វិធី​លាប​ឡេ យ៉ាង​ត្រឹមត្រូវ​តាម​វិធី ដើម្បី​ស្បែក​ស្អាត​ម៉ដ្ឋខៃ

វិធី​លាប​ឡេ ជា​រឿងងាយៗ ដែលកញ្ញាៗគ្រប់រូប​ត្រូវតែ​ដឹង ព្រោះ​ការ​លាប​ឡេ ដែល​ត្រឹមត្រូវ​តាម​វិធី នឹង​ជួយ​ធ្វើឱ្យ​សាច់​ឡេ អាចធ្វើ​ការ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព និង​ធ្វើឱ្យ​ស្បែក​របស់​យើង​ស្អាត និង​មាន​សុខភាព​ល្អ​ទ្វេ​ឡើង​ទៀតផង។

វិធី​លាប​ឡេ​ដែល​ត្រឹមត្រូវ និង​ទទួលបាន​លទ្ធផល​ល្អ

-ការ​លាប​ឡេ​លើ​ផ្ទៃមុខ

បរិមាណ​ឡេ ដែល​ត្រូវ​លាប​នៅលើ​ផ្ទៃមុខម្តងៗនោះ ត្រូវឱ្យ​សមល្មម ប្រមាណ​ជា មួយ​ចុង​ម្រាមដៃ ចំពោះ​ការ​លាប​ឡេ 1ដង ព្រោះ​បើ​តិចជាង​ហ្នឹង​ពេក ក៏​ក្រ​ទទួលបាន​លទ្ធផល​ដែរ ឬ​បើ​ច្រើន​ជ្រុល​ពេក​នោះ ក៏​នឹង​ធ្វើឱ្យ​ផ្ទៃមុខ​ឡើង​ខ្លាញ់​បានដែរ។ ពេល​ច្របាច់​សាច់​ឡេ ដាក់​លើ​បាតដៃ​ហើយ ចូរ​ប្រើ​ចុង​ម្រាមដៃ បៀក​សាច់​ឡេ មក​ដាក់​លើ​ផ្ទៃមុខ​ទាំងអស់ 5កន្លែង គឺ​ថ្ងាស ច្រមុះ ថ្ពាល់​ទាំងសងខាង និង​ចង្កា បន្ទាប់មក ចូរ​ប្រើ​ម្រាម​នាងដៃ និង​ម្រាម​កណ្តាលរ​បស់ដៃ​ទាំង 2ខាង កៀរ​ប៉ាត​សាច់​ឡេយឺតៗ ចេញ​ជា​រង្វង់​ធំ ដោយ​ដៃ​ឆ្វេង​កៀរ​ប៉ាត​ទៅខាង​ឆ្វេង ដៃស្តាំ​កៀរ​ប៉ាត​ទៅខាង​ស្តាំ ដោយ​ចាប់ផ្តើម​ពី​ថ្ពាល់ តាម​ដោយ​បណ្តោយ​ក្តោងច្រមុះ ក្រោម​ច្រមុះ ចង្កា និង​ថ្ងាស លើកលែង​បរិវេណ​ជុំវិញ​ភ្នែក។ ក្នុងអំឡុងពេល​លាប​ឡេ ចូរ​ប្រើ​ទម្ងន់​ម្រាមដៃ​ឱ្យ​ស្រាល​បំផុត ព្រោះ​ស្បែ​កមុខនារីៗយើង ស្តើង​ណាស់ បើ​ប្រើ​ទម្ងន់ដៃ​ធ្ងន់​ពេក អាចធ្វើឱ្យ​ផ្ទៃមុខ​របស់​យើង កើតមាន​ស្នាម​ជ្រីវជ្រួញ​មុន​អាយុ​បាន។

-ការ​លាប​ឡេ បរិវេណ​បំពង់ក

ការ​លាប​ឡេ នៅលើ​បំពង់ក​នេះ ចូរ​ប្រើ​បរិមាណ​សាច់​ឡេ ឱ្យ​ស្មើគ្នា​នឹង​ការ​លាប​លើ​ផ្ទៃមុខ​ដែរ ដោយ​ចាប់ផ្តើម​ពី​ម្តុំ​គល់​ក ដោយ​ប្រើ​ចុង​ម្រាមដៃ​ទាំងអស់​លាប​ប៉ាត​សាច់​ឡេ ពីក្រោម​ឡើងទៅ​លើ។

-ការ​លាប​ឡេ បរិវេណ​ដើមទ្រូង និង​ដងខ្លួន

ច្របាច់​សាច់​ឡេ ដាក់​បាតដៃ និង​ប្រើ​ចុង​ម្រាមដៃ​លាប​អង្អែល​ជារង្វង់ៗ ឱ្យ​សព្វ​លើ​ដើមទ្រូង បន្ទាប់ពីនោះ​សឹម​លាប​ដេញ​ចុះ​ទៅរកក្បាលពោះ និង​ខ្នង។

-ការ​លាប​ឡេ លើ​បរិវេណ​ដៃ

គួរ​លាប​ឡេ នៅលើ​បរិវេណ​ដើមដៃ​ផ្នែក​ខាងក្នុង​មុនគេ រួចហើយ​សឹម​លាប​ឡើងទៅ​បរិវេណ​ដើមដៃ​ផ្នែក​ខាងក្រោយ ដោយ​ការប្រើចុង​ម្រាមដៃ​លាប​អង្អែលយឺតៗ ដើម្បីឱ្យ​សាច់​ឡេ ជ្រាបចូល​ទៅក្នុង​ស្បែក​បានល្អ។

-ការ​លាប​ឡេ លើ​ជើង

គួរ​ចាប់ផ្តើម​លាប​ឡេ ពី​បរិវេណ​ភ្លៅ​ជាមុន រួច​សឹម​លាប​ចុះ​ទៅរក​ចុងជើង ដោយ​ត្រូវ​សង្កត់ធ្ងន់ លើ​បរិវេណ​ស្មងជើង​ជាពិសេសព្រោះ​បរិវេណ​នេះ​ស្បែក​ហាក់ដូចជា​ស្ងួត​ខ្លាំង​ជាង​កន្លែង​ផ្សេងទៀត។

បានដឹង​ពី​ការណែនាំល្អៗ សម្រាប់​វិធី​ការ​លាប​ឡេ ដែល​ត្រឹមត្រូវ​ហើយ ដូច្នេះ​ចាប់ពីពេលនេះ​តទៅ ទោះជា​អ្នកណា​ចង់​ទិញ​ឡេ តម្លៃថោក ឬ​ថ្លៃ​ប៉ុនណា​មក​ប្រើ​ក៏ដោយ ក៏​មិនបាច់​ភ័យ​ថា ចំណាយលុយ​ដោយ​អត់​ប្រយោជន៍​ដែរ៕

Advertisement