក​រៀងរាល់​ព្រឹក វា​នឹង​ជួយ​ឱ្យ​រោមភ្នែក​វែង​ឡើង និង​ង​ស្អាត​ជាង​មុន។

-ប្រេង​ល្ហុងខ្វង និង​ផ្លែ​រ៉ូ​សមែ​រី​ស្រស់

នារីៗទាំងអស់​ប្រហែលជា​ធ្លាប់​បានដឹង​ច្បាស់​ហើយ​ថា ប្រេង​ល្ហុងខ្វង ជួយ​បង្ខំ​ឱ្យ​សរសៃសក់​ឆាប់​វែង​ឡើង​បាន តែមាន​ចំណុច​មិនល្អ​មួយ គឺ​វា​ខាប់ ធ្ងន់ និង​មាន​ក្លិន​មិនសូវ​ល្អ  តែបើ​ចង់ឱ្យ​រោមភ្នែក​វែង​នោះ ក៏​ប្រហែលជា​ត្រូវ​ទ្រាំ​អត់ធ្មត់​បន្តិច​ហើយ។ ចូរ​យក​ប្រេង​ល្ហុងខ្វង មក​លាយ​ជាមួយ​ផ្លែ​រ៉ូ​សមែ​រី​ស្រស់ បន្ទាប់មក យកទៅដាក់​ចំហុយ​ក្នុង​ចង្ក្រាន​ម៉ៃ​ក្រូ​វេ​ហ្វ ក្នុង​សីតុណ្ហភាព​ទាប ទុកចោល​ប្រមាណ​ជា 10នាទី រួចហើយ

សឹម​យក​ជក់​សិត​រោមភ្នែក​ដែល​ស្អាត មក​ជ្រលក់​នៅក្នុង​ល្បាយ​នោះ ហើយ​សិត​វាសយឺតៗនៅលើ​រោមភ្នែក។ ចូរ​ធ្វើ ពេលមុន​ចូល​គេង ទើប​ជាការ

ល្អ ព្រោះ​អ្នកនាង​ប្រហែលជា មិន​ចង់​ចេញទៅ​ក្រៅ​ផ្ទះ​ទាំង​រោមភ្នែកស្អិតៗ និង​ធំក្លិន​មិនល្អ​បែប​នោះទេ មែន​អត់?។

-តែ​បៃតង

នៅក្នុង​ទឹកតែ​បៃតង សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី និង​មានគុណ​សម្បត្តិ សម្លាប់​មេរោគ​បាក់តេរី ដែលមាន​ប្រយោជន៍

លើសលប់​ចំពោះ​សរសៃសក់ និង​ដែល​សំខាន់​នោះ​គឺ វា​ថែមទាំង​ធ្វើឱ្យ​ស្រទន់​ខ្លាំង ប្រភេទ​ដែល​អាច​ហៅ​បាន​ថា យកមកប្រើ​នៅជិតៗកែវភ្នែក ក៏​មិន

បណ្តាលឱ្យ​ប៉ះពាល់​អ្វី​ដែរ។ នៅពេល​យក​ទឹកតែ​បៃតង មក​លាប​លើ​រោមភ្នែក​ហើយ វា​នឹង​ជួយ​ឱ្យ​រោមភ្នែក​មាន​សុខ​ភាពល្អ និង​វែង​ឡើង​យ៉ាង​ធម្មជាតិ។

វ៉ា​វ…ស្រស់ស្អាត​បែបងាយៗយ៉ាងនេះ ក្រៅពី​ធ្វើឱ្យ​សន្សំសំចៃ​លុយកាក់​បាន​ហើយ​នោះ រូបមន្ត​ទាំងនេះ​ថែមទាំង​ប្រាសចាក​សារធាតុ​គីមី​ទៀតផង។ បែបនេះ​ប្រហែលជា​ត្រូវចិត្តនារីៗយើង​ច្រើន​នាក់​ហើយ​មើលទៅ!៕

Advertisement