បេក្ខនារីមកពីម៉ិកស៊ិក ដណ្ដើមបានតំណែង «បវរកញ្ញាឯក» នៃ​ព្រឹត្តិ​ការណ៍​ប្រលង​ «បវរកញ្ញាចក្រវាល ឆ្នាំ2020»

បវរកញ្ញាឯក Andrea Meza

ព្រឹក​ថ្ងៃទី17 ខែឧសភា (ម៉ោង​នៅ​កម្ពុជា) វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ប្រលង​ដណ្ដើម​ពានរង្វាន់​បវរ​កញ្ញា​ចក្រវាល​ឆ្នាំ2020 (Miss Universe 2020) ត្រូវបាន​ធ្វើឡើង​នៅ​តំបន់​លម្ហែកាយ Seminole Hard Rock ក្នុង​រដ្ឋ Florida នៃ​សហរដ្ឋ​អាមេរិក។

បេ​ក្ខ​នារី Andrea Meza ដែលជា​ស្រី​ស្អាត​មកពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក បាន​ក្លាយជា បវរ​កញ្ញាឯក​ក្នុងការ​ប្រលង​ដណ្ដើម​ពានរង្វាន់​បវរ​កញ្ញា​ចក្រវាល​ឆ្នាំ2020។

ខណៈ​លេខ​ពីរ ឬ​បវរ​កញ្ញាឯក​រង​ទី1 (1st runner-up) បាន​ទៅលើ​ស្រី​ស្អាត Julia Gama មកពី​ប្រទេស​ប្រេ​ស៊ី​ល, បវរកញ្ញា​ឯក​រង​ទី2 (2nd Runner up) បាន​ទៅលើ​ស្រី​ស្អាត Janick Macieta មកពី​ប្រទេស​ប៉េ​រូ, បវរកញ្ញា​ឯក​រង​ទី3 (3rd Runner up) បាន​ទៅលើ​ស្រី​ស្អាត Adline Castelino មកពី​ប្រទេស​ឥណ្ឌា និង​បវរ​កញ្ញាឯក​រង​ទី4 (4th Runner up) បាន​ទៅលើ​ស្រី​ស្អាត Kimberly Jimenez មកពី​ប្រទេស​ដូ​មី​នី​ក។

ប្រធានបទ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំនេះ មាន​ភាព​សម្បូរបែប នៅពេលដែល​បេ​ក្ខ​នារី ត្រូវ​លើកឡើង​នូវ​ការយល់ឃើញ​លក្ខណៈ​បុគ្គល ចំពោះ​បញ្ហាធំៗនៅ​ទូទាំង​សកលលោក នាបច្ចុប្បន្ន ក្នុងនោះ​មានដូចជា បញ្ហា Covid-19, បញ្ហា​ប្រែប្រួល​អាកាសធាតុ, ស្ត្រី​ក្នុងការ​ដឹកនាំ, បញ្ហា​រំលោភបំពាន​ផ្លូវភេទ និង​អំពើហិង្សា​លើ​ស្ត្រី។ល។

នៅក្នុង​ការអធិប្បាយ​អំពី​ការយល់ឃើញ​របស់ខ្លួន បេ​ក្ខ​នារី Andrea Meza ឱ្យដឹងថា ពុំមាន​វិធានការ​ណាមួយ​ដែល​ល្អឥតខ្ចោះ ដើម្បី​យកឈ្នះ​លើ Covid-19 ឡើយ ប៉ុន្តែ នាង​ជឿថា ការប្រញាប់​ចេញ​បទបញ្ជា​បិទ​ខ្ទប់ រួម​នឹង​ការរក្សា​គ​ន្លាត​សង្គម នឹង​ជួយ​កាត់បន្ថយ​តួលេខ​នៃ​ការស្លាប់​ដោយសារ​ឆ្លង​វីរុស​នេះ​បាន៕

ប្រភព៖​ CNN, Yahoo
ប្រែសម្រួល​៖ បុត្រា

Advertisement