មើម​រមៀត​ខាត់​ស្បែក ជម្រើស​ឆ្ពោះទៅរក​ស្បែក​ស្អាត​ស្រស់ថ្លា

រមៀត កំពូល​ឱសថ​បុរាណ ដែល​ជួយ​ថែបំប៉ន​រាងកាយ បាន​តាំងពី​ខាងក្នុង រហូតដល់​ខាងក្រៅ ជាពិសេស​ប្រើ​ក្នុងការ​ថែបំប៉ន​ស្បែក ដែល​មនុស្ស​បរម​បុរាណ​ភាគច្រើន នាំគ្នា​និយម​យក​មើម​រមៀត​ពណ៌​លឿង​ស្រស់ មក​លាប ដុសខាត់ និង​បំពោក​លើ​ស្បែក​ជាប្រចាំ ទាំងអស់នេះ ដោយសារតែ​មើម​រមៀត មានគុណ​ប្រយោជន៍ និង​វីតាមីន​ជាច្រើន​ប្រភេទ ដែល​ជួយ​ថែបំប៉ន​ស្បែក ឱ្យ​ស​ភ្លឺរលោង​ម៉ដ្ឋ​ថ្លា បាន​យ៉ាង​ល្អ​អស្ចារ្យ​ហ្នឹងឯង។ សម្រាប់​អ្នកណា​ដែល​ចង់បាន​ស្បែក​ស្អាត បែប​គ្មាន​សារធាតុ​គីមី​នោះ សូម​ប្រញាប់​មើលរូប​មន្ត​ស្បែក​ស្អាត​ភ្លឺរលោង ដោយសារ​មើម​រមៀត ដូចតទៅ៖

រូបមន្ត​ស្បែក​ស្អាត ដោយ​រមៀត​ខាត់​ខ្លួន៖  អ្នក​គួរ​ជ្រើសរើស​ប្រើ​ម្សៅ​រមៀត​ដែល​នៅ​ថ្មី និង​ស្អាត ដើម្បី​ការពារ​ស្បែក​ពី​មេរោគ​ផ្សិត កម្ទេច​លំអងធូលី​ដីផ្សេងៗ ដែល​អាចធ្វើឱ្យ​ស្បែក កើតការ​រមាស់​ក្រហាយ​បាន។

-ម្សៅ​រមៀត 1កូន​ពែង + ទឹកដោះគោ​ស្រស់ 3 / 4កូន​ពែង

លាយ​ម្សៅ​រមៀត​ជាមួយ​ទឹកដោះគោ​ស្រស់​ឱ្យចូល​គ្នា ហើយ​យកមក​លាប​លើ​ស្បែក ខណៈពេល​ងូតទឹក ទុកចោល​ប្រមាណ 15 – 30នាទី។ រូបមន្ត​នេះ នារីៗយើង អាច​ធ្វើបាន​រាល់ថ្ងៃ និង​ថែមទាំង​អាច​លាប​បាន​ពេញ​ទាំង​ខ្លួនប្រាណ​ទៀតផង អ្នកណា​ចង់បាន​ស្បែក-ស​ស្អាត ស្រស់បស់ ត្រូវ​សាកល្បង​រូបមន្ត​នេះ ហើយនឹង​ចូលចិត្ត​រូបមន្ត​នេះ​ជាមិនខាន។

-ម្សៅ​រមៀត 1កូន​ពែង + ទឹកឃ្មុំ 2ស្លាបព្រា​បាយ + អម្ពិល​ទំ កន្លះ​កូន​ពែង

ត្រៀម​ចំណែក​ផ្សំ​ទាំងអស់​ឱ្យ​គ្រប់ ហើយ​លាយ​ឱ្យចូល​គ្នា​សព្វ បន្ទាប់ពីនោះ ទើប​យកមក​ធ្វើ​ម៉ាស្សាថ្នមៗ លើ​ស្បែក​ដែល​នៅ​សើម ឱ្យ​សព្វ រួច​ទុកចោល 10 – 15នាទី។  ធ្វើ 1សប្តាហ៍ 2ដង វា​នឹង​ជួយ​ស្តារ​ស្បែក ដែល​ខ្មៅ​ស្រគាំ ឱ្យ-ស​ភ្លឺ​ឡើងវិញ និង​ថែម​ទាំ​ជួយ​លុបបំបាត់​ស្នាម​អុច​ខ្មៅ​ឱ្យ​បាត់អស់​ទៀតផង។

វា​ជា​ជម្រើស​មួយ ក្នុងចំណោម​ជម្រើស​នៃ​ការ​មាន​ស្បែក​ស្អាត ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មិនតិច​ឡើយ។ សរុបទៅ នរណា​ចង់បាន​ស្បែក​ស្អាត​ម៉ដ្ឋខៃ បែប​សន្សំសំចៃ​ប្រាក់ ថែមទាំង​មិនបាច់​មក​អង្គុយ​នឹក​កង្វល់​នឹង​រឿង​ផលប៉ះពាល់​ពីសារ​ធាតុគីមី​នោះ ត្រូវ​ប្រញាប់​ទៅរក​ទិញ​ម្សៅ​រមៀត មក​ដុស​ខ្លួន​សាក-ល​មើល​ម្តង​ហើយ៕

Advertisement