សេរ៉ូម(Serum)សំខាន់សម្រាប់ស្បែកមែនឬ?

បញ្ហាមួយដែលត្រូវបាននារីៗយើង តែងសួរគ្នាជាច្រើនដងច្រើនគ្រាមកនោះគឺ រឿងសេរ៉ូម(Serum)សម្រាប់ស្បែកមុខ… តើវាជាការ​ពិបាក ក្នុងការសម្រេចចិត្តមែនទេថា តើទិញតែ Moisturizer តែ ១មុខ ឬក៏ប្រើតែសេរ៉ូម បានដែរឬទេ? ឬចាំបាច់ត្រូវប្រើ​ទាំង​ ២យ៉ាងហ្នឹងតែម្តង?

ចម្លើយក៏គឺ

សេរ៉ូមច្រើនតែមានចំណែកផ្សំ របស់សារធាតុអាហារ ដែលជួយក្នុងការមើលថែទាំស្បែកបានច្រើន ហើយសេរ៉ូមនៅអាចជ្រាបចូលទៅ​ក្នុង​ស្រទាប់​ស្បែក បានជ្រៅជាង Moisturizer ទូទៅដែលច្រើនតែថែបំប៉ន ចំពោះតែស្រទាប់ស្បែកខាងលើប៉ុណ្ណោះ។ សេរ៉ូម មានច្រើនប្រភេទ តាំងពី សេរ៉ូមសម្រាប់ប្រឆាំងនឹងស្នាមជ្រីវជ្រួញ សេរ៉ូមដើម្បីស្បែកភ្លឺថ្លា ឬសូម្បីតែសេរ៉ូម ដែលជួយការពារមុន ក៏មាន​ដែរ​។

ការប្រើសេរ៉ូមនេះ ចូរប្រើបន្ទាប់ពីយើងជូតសម្អាតមុខដោយ Tonner រួច និងប្រើមុនពេលលាប Moisturizer។

Moisturizer (ម៉យស៍ជើរ៉ាយហ្ស៊ើរ៍) ច្រើនតែមានម៉ូលេគុល ធំជាងសេរ៉ូម ទើបវាជាមូលហេតុដែលថា ហេតុអីបានសេរ៉ូមជ្រាបចូលជ្រៅទៅក្នុង​ស្រទាប់​ស្បែកបានច្រើនជាងហ្នឹងឯង។ ក្នុងន័យមួយទៀត សេរ៉ូមជួយបន្ថែមសារធាតុអាហារដល់ស្បែក ខណៈដែលម៉យស៍ជើរ៉ាយហ្ស៊ើរ៍ ផ្តល់​សំណើមដល់ស្បែកបានល្អជាង។

ឥលូវសំនួរដែលសំខាន់នោះគឺ តើយើងចាំបាច់ត្រូវទិញទាំង ២យ៉ាងដែរទេ?

អ្នកជំនាញខាងថែសម្អាតផ្ទៃមុខ ប្រាប់ថា តាមពិតទៅ មិនចាំបាច់ទេ តែក៏ត្រូវមើលទៅតាមករណីនីមួយៗដែរ ដូចជា បើយើងមានបញ្ហារឿងស្បែក ដូចជាបញ្ហា​ស្នាមអុចៗខ្មៅ ឬមានស្នាមជ្រីវជ្រួញ មុនអាយុនោះ សេរ៉ូមអាចជួយយើងបានខ្លាំងជាង Moisturizer ហើយបើយើងមានស្បែកឡើងខ្លាញ់ស្រាប់​ហើយ យើងអាចប្រើតែសេរ៉ូមមួយ ក៏គ្រប់គ្រាន់ហើយសម្រាប់ការថែបំប៉នស្បែកនោះ តែបើពេលនេះយើងប្រើ Moisturizer ស្រេចហើយ យើងមានអារម្មណ៍ថា ស្បែកយើងគ្មានបញ្ហាអ្វីទេនោះ ប្រើតែប៉ុណ្ណឹងក៏គ្រប់គ្រាន់ហើយ។

ដូច្នេះ អ្វីដែលគួរគិតដល់ខ្លាំងជាងគេបំផុត ក្នុងការជ្រើសរើសទិញគ្រឿងសម្អាងថែបំប៉នស្បែករបស់យើងនោះគឺ សភាពស្បែក និងតម្រូវការរបស់យើង តែអ្វីដែលមិនអាចខ្វះបាននោះគឺ ឃ្រីមការពារកម្ដៅថ្ងៃ តែបើយើងមានអារម្មណ៍កង្វល់ពីស្បែកនោះ ការប្រើទាំង​សេរ៉ូម និង Moisturizer ក៏មិនខុសអ្វីដែរ៕

Advertisement